Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​ចូលរួម​ដោយ​សមាជិក​៩​ប្រទេស​​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់​ សុខុន ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើកទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់​ សុខុន ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់​ពី​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើកទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។

រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ចំនួន ៩ ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន បាន​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​ធ្វើការ​ព្រមាន​របប​យោធា​មីយ៉ាន់ម៉ា ព្រមទាំង​រៀបចំ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ដែល​ខ្ទេច​ខ្ទាំ​ដោយសារវិបត្តិ​កូវីដ១៩​ផង​ដែរ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ដែល​ជា​អ្នក​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​នេះ បាន​និយាយ​ដោយ​ស្មោះត្រង់អំពី​ការ​វាយតម្លៃ​របស់​លោក​ទៅ​លើ​កិច្ច​ប្រជុំ​នានា​ដែល​មាន​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ។ ​លោក​រៀបរាប់​កិច្ច​ប្រជុំ​នានា​ថា​ ធ្វើ​ឡើង​ដោយ​ស្មោះត្រង់ ឥត​លាក់​លៀម រស់​រវើក និង​កក់ក្ដៅ។

លោក​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ថា៖ «នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​នៃ​ភាព​មិន​ច្បាស់​លាស់​នានា​សម្រាប់​តំបន់​នេះ និង​ពិភពលោក​ទាំងមូល។ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ សូម្បី​តែ​វីរបុរស (superman) ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​បាន​ដែរ»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏​សមាជិក​អាស៊ាន​បាន​យក​ឈ្នះ​លើ​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន និង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ​ដែល​មាន​កម្រាស់​ចំនួន​ ២៩ ទំព័រ ដែល​គាំទ្រ​ដោយ​ដៃគូ​សន្ទនា​ភាគ​ច្រើន រួម​មាន​សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី។ ​សេចក្ដីថ្លែងការណ៍​នោះ​គ្រប់​ដណ្ដប់​ទៅ​លើ​បញ្ហា​ជា​ច្រើន​ និង​បាន​ធ្វើ​ការ​កត់​សម្គាល់​លើ​របប​ផ្ដាច់ការ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ។

សេចក្ដីថ្លែងការណ៍​នោះ​រួម​បាន​លើក​ឡើង​ថា ការ​វិវត្ត​ថ្មីៗ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ពោរពេញ​ទៅ​ដោយ​ជម្លោះ រួម​មាន​ការ​ប្រហារជីវិត​សកម្មជន​ប្រឆាំង​ចំនួន​ ៤ នាក់​នៅ​មុន​ពេល​កិច្ច​ប្រជុំ​នេះ​ចាប់​ផ្ដើម និង​អសមត្ថភាព​របស់​ពួក​យោធា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​ផែនការ​សន្តិភាព​ចំនួន​ ៥ ចំណុច​ ត្រូវ​បាន​លើក​យក​មកជជែក​យ៉ាង​ទូលំទូលាយ។

ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។
ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។

សេចក្ដីថ្លែងការណ៍​នោះ​រួមលើក​ឡើង​ថា៖ «យើង​ទាំង​អស់​គ្នា​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្ត​មាន​កម្រិត​ និង​កង្វះ​ការ​ប្ដេជ្ញាចិត្ត​របស់​អាជ្ញាធរ​ក្រុង​ណៃពិដោ ដែល​ខក​ខាន​មិន​បាន​អនុវត្ត​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ពេញ​លេញ ទៅ​លើ​កិច្ច​ព្រមព្រៀង​ ៥ ចំណុច»។ សេចក្ដីថ្លែងការណ៍​នោះ​បាន​បន្ថែម​ទៀត​ថា អាស៊ានកំពុង​ពិចារណា​ទៅ​លើ​ជំហាន​បន្ទាប់ទៀត។

អាស៊ាន​ត្រូវ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លើយ​តប​ដ៏​ទន់ភ្លន់​ទៅ​លើ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​ ហើយ​កាល​ពី​ឆ្នាំ​មុន ​ការខ្វែង​គំនិត​គ្នា​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ព្រុយណេ បាន​បង្កើត​យន្តការ​បី​ភាគី​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយ​តប​តឹងរ៉ឹង​ជាង​មុន ខណៈ​ដែល​ប្រទេស​ថៃ កម្ពុជា និង​ឡាវ ត្រូវ​បាន​គេ​ចោទ​ថា ជួយ​ដល់​របប​យោធា​មីយ៉ាន់ម៉ា​ទៅ​វិញ។

ប៉ុន្តែ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា ការ​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន​ ៤ នាក់​ដោយ​របប​យោធា​មីយ៉ាន់ម៉ា​ កាល​ពី​ខែ​មុន បាន​ធ្វើ​ឲ្យ​មេដឹកនាំ​អាស៊ាន​ទាំង​អស់​ខក​ចិត្ត ហើយ​លោក​ក៏​បាន​បញ្ជាក់​ពី​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​អាស៊ាន​ចំពោះ​មីយ៉ាន់ម៉ា​ផង​ដែរ ដោយ​ថ្លែង​ថា ថ្នាក់​ដឹកនាំ​យោធាដែល​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ បាន​បរាជ័យ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​នៅ​ក្នុង​សមាគម​នេះ។

លោក​ ប្រាក់ សុខុន ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​គ្មាន​ទំនុក​ចិត្ត​ទេ​នោះ ការ​ប្រយុទ្ធ​នឹង​នៅ​តែ​បន្ត ហើយ​ដំណើរការ​ផ្នែក​នយោបាយ​នឹង​មិន​អាច​ចាប់​ផ្ដើម​បាន​ទេ ពីព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​មក​ចូលរួម​ទេ ប្រសិន​បើ​ពួក​គេ​ខ្លាច​បាត់​បង់​ជីវិត។ ដូច្នេះ ការ​កសាង​ទំនុក​ចិត្ត​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត»។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា «ជំហាន​បន្ទាប់» នឹង​ត្រូវ​សម្រេច​នៅ​ក្នុង​រយៈ​ពេល ៣ ខែ​ទៀត ដែល​ក្នុង​នោះ​អាច​មាន​ការ​ដាក់​ទណ្ឌកម្ម ការ​ទទួល​ស្គាល់​ក្រុម​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា ឬ ក៏​ការ​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ពី​របប​យោធា។ ការ​សម្រេច​បែប​ណា​នោះ​នឹង​ត្រូវ​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​បណ្ដា​មេដឹកនាំ​អាស៊ាន​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken និងលាកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបពិភាក្សាគ្នាមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

ភាព​តានតឹង​រវាង​ចិន និង តៃវ៉ាន់

ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​បញ្ហាមួយ​ធ្វើ​ឱ្យ​ឈាន​ដល់​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​ ១០ មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ នៅ​ពេល​ដែល​លោកស្រី Nancy Pelosi ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់។ ប្រទេស​ចិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ទស្សនកិច្ច​នោះ​ដោយ​ការ​ប្រកាស​តំបន់​បាញ់​គ្រាប់​ពិត​ទី ៧ នៅ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង និង​បាញ់​គ្រាប់​រ៉ុក្កែត​ផង​ដែរ។

នៅ​រាជធានី​ភ្នំពេញ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi បាន​លុបចោល​កិច្ច​ពិភាក្សា​ដែល​បាន​គ្រោង​ទុក​ជាមុន​ជាមួយ​សមភាគី​ជប៉ុន​របស់​លោក ​គឺ​លោក Yoshimasa Hayashi បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​មួយរបស់​ក្រុម​ប្រទេស​ចំនួន​ ៧ ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ ហៅ​កាត់​ថា G-7ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោះស្រាយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​ដោយ​សន្តិវិធី។

លោក Yi បាន​ដើរ​ចេញ​ពី​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ ដែល​កាយវិការ​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ចិន​ថ្លែង​ថា ដោយ​សារ​តែ​លោក​មាន​កម្មវិធីមមាញឹក​ និង​ដោយសារ​តែ​គោលការណ៍​របស់​ចិន​ពាក់ព័ន្ធ​នឹង​ជំងឺកូវីដ១៩។ ប៉ុន្តែ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ពិធី​ទទួល​ទាន​អាហារ​នោះ​ថា លោក Yi មាន​អារម្មណ៍​មួរម៉ៅ​ និង​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ភ្លាម នៅ​ពេល​លោក​ឃើញ លោក Hayashi និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken នៅ​ក្នុង​ពិធី​នោះ។

នៅ​ពេល​ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov​ បាន​ជំរុញលោក Yi «កុំ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​នឹង​បញ្ហា​ និង​វិបត្តិ​នានា ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​បាន​ប្រាប់​លោក​ Yi ឱ្យ​មាន​ក្ដី​សង្ឃឹម»។

លោក Blinken បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការ​ឆ្លើយ​តប​របស់​ចិន​ចំពោះ​លោកស្រី Pelosi មាន​ភាព​ហួសហេតុ ហើយ​ថា នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​ប្រចាំការ​នៅ​ទីនោះ។

រូបឯកសារ៖ ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ អ្នកស្រី Nancy Pelosi (ស្ដាំ) ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ លោក Joseph Wu នៅ​ពេល​ដែល​អ្នកស្រីបាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។ (Taiwan Ministry of Foreign Affairs via AP)
រូបឯកសារ៖ ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ អ្នកស្រី Nancy Pelosi (ស្ដាំ) ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់ លោក Joseph Wu នៅ​ពេល​ដែល​អ្នកស្រីបាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។ (Taiwan Ministry of Foreign Affairs via AP)

លោក​ថ្លែង​ថា៖ «ពិភពលោក​នឹង​មើល​ឃើញ​ថា យើង​នៅ​តែ​បន្ត​គាំទ្រ​ស្ថានភាព​នៅ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ ហើយ​យើង​នឹង​ពង្រីក​គោលដៅ​រួម​របស់​យើង​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​ជា​អ្វី​ដែល​តំបន់​នេះ​រំពឹង​ពី​យើង ​នោះ​គឺ​ការ​មិន​ប្រែប្រួល និង​ការ​ទទួល​ខុស​ត្រូវ»។

កម្ពុជា​បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដើរ​តួ​ជា​រណប​ចិន​នៅក្នុង​អាស៊ាន ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ជំនួយ និង​ការ​វិនិយោគទុន។ កាល​ពី​ឆ្នាំ ២០១២ នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ មិន​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ទេ ដែល​នោះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​សមាគម​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ធ្វើ​បរាជ័យ​លើ​សេចក្ដីថ្លែងការណ៍​នោះ និង​បង្កើត​ឲ្យ​មាន​ការ​ខឹង​សម្បា។ ប៉ុន្តែ បញ្ហា​បែប​នេះ​មិន​បាន​កើត​ឡើង​ទេនៅ​ក្នុង​ការ​ប្រជុំ​លើក​នេះ បើ​ទោះបីជា​ចិន​មិន​ត្រូវ​បាន​លើក​យក​មក​និយាយ​ឱ្យ​ចំ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ​ក៏​ដោយ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយដែល​និយាយ​សំដៅ​ចំ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ឱ្យ​ដឹង​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​ពិភាក្សា​ ហើយ​រដ្ឋមន្ត្រី​មួយ​ចំនួន​បង្ហាញ​ពី​ក្ដី​កង្វល់​ទៅ​លើ​ «ការ​ទាមទារ​ដែនដី សកម្មភាព​នានា និង​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរនានា​នៅ​ក្នុង​តំបន់​នោះ ដែល​រួម​មាន​ទាំង​ការ​ខូចបរិស្ថាន​ដែន​សមុទ្រ​ជា​ដើម»។

សេចក្ដីថ្លែងការណ៍​ដដែល​នោះ​បានលើក​ឡើង​ដែរ​ថា «បញ្ហា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទំនុកចិត្ត​ និង​ការ​ជឿជាក់ បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​កាន​តែ​ខ្លាំង​ឡើង ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

សេចក្ដីថ្លែងការណ៍​រួម​នោះ​ក៏​បាន​កត់​សម្គាល់​ពី​តម្រូវ​ការ​ក្នុង​ការ​ទទួល​ស្គាល់​អនុសញ្ញា​សហប្រជាជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ ហៅ​កាត់​ថា UNCLOS ដែល​ជា​ចំណុច​ឈឺ​ចាប់​មួយ​ទៀត​សម្រាប់​ចិន​ផង​ដែរ។

រូបឯកសារ៖ រូបភាព​នេះ​បង្ហាញ​ពី​នាវា​ល្បាត​របស់ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ត្រួតពិនិត្យ​មើល​នាវា​ចិន​នៅ​ប្រជុំ​កោះ​ Sabina Shoal នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ហ្វីលីពីន ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ រូបភាព​នេះ​បង្ហាញ​ពី​នាវា​ល្បាត​របស់ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ត្រួតពិនិត្យ​មើល​នាវា​ចិន​នៅ​ប្រជុំ​កោះ​ Sabina Shoal នៅ​ក្នុង​សមុទ្រ​ខាង​ត្បូង ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ហ្វីលីពីន ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១។

សេចក្ដីថ្លែងការណ៍​រួម​នោះ​បាន​លើក​ឡើង​ថា ភាព​ត្រឹមត្រូវ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ​ UNCLOS​ ត្រូវ​តែ​ទទួល​បាន​ការ​ការពារ។ អនុសញ្ញា​នេះ​បាន​កំណត់​នូវ​ក្របខណ្ឌ​ច្បាប់​ ដែល​តម្រូវ​ឲ្យ​រាល់​សកម្មភាព​ទាំង​អស់​នៅ​ក្នុង​មហាសមុទ្រ​ និង​សមុទ្រ ត្រូវ​តែ​គោរព​តាម។

នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ ប្រទេស​ហ្វីលីពីន​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក Ferdinand Marcos Jr. ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មីៗ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​អំពី​ការ​ទាមទារ​ដែន​សមុទ្រ​ យោង​តាម​សេចក្ដី​សម្រេច​ស្ដី​ពី​បង្គោល​សីមា ឆ្នាំ ២០១៦ របស់​តុលាការ​ទីក្រុង​ឡាអេ ដែល​បាន​ច្រាន​ចោល​ការ​ទាមទារ​នានា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​តំបន់​ថ្ម​ប៉ប្រះទឹក និង​កោះ​ផ្កាថ្ម ដូច​មាន​ចែង​ក្នុង​អនុសញ្ញាសហប្រជាជាតិ UNCLOS។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ច្រានចោល​សេចក្ដី​សម្រេច​របស់​តុលាការ

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តែង​តែ​រង​ការ​ចំអក​ជា​ញឹកញាប់ ​ថា​គ្រាន់​តែ​ជា​ការ​ជជែក​គ្នា​វែង​អន្លាយ​ប៉ុណ្ណោះ។ ប៉ុន្តែ កិច្ច​ប្រជុំ​ឆ្នាំ​នេះ​ទទួល​បាន​ការ​កោត​សរសើរ​ដោយសារ​តែ​សមាគម​នេះ​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ដើរ​តួនាទី​ស្នូល ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ប្ដូរ​អាកប្បកិរិយា​ចំពោះ​មីយ៉ាន់ម៉ា។

លោក Bart Edes​ គឺជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ McGill University ក្នុង​ទីក្រុង ​Montreal ប្រទេស​កាណាដា។ លោក​បាន​ថ្លែង​សំដៅ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ថា៖ «មេដឹកនាំ​អាស៊ាន​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​មីយ៉ាន់ម៉ា។ អ្នក​ទើប​តែ​ឃើញ​ការ​រិះ​គន់​ដែល​ស្ទើរ​តែ​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​ពី​សំណាក់​សមាជិក​អាស៊ាន»។

លោក​ថ្លែង​បន្ត​ថា៖ «អ្នក​បាន​ឮបញ្ហា​មីយ៉ាន់ម៉ា​ពី​ប្រទេស​កម្ពុជា។ អ្នក​បាន​ឮ​បញ្ហា​នេះ​ពី​ប្រទេស​ម៉ាឡេស៊ី។ ខ្ញុំ​គិត​ថា ប្រទេស​ក្នុង​សមាគម​អាស៊ាន​កំពុង​យល់​ពី​ភាព​ខ្សោយ​នៅ​ពីក្រោយ​របប​យោធា​មីយ៉ាន់ម៉ា។ របប​នេះ​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ប្រឆាំង​ប្រដាប់​អាវុធ​ពី​ផ្នែក​ផ្សេងៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស។ ស្ថានភាព​បច្ចុប្បន្ន​នេះ​របស់​ពួក​គេ​មិន​អាច​បន្ត​រហូត​បាន​នោះ​ទេ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG