Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​របាំអង្គរ​សម្តែង​សិល្បៈ​ប្រារព្ធ​ខួប​៣៥​ឆ្នាំ​នៃ​កិច្ចខិតខំ​អភិរក្ស​វប្បធម៌ខ្មែរ​នៅ​ក្រៅ​ប្រទេស


រូបឯកសារ៖ អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរត៌ក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​អប្សរា នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរត៌ក​ខ្មែរ)
រូបឯកសារ៖ អ្នក​រាំ​របាំ​នៃ​សមាគម​រក្សា​មរត៌ក​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ទេស សារឿម និង​អ្នកស្រី ទេស សំអឿន កំពុង​សម្តែង​របាំ​អប្សរា នៅ​បណ្ណាល័យ​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា ឆ្នាំ២០១៧។ (រូបថត​ដោយ​សមាគម​រក្សាមរត៌ក​ខ្មែរ)

​ក្រុម​របាំ​អង្គរ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​១៩៨៦​ដោយ​ជន​ភៀសខ្លួន​ខ្មែរ​នៅ​ទី​ក្រុង ​Lowell ​រដ្ឋ​ Massachusetts​ នឹង​សម្តែង​សិល្បៈ​ជូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទីក្រុង ​ Williamtowns​នៅ​ថ្ងៃ​សៅរ៍ ​និង​នៅ​ទីក្រុង ​Lowell ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ដើម្បី​អបអរ​ខួប​៣៥​ឆ្នាំ​របស់​ខ្លួន។​

ក្រុម​សិល្បៈ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក្សា​សិល្បៈ​ប្រពៃណី​វប្បធម៌​ខ្មែរ​ដែល​ស្ទើរ​តែ​បាត់បង់​ទាំង​ស្រុង​ក្នុង​របប​ខ្មែរក្រហមដែល​បង្កើត​សិល្បៈ​បដិវត្តន៍​ជំនួស​សិល្បៈ​ប្រពៃណី​វប្បធម៌​ខ្មែរ​ដែល​ជា​កេរ​តំណែង​ខ្មែរ​ដ៏រុង​រឿង​ច្រើន​សតវត្សរ៍​មក​ហើយ​នោះ។​

លោក​ទឹម ថូ ​សហស្ថានិក​ក្រុម​របាំ​អង្គរ​បាន​ប្រាប់​វីអូអេ​ថា៖

«អ៊ីចឹង​បំណង​មុន​ដំបូង​គឺ​បង្កើតដើម្បី​រក្សា​វប្បធម៌ខ្មែរ​គោល​បំណង​គឺ​ចង់​រំលែក​ ចង់ចែក​ដល់កូន​ខ្មែរ​ដែលកើត​នៅ​ជំរំក្តី​ កើតនៅសហ​រដ្ឋ​អាមេរិក​ក្តី​ហ្នឹង​គឺថា​ ចង់​ឱ្យ​ចេះ​ឱ្យ​យល់​ពី​តម្លៃ​វប្បធម៌​របស់យើង។​អាហ្នឹង​គឺ​បំណង​ធំដែល​ផ្តើម​មុនដំបូង»។

លោក​បន្តថា​ គោល​បំណង​បន្ទាប់​គឺ​ផ្សព្វផ្សាយ​អំពី​សិល្បៈ​ប្រពៃណី​វប្បធម៌​ខ្មែរ​ដ៏រុងរឿង​ដល់​ជាតិ​សាសន៍​ដទៃ។​សិល្បៈ​រលត់​ជាតិ​រលាយ ​សិល្បៈ​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន។​

ថ្លែង​អំពី​ការសម្តែង​ជូន​ទស្សនា​ដោយ​ឥតលក់​សំបុត្រ​នេះ​លោក​និយាយ​ថា៖​

«អ៊ីចឹង​ ត្រឡប់​មកវិញ​ក្នុងការ​ធ្វើ​សិល្បៈ​នេះ​មិនមែន​ដើម្បី​លុយ​ទេ​គឺ​ថា ​ស្រឡាញ់​ ស្ម័គ្រចិត្ត​ ប្តូរផ្តាច់​ធ្វើ​ម្ត៉េច​ដើម្បី​ឱ្យ​ជាតិ​យើង​រស់»។​

លោក​ឱ្យ​ដឹង​ថា ​លោក​បាន​រៀន​សិល្បៈ​ពី​គ្រូ​របស់​លោក​នៅជំរំ​ជនភៀសខ្លួន​ទាំង​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ ​និង​នៅ​ជំរំ​ជន​ភៀសខ្លួន​នៅ​ប្រទេស​ហ្វីលីពីន។​

លោក​ឱ្យ​ដឹង​ទៀត​ថា​ លោក​នឹង​មិត្តភក្តិ​ដែល​បាន​រៀន​សិល្បៈ​នៅ​ជំរំ​ជាមួយ​គ្នា​ ការ​បង្កើត​ក្រុម​សិល្បៈ​នេះ​ឡើង ដែល​នៅ​គ្រា​ដំបូង​មាន​ការលំបាក​រក​សម្ភារៈ​សិល្បៈ​ ​អ្នក​មាន​ចំណេះ​ដឹង​ខាង​សិល្បៈ​រហូត​ដល់​រក​ថវិកា​ជំនួយ។​

ក្រុម​សិល្បៈ​របាំ​អង្គរ​ធ្លាប់​បាន​សម្តែង​ក្នុង​កម្មវិធី​ល្បីៗ​មួយ​ចំនួន​ដូច​ជា​ការ​សម្តែង​នៅ​សេតវិមាន​ ការ​សម្តែង​ក្នុង​កម្មវិធី​Boston's First Night​នៅ​រដ្ឋ​ Massachusetts​ កម្មវិធី​All-America City ​នៅ​ទីក្រុង​ Philadelphia​រដ្ឋ​ Pennsylvania ជាដើម។​

លោក​ទឹម ថូ​មាន​មោទនភាព​ចំពោះ​ការ​រីកចម្រើន​របស់​ក្រុម​របាំ​អង្គរ​កន្លង​មក ហើយ​លោក​រីករាយ​ដែល​លោក​មាន​អ្នក​បន្តវេន​ដែល​មាន​សមត្ថភាព​ខ្ពស់​ធ្វើ​ជានាយក​ប្រតិបត្តិ​របស់​ក្រុម​របាំ​អង្គរ៕​

XS
SM
MD
LG