Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​កម្ពុជា​រំពឹង​ថា​ អ៊ីនធឺណិត ​5G​ នឹង​ជួយ​ពន្លឿន​ផលិតភាព​ការងារ


នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមពិធីបើក "វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)" លើកទី១ ឆ្នាំ២០២៤ ។ (STPM Hun Manet / Facebook)
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមពិធីបើក "វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)" លើកទី១ ឆ្នាំ២០២៤ ។ (STPM Hun Manet / Facebook)

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឱ្យ​ដឹង​ថា ​កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​អ៊ីនធឺណិត​ល្បឿន​លឿន​ 5Gនា​ពេល​ខាង​មុខ​នេះ ដើម្បីការ​រស់​នៅ​កាន់​តែ​ងាយ​ស្រួល និង​បង្កើន​ផលិតភាព​ការងារ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​រដ្ឋាភិបាល​ឌីជីថល​លើក​ទី១ កាល​ពី​ថ្ងៃ​ចន្ទ នៅ​មជ្ឈមណ្ឌលកោះពេជ្រ​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ថ្លែង​ថា៖ «ទន្ទឹម​នឹង​នេះ កម្ពុជា​នឹង​ពិចារណា​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ 5G នៅ​ក្នុង​ពេល​សមស្រប​ខាង​មុខ ដើម្បី​ជំរុញ​បរិវត្តកម្ម​ឌីជីថល​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​នៅ​ក្នុង​កិច្ច​ការងារ​រដ្ឋបាល​និង​ប្រសិទ្ធភាព​ការងារ តាម​ការ​ចង្អុល​បង្ហាញ​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី»។

លោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រុម​ការងារ​របស់​ក្រសួង​កំពុង​តែ​សិក្សា​លទ្ធភាព​ដើម្បីដំណើរការ​ប្រព័ន្ធ ​5G ប៉ុន្តែ​ក្រសួង​នៅ​មិន​ទាន់​សម្រេច​នៅ​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ណាមួយ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ក្រុម​ការងារ​បច្ចេកទេស​គាត់​កំពុង​សិក្សា​រឿង​ហ្នឹង​ ការ​ដាក់​ឱ្យ​ប្រើប្រាស់។ អ៊ីចឹង​ពេល​ដែល​រួច​រាល់​ ក្រសួង​នឹង​ប្រកាស​ជូន។ ទាក់ទង​នឹង​ក្រុមហ៊ុន​ អត់​ទាន់​មាន​ការ​សម្រេច​ថា ​សហការ​ជាមួយ​ក្រុមហ៊ុន​ណា​នៅ​ឡើយ​ទេ»។

ទោះ​ជា​យ៉ាងណា កាល​ពី​ឆ្នាំ​២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​(MOU) ជាមួយ​ក្រុមហ៊ុន ​Huaweiរបស់​ចិន ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5G។ ប៉ុន្តែក្រុមហ៊ុន​ចិន​មួយ​នេះ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​លួច​យក​ទិន្នន័យ​សម្ងាត់​ពី​សហរដ្ឋ​អាមេរិក ហើយ​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​កំពុង​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​មួយ​នេះ។ អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នេះ ដោយ​រឹត​ត្បិត​មិន​ឱ្យ​មាន​វត្តមាន​ប្រព័ន្ធ​ 5G ​របស់​ក្រុមហ៊ុន​លើ​ទឹកដី​របស់​ខ្លួន។

បន្ថែម​ពី​នេះ សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក៏​បាន​ដាស់​តឿន​បណ្ដា​ប្រទេស​ក្នុង​សកល​លោក​ឱ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចាប់​ដៃគូ​កសាង​បណ្ដាញ​អ៊ីនធឺណិត​ជំនាន់​ថ្មី​លឿន​រហ័ស​នេះ​ ​ជាមួយ​នឹង​ក្រុមហ៊ុន​ Huawei។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្យាយាម​ទាញ​ភ្ជាប់​ថា​ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចិន​កុម្មុយនីស្ដ និង​ស្ថាប័ន​យោធា​និង​ចារកម្ម​របស់​ខ្លួន។ ប៉ុន្តែ​ក្រុមហ៊ុន ​Huawei ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ អ្នកប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល លោក ង៉ែត ម៉ូសេ លើក​ឡើង​ថា​ ការ​ដំណើរ​ការ​ប្រព័ន្ធ​អ៊ីនធឺណិត​ 5G ជា​រឿង​ល្អ​មួយ ប៉ុន្តែ​លោក​ថា​ ប្រព័ន្ធ ​4G មិន​ទាន់​ដើរ​បាន​ល្អ​និង​គ្រប​ដណ្តប់​ពេញ​លេញ​នៅ​តាម​ទី​ប្រជុំជន ជាពិសេស​នៅ​តាម​ទី​ជនបទ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំ​គាំ​ទ្រ​ឱ្យ​មាន​ការ​គិតគូរ​ពី​រឿង​បង្កើត ​5G ក៏​ប៉ុន្តែ​ខ្ញុំ​ស្នើ​សុំ​ដែរ​ឱ្យ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ ​4G ហ្នឹង​ឱ្យ​វា​ដើរ ​stable (ស្ថិរភាព) ​ទៅ គ្រប់​ទី​កន្លែង​មាន​សេវា​ 4G បាន​ stable។ អាហ្នឹង​គឺ​ល្អ​ខ្លាំង​មែន​ទែន»។

បើ​តាម​អ្នក​ជំនាញ​រូប​នេះ ប្រព័ន្ធ​ 5G​ តម្រូវឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​ទូរសព្ទ​ស៊េរី​ខ្ពស់​ទើប​អាច​ប្រើប្រាស់​បាន​ និង​ថា​ ក្រុមហ៊ុន​ដែល​ជួយ​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​គឺ​ក្រុមហ៊ុន​ Huawei៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG