Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​ទឹកពិភពលោក៖​​ សាជីវកម្ម​​សំបូរធនធាន​ត្រូវ​​​បាន​ចោទ​ប្រកាន់​ថា​បាន​«ដណ្តើម»ទឹកពី​ក្រុម​ប្រទេសកំពុង​អភិវឌ្ឍន៍


រូបឯកសារ៖ អ្នក​ស្រុក​នៃ​សង្កាត់ Soweto ប្រទេស​អាហ្វ្រិក​ខាង​ត្បូង តម្រង់​ជួរ​ចាំយក​ទឹក​នៅ​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៤។
រូបឯកសារ៖ អ្នក​ស្រុក​នៃ​សង្កាត់ Soweto ប្រទេស​អាហ្វ្រិក​ខាង​ត្បូង តម្រង់​ជួរ​ចាំយក​ទឹក​នៅ​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៤។

ខណៈ​អង្គការ​សហប្រជាជាតិប្រារព្ធទិវា​ទឹកពិភពលោកកាលពីថ្ងៃសុក្រទី២២មីនា អង្គការអន្តរជាតិ​នេះ​បាននិយាយ​ថាមាន​កំណើន​ហានិភ័យនៃជម្លោះអំពី​ប្រភពទឹកនៅពេលមាន​ការ​ប្រែប្រួល​អាកាស​ធាតុ។

ស្របពេល​ជា​មួយគ្នានេះ ទីភ្នាក់ងារផ្តល់ជំនួយ​ក្រៅ​រដ្ឋាភិបាល Oxfam បានចោទប្រកាន់​សាជីវកម្ម​សាកល​ថា«ដណ្តើម»​យក​ទឹក​ពី​ក្រុមប្រទេស​ក្រីក្រដើម្បីបង្កើន​ប្រាក់​ចំណេញ។

ដោយ​ប្រកាសប្រធានបទនៅ​ឆ្នាំនេះ​ថាទឹកដើម្បីសន្តិភាព អង្គការ​សហប្រជាជាតិ​ព្រមានថា«នៅ​ពេលមាន​ទឹកតិច​ឬ​កខ្វក់​ឬនៅ​ពេលមនុស្ស​មានទឹក​មិនស្មើគ្នាឬ​គ្មានទឹក ភាពតានតឹងអាចកើនឡើង​ខ្លាំងរវាង​សហគមន៍​និងប្រទេស​នានា»។

អ.ស.ប.​បាន​និយាយ​ថា«មនុស្សជាង​៣ពាន់លាននាក់​នៅទូទាំង​ពិភពលោកអាស្រ័យលើ​ទឹក​ដែលហូរកាត់ព្រំដែនប្រទេសនីមួយៗ។ ប៉ុន្តែមាន​ប្រទេស​តែ២៤​ប៉ុណ្ណោះ​ដែលមានកិច្ចព្រមព្រៀង​សហការ​សម្រាប់ទឹករួមគ្នា​របស់ពួក​គេ។ ខណៈ​ផលប៉ះពាល់​នៃ​ការប្រែប្រួលអាកាសធាតុ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ចំនួន​ប្រជាជន​កាន់តែ​កើនឡើង​ មាន​សេចក្តីត្រូវការជាបន្ទាន់ទាំង​ខាងក្នុងប្រទេសនិង​រវាងប្រទេស​នានាត្រូវ​រួបរួមគ្នាការពារនិ​ង​ថែរក្សា​ប្រភពមានតម្លៃ​បំផុត​របស់យើង»។

នៅ​ក្នុងក្រុង​ធំបំផុតនៃ​ប្រទេសអាហ្វ្រិក​ខាង​ត្បូង​គឺក្រុង Johannesburg មាន​កង្វះ​ទឹកម៉ាស៊ីនជាច្រើន​សប្តាហ៍​មក​ហើយ ដែល​បណ្តាល​ឱ្យមាន​ផលប៉ះពាល់មិនល្អដល់មនុស្សរាប់លាននាក់។

នៅ​ជាយ​ក្រុងនេះ​គឺនៅតំបន់ Soweto មនុស្ស​រាប់ពាន់នាក់ឈរ​បន្តគ្នាដើម្បីយក​ទឹក​ដាក់ក្នុង​ដប​និង​ធុងពីឡាន​ដឹកទឹកពីតំបន់ក្រៅក្រុង។

គេ​បន្ទោស​ដោយផ្នែក​លើហេដ្ឋា​រចនាសម្ព័ន្ធខូចខាត​ថា​នាំឱ្យមានការខ្វះទឹក​នៅក្រុង Johannesburg។ ប៉ុន្តែពួកអ្នក​វិទ្យាសាស្ត្រ​ថា​ការប្រែប្រួល​អាកាសធាតុ​បាននាំ​ឱ្យអាងទឹក​រីងស្ងួត​នៅ​អាហ្វ្រិក​ខាង​ត្បូង​និង​នៅផ្នែក​ច្រើន​ទៀតនៃពិភពលោក។

នៅពេល​អង្គការ​សហប្រជាជាតិ​ប្រារព្ធ​ទិវា​ទឹកពិភពលោក អង្គការ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស២ពាន់២រយលាននាក់​រស់នៅដោយគ្មាន​ទឹក​ស្អាត​សម្រាប់បរិភោគទេ។

ពួកអ្នក​វិទ្យាសាស្ត្រនៃក្រុម​អន្តរ​រដ្ឋាភិបាល​របស់អ.ស.ប.អំពីការ​ប្រែប្រួលធាតុអាកាស​និយាយ​ថាប្រមាណពាក់កណ្តាលនៃ​ពលរដ្ឋ​ក្នុង​ពិភពលោកខ្វះទឹកខ្លាំង​ក្នុង​រយៈពេល​ខ្លះក្នុងមួយ​ឆ្នាំៗ ដោយ​ប្រទេសក្រីក្រ​នៅតំបន់​ភាគខាងត្បូង​ឬ Global South មាន​ផលប៉ះពាល់ខ្លាំងបំផុត។

ការដណ្តើម«ទឹក»

នៅ​ក្នុង​របាយ​ការណ៍​មួយ​បោះពុម្ពផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍ទី​២១ ខែមីនា អង្គការ Oxfam បាន​ចោទប្រកាន់សាជីវកម្ម​សាកលធំៗថា«ដណ្តើម»​ប្រភពទឹក​សម្រាប់ទ្រទ្រង់ជីវិត។

របាយការណ៍នេះបាន​លើកឡើង​ថា«ផ្នែកឯកជន​ដណ្តើម​ប្រភពទឹកនិង​ធ្វើឱ្យប្រភព​ទាំងនេះ​កខ្វក់ដោយ​លះបង់​ប្រជារាស្ត្រមូលដ្ឋាន​ដើម្បី​ឱ្យបាន​កម្រៃ ដែល​បណ្តាលឱ្យមាន​កំណើន​វិសមភាព។ ការ​រាំង​ស្ងួតធ្ងន់ធ្ងរជាងមុន​ដោយសារការប្រែប្រួល​អាកាសធាតុមានផលប៉ះពាល់លើ​កសិកម្ម​និង​សេដ្ឋកិច្ច​នៃ​ពួកប្រទេស​ដែល​ពឹងផ្អែកលើ​ប្រភព​ទឹក​ទាំងនេះ បណ្តាល​ឱ្យមាន​ការកើនឡើង​នៃ​ភាពក្រីក្រ អសន្តិសុខ​ស្បៀង​និងបញ្ហា​សុខភាព​ដល់ប្រជារាស្ត្រ ជាពិសេសក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍»។

អង្គការ Oxfam ចោទ​ពួកប្រទេសមានធនធាន​ច្រើននិងក្រុមហ៊ុនពហុជាតិ​ថា​បានផ្ទេរកង្វះទឹកទៅកាន់តំបន់ក្រីក្រ​ដោយដឹកជញ្ជូន​ចូលក្នុងប្រទេសពួកគេនូវ​ផលិតកម្ម​ប្រើទឹក​ច្រើនដូចជា​ផ្លែឈើ បន្លែ សាច់​ ផ្កា​និង​ទឹក​ដបពីប្រទេសក្រៅ។

សេចក្តី​រាយការណ៍នេះ​ចែងថាកសិកម្ម​ប្រើទឹក៧០%​ រួមមានតាម​រយៈ​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់គាំទ្រ​ឧស្សាហកម្មសាច់​និង​ប្រេងជីវសាស្ត្រផងដែរ។​

ការ​វិភាគ​របស់អង្គការ Oxfam និយាយ​ថាវិស័យ​ឯកជន​ខកខានក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់របស់ខ្លួន​លើប្រភពទឹក​ទេ។

លោក Quentin Ghesquière ជា​ទី​ប្រឹក្សាខាង​កសិកម្ម​និង​សុវត្ថិភាព​ស្បៀងនៅ​សាខាអង្គការ Oxfam នា​ប្រទេស​បារាំង។ លោកបាននិយាយ​ប្រាប់វីអូអេ​ថា​ក្នុងបណ្តា«សាជីវកម្ម៣៥០ដែលត្រូវបាន​ធ្វើវិភាគតាម​រយៈទិន្នន័យ​មូលដ្ឋាន ដែលមានប្រាក់​ចំណូលពាក់​កណ្តាល​នៃប្រាក់​ចំណូលខាងកសិកម្មក្នុង​ពិភពលោក-មាន​តែ​សាជីវកម្មមួយ​ក្នុង​ចំណោមសាជីវកម្ម​បួន​បានប្រកាសថា​ពួក​គេកាត់បន្ថយ​ការ​ប្រើប្រាស់ទឹក​និងកាត់​បន្ថយ​ការ​បំពុល​ទឹក»។

និយ័តកម្មរបស់​រដ្ឋាភិបាល

អង្គការ​ Oxfam ក៏បានកត់សម្គាល់ដែរថាសាជីវកម្មធំៗ​ត្រូវ​បានអនុញ្ញាតឱ្យ​បូមទឹក​ ទោះជាប្រជារាស្ត្រ​ក្នុងមូលដ្ឋាន​ប្រឈម​នឹង​ការ​រឹតត្បិតក៏ដោយ។ អង្គការនេះ​គូសបញ្ជាក់សកម្មភាព​នៃ​ក្រុមហ៊ុនផលិត​ស្បៀងអាហារ​ពហុជាតិ​របស់បារាំងឈ្មោះ Danone។

របាយការណ៍របស់អង្គការ​ Oxfam បាន​និយាយថា«កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Danone បានបូមទឹក​ពីផ្ទាំង​ថ្មមានទឹកក្រោមដីនៅ​ក្នុងប្រទេសបារាំង​តទៅទៀត​ទោះជា​មានការរឹត​ត្បិត​ដល់​ប្រជារាស្ត្រមូលដ្ឋាន​ ក្នុងនីត្យានុកូលភាព​ពេញលេញ​ក៏ដោយ។ នៅ​ឆ្នាំនោះដែរ ក្រុមហ៊ុននេះ​មានកម្រៃជិត៩០០លាន​អឺរ៉ូ​និង​បានបង់​ប្រាក់ចំណេញ១ពាន់២រយ​លានអឺរ៉ូ​ឱ្យ​ម្ចាស់ភាគ​ហ៊ុន​របស់ខ្លួន»។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​មកកាន់វីអូអេ ក្រុមហ៊ុន Danone បានពោលថា

ការ​ចាត់ចែងទឹកប្រកប​ដោយ​ចីរភាពជា​អាទិភាពមួយ​ ដោយបន្ថែមថា«យើងបាន​ពន្លឿននវានុវត្តន៍និង​វិនិយោគ​របស់យើង​ដើម្បីកាត់បន្ថយ ដោយស្ម័គ្រចិត្ត ការបូមទឹកពី​កន្លែងដាក់​ដប​របស់យើង»។

ក្រុមហ៊ុននេះ​បានពោល​ទៀតថា«ចាប់តាំងពីឆ្នាំ២០១៧មក យើង​បាន​បណ្តាក់ទុន៣០លានអឺរ៉ូ​ដើម្បីធ្វើទំនើបកម្មខ្សែ​ផលិតកម្មរបស់​យើង ដែល​អនុញ្ញាត​ឱ្យ​យើងកាត់បន្ថយ​ការបូមទឹក​១៧%​ក្នុង​រយៈពេល​ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៣​ ដោយ​រក្សាឱ្យមាន​ដូចដើមនូវចំណុះទឹកដែល​ត្រូវបានលក់»។

សេចក្តី​រាយការណ៍របស់​អង្គការ​ Oxfamផ្តល់អនុសាសន៍​ឱ្យមាននិយ័តកម្ម​ខ្លាំង​ជាងមុន​និងអំពាវនាវឱ្យមាន«ការ​ផ្តល់ប្រាក់កាស​ច្រើន​ក្រាស់ក្រែល​សម្រាប់ឱ្យមាន​ការសម្របសម្រួល​ក្នុងក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍និងដើម្បី​ឱ្យមាន​ទឹក​ជាសាកល​សម្រាប់មនុស្ស​គ្រប់គ្នា»៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

XS
SM
MD
LG