Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​រំឭក​ខួប​១២​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​ឈុត វុទ្ធី


ព្រះសង្ឃ និងយុវជនបានដង្ហែញត្តិទៅក្រសួងយុត្តិធម៌ ក្នុងខួប១២ឆ្នាំនៃការស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី។ (មាស ដា/វីអូអេ)
ព្រះសង្ឃ និងយុវជនបានដង្ហែញត្តិទៅក្រសួងយុត្តិធម៌ ក្នុងខួប១២ឆ្នាំនៃការស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី។ (មាស ដា/វីអូអេ)

សកម្ម​ជន​បរិស្ថាន​ជាង​២០​នាក់នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​អយ្យការ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់​ និង​ឯករាជ្យ​ ក្នុង​ករណី​ឃាតកម្ម​លើ​លោក​ ឈុត វុទ្ធី ​ដើម្បី​រក​មេ​គំនិត​ និង​អ្នក​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ឃាតកម្ម​ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​កោះកុង​កាលពី​១២​ឆ្នាំ​មុន។​

លោក​ឈុត វុទ្ធី​ ដែល​គេ​ស្គាល់​ថា​ ជា​សកម្ម​ជន​ការពារ​ព្រៃឈើ​ដែល​គ្មាន​ការ​ភ័យខ្លាច​ម្នាក់​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ កាលពី​ថ្ងៃទី​ ២៦​ ​ខែ​មេសា ​ឆ្នាំ​២០១២​ នា​ពេល​ដែល​លោក​ចុះ​ស៊ើប​អង្កេត​និង​ថត​រូប​សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​របស់​កាសែត​ The Cambodia Daily។​

នៅ​ថ្ងៃ​សុក្រ​ ទី​២៦ ​ខែ​មេសា ​ឆ្នាំ​២០២៤​នេះ​ សកម្មជន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មាត់​ទន្លេ​មុខ​ព្រះ​បរម​រាជវាំង​ រួច​ដង្ហែ​ញត្តិ​មួយ​ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌​ អម​ដោយ​ការ​លើក​រូប​គំនូរ​របស់​លោក​ ឈុត វុទ្ធី ​និង​ក្រដាស​ពណ៌​ស​មួយ​ផ្ទាំង​ដែល​មាន​សារ​មួយ​ឃ្លា​ថា​«យុត្តិធម៌​សម្រាប់​ ឈុត វុទ្ធី»។ ​ព្រះ​សង្ឃ​ប្រមាណ​៦​អង្គ​ក៏​បាន​និមន្ត​ចូលរួម​ការ​ដង្ហែ​ញត្តិ​រក​យុត្តិ​ធម៌​ជូន​លោក​ឈុត វុទ្ធី​នេះ​ដែរ។

ព្រះសង្ឃ និងយុវជនបានដង្ហែញត្តិទៅក្រសួងយុត្តិធម៌ ក្នុងខួប១២ឆ្នាំនៃការស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី។ (មាស ដា/វីអូអេ)
ព្រះសង្ឃ និងយុវជនបានដង្ហែញត្តិទៅក្រសួងយុត្តិធម៌ ក្នុងខួប១២ឆ្នាំនៃការស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី។ (មាស ដា/វីអូអេ)

យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​ចូល​រួម​ក្នុង​ការ​ដាក់​ញត្តិ​នេះ​គឺ​កញ្ញា ​មាន លីសា ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា សកម្ម​ជន​បរិស្ថាន​ និង​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​មាន​គោល​បំណង​រួម​គ្នា​មួយ​គឺ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​ ឈុត វុទ្ធី ​ព្រោះ​អស់​រយៈ​ពេល​ជាង​១​ទសវត្សរ៍​នេះ​ អាជ្ញាធរ​មិន​ទាន់​រក​បាន​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​សកម្ម​ជន​ការពារ​ព្រៃឈើ​រូប​នេះ​ទេ។​

កញ្ញា មាន លីសា យុវជនមាតាធម្មជាតិឈរកាន់ញត្តិនៅមុខក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
កញ្ញា មាន លីសា យុវជនមាតាធម្មជាតិឈរកាន់ញត្តិនៅមុខក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

កញ្ញា​ថ្លែង​ថា៖​«យើង​ដាក់​ញត្តិ​នេះ​ដើម្បី​ឱ្យ​ខាង​ក្រសួង​យុត្តិធម៌​សើរើ​រឿង​នេះ​ធ្វើ​ឱ្យ​វា​ច្បាស់​លាស់​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា​ មូល​ហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​ពូ ​ឈុត វុទ្ធី ​ហ្នឹង​ជា​អ្វី?​ យើង​អត់​អាច​ទទួល​យក​បាន​នូវ​ការ​បិទ​បញ្ចប់​រឿង​ក្តី​ដោយ​អត់​គ្រប់​[ហើយ]​ គ្រប់​គ្នា​អត់​ទទួល​បាន​យុត្តិធម៌​បាន​ទេ​ ព្រោះ​ជា​ពិសេស​គ្រួសារ​របស់​គាត់​អត់​ទទួល​បាន​យុត្តិធម៌។​ តើ​អ្នក​ណា​មក​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​លោក​ពូ​ឈុត វុទ្ធី?»។​

ជា​មួយ​គ្នា​នេះ​សកម្ម​ជន​បរិស្ថាន​ម្នាក់​ទៀត​ កញ្ញា​ នុត ធិ​ ដែល​ចូល​រួម​ដង្ហែ​ញតិ្ត​ទៅ​ក្រសួង​យុត្តិធម៌​ប្រាប់​អ្នក​កាសែត​ថា​ កញ្ញា​មក​ចូល​រួម​ដាក់​ញតិ្ត​នេះ​គឺ​ដើម្បី​បន្ត​ទាមទារ​ស្វែងរក​យុត្តិធម៌​ដល់​លោក ​ឈុត វុទ្ធី ​ព្រោះ​គ្មាន​យុត្តិធម៌​សម្រាប់​លោក​ ​ឈុត វុទ្ធី​ ក្រោយ​លោក​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាលពី​១២​ឆ្នាំ​មុន​ក្នុង​ពេល​ចុះ​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​នៃ​ប្រទេស​កម្ពុជា។​

កញ្ញា​បន្ថែម​ថា​ ​ បើ​ទោះ​ជា​មាន​ក្តី​បារម្ភ​ខ្លះៗ​ចំពោះ​ការ​ចូលរួម​ដាក់​ញត្តិ​នេះ​ ក៏​កញ្ញា​ត្រូវ​តែ​ធ្វើ​ក្នុង​បុព្វ​ហេតុ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ពល​រដ្ឋ​ ដែល​កញ្ញា​យល់​ថា​ ស្ថិត​ក្រោម​ការ​រឹតត្បិត​របស់​អាជ្ញាធរ​រដ្ឋ។​

កញ្ញា នុត ធិ សកម្មជនបរិស្ថានឈរលើកដៃបីនៅមុខក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
កញ្ញា នុត ធិ សកម្មជនបរិស្ថានឈរលើកដៃបីនៅមុខក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

កញ្ញា​ថ្លែង​ថា៖​ «ឥឡូវ​នេះ​យើង​កំពុង​តែ​និយាយ ​យើង​កំពុង​តែ​ស្រែក​ ហើយ​យុត្តិធម៌​របស់​យើង​នៅ​តែ​មិន​មាន​ សេរីភាព​របស់​យើង​នៅ​តែ​រឹតត្បិត​ ចុះ​ទម្រំា​តែ​យើង​មិន​មាន​ការ​លើក​ឡើង​ណា​មួយ​ តើ​សិទ្ធិ​សេរីភាព​របស់​យើង​ក៏ដូច​ជា​យុត្តិធម៌​វា​នឹង​ធ្លាក់​ទៅ​ដល់​កម្រិត​ណា?​ ​ ដូច្នេះ​ហើយ​បើ​ទោះ​បី​ជា​ខ្ញុំ​ភ័យ​ខ្លាច​ ខ្ញុំ​មាន​ការ​បារម្ភ​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ឆន្ទៈ​ហ្នឹង​រហូត​ដើម្បី​អ្នក​ជំនាន់​ក្រោយ​ទៀត»។​

កូន​ប្រុស​របស់​លោក ​ឈុត វុទ្ធី ​គឺ​លោក​ ឆឺយ ឧត្តមរស្មី​ ក៏​ជឿ​ថា​ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​ឪពុក​របស់​លោក​នៅ​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ទេ។

​លោក​ប្រាប់​វីអូអេ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖​ «ខ្ញុំ​មិន​មាន​ជំនឿ​ទៅ​លើ​តុលាការ​នៅ​ប្រទេស​កម្ពុជា​ទេ ដោយ​សារ​តែ​ខ្ញុំ​ជឿ​ថា​ អ្នក​ដែល​សម្លាប់​ឪពុក​ខ្ញុំ​ហ្នឹង​ គឺ​សុទ្ធ​តែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។​ អ៊ីចឹង​ហើយ​ខ្ញុំ​គិត​ថា​ យុត្តិធម៌​សម្រាប់​ឪពុក​ខ្ញុំ ​លុះ​ត្រា​តែ​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​តុលាការ​ ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ថ្មី​ បាន​មាន​សង្ឃឹម​យុត្តិធម៌​សម្រាប់​ឪពុក​ខ្ញុំ»។​

រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ធ្វើ​ដំណើរ​នៅ​ក្នុង​ខេត្ត​កោះកុង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២។ (REUTERS/Samrang Pring)
រូបឯកសារ៖ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ ធ្វើ​ដំណើរ​នៅ​ក្នុង​ខេត្ត​កោះកុង ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២។ (REUTERS/Samrang Pring)

ទោះជា​មាន​ការ​បកស្រាយ​បែប​ណា​ក្តី​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ​ជិន ម៉ាជីន ​បាន​បញ្ជាក់​ឱ្យ​វីអូអេ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា​ សំណុំ​រឿង​លោក​ ឈុត វុទ្ធី ​ត្រូវ​បាន​បិទ​បញ្ចប់​ ហើយ​អ្នក​ដែល​ជា​ជន​ដៃ​ដល់​ក៏​ត្រូវ​បាន​ផ្តន្ទាទោស​រួច​ហើយ​ដែរ។​

លោក​ថ្លែង​ថា៖​«ជា​គោល​ការណ៍​ច្បាប់​ សំណុំ​រឿង​គឺ​ត្រូវ​បាន​បិទ​បញ្ចប់។ ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ត្រូវ​បាន​ធានា​ ដោយ​អ្នក​ពាក់ព័ន្ធ​ជន​ដៃ​ដល់​ទាំង​ប៉ុន្មាន​ហ្នឹង​ត្រូវ​បាន​ផ្តន្ទា​ទោស។​ ប្រសិន​បើ​ពួក​គាត់​យល់​ថា​ ករណី​សំណុំ​រឿង​នេះ​មិន​ទាន់​មាន​យុត្តិធម៌ ​សូម​ពួក​គាត់​ចូល​រួម​ជា​ជាង​ការ​ដាក់​ញត្តិ​ចោល​ដោយ​គ្មាន​មូលដ្ឋាន​បែប​នេះ។ ​ការ​ចូល​រួម​ហ្នឹង​គឺ​ថា​ ចូល​រួម​បង្ហាញ​នូវ​ភស្តុតាង ​សក្ខីកម្ម​មូលដ្ឋាន​រឹង​មាំ​ច្បាស់​លាស់​ណា​មួយ​ បង្ហាញ​ថា​ ជន​ដៃ​ដល់​និង​ អ្នក​ពាក់ព័ន្ធ​ពិត​ប្រាកដ​ហ្នឹង​មិន​ត្រូវ​បាន​ផ្តន្ទា​ទោស។ ​ សូម​ឱ្យ​គាត់​ចូល​របៀប​ហ្នឹង​វិញ​ ជាជាង​ការ​ដាក់​ញត្តិ​ចោល​ ហើយ​ប្រព្រឹត្ត​គ្មាន​មូលដ្ឋាន​អ្វី​ទាំង​អស់»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ លើក​ឡើង​ថា​ ការ​ដាក់​ញត្តិ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លោក​ ឈុត វុទ្ធី​ គឺ​ជា​សិទ្ធិ ​និង​សេរីភាព​នៅ​ក្នុង​ការ​ស្នើ​សុំ​របស់​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ និង​វីរភាព​របស់​លោក​ ឈុត វុទ្ធី។​

បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ ឃាតកម្ម​លើ​លោក​ ឈុត វុទ្ធី​ បាន​បន្សល់​ទុក​ការ​មន្ទិល​សង្ស័យ​ជា​ច្រើន​ ព្រោះ​មាន​ការ​កាត់​ទោស​ទៅ​លើ​តែ​បុគ្គល​ម្នាក់​ ដែល​គេ​ជឿ​ថា​ មិន​គ្រប់​គ្រាន់​ ហើយ​ត្រូវ​មាន​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។​

យុវជននាំគ្នាសម្តែងត្រាប់តាមលោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ ដែលបានស្លាប់កាលពី១២ឆ្នាំមុន នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)
យុវជននាំគ្នាសម្តែងត្រាប់តាមលោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ ដែលបានស្លាប់កាលពី១២ឆ្នាំមុន នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

លោក​ថ្លែង​ថា៖​ «ផ្ទុយ​ទៅ​វិញ​ ឃាតកម្ម​ទៅ​លើ​លោក​ ឈុត វុទ្ធី នេះ ​យើង​មើល​ឃើញ​ថា​ ជា​ឃាតកម្ម​មួយ​ទៅ​លើ​អ្នក​ការពារ​ព្រៃឈើ​ការពារ​បរិស្ថាន​ តែ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​ការ​កាប់ឈើ​ឬ​ក៏​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ មិន​ទាន់​ត្រូវ​បាន​ស៊ើប​អង្កេត​ រក​ឱ្យ​ឃើញ​អំពី​អ្នក​ដែល​ពាក់ព័ន្ធ​ និង​យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ»។​

បើ​តាម​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កន្លង​មក​នោះ​ ​លោក ​ឈុត វុទ្ធី​ ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​ម្នាក់​គឺ​លោក ​អ៊ិន រតនា ​បាញ់​ស្លាប់​ បន្ទាប់​ពី​មាន​ជម្លោះ​ប្រកែក​គ្នា​រឿង​ដែល​កង​កម្លាំង​ចង់​រឹប​អូស​អង្គ​ចង​ចាំ​នៃ​កាមេរ៉ា​ដែល​ក្រុម​លោក​បាន​ថត​នៅ​ឯ​ទីតាំង​របស់​ក្រុមហ៊ុន ​Timber Green ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​កាប់​រាន​ដី​ព្រៃ​ និង​ពង្រាប​បាត​អាង​ ក្នុង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ឫស្សី​ជ្រុំ ​ភាគ​ខាង​ជើង​ខេត្ត​កោះកុង។​

មន្ត្រី​អាវុធ​ហត្ថ​ឈ្មោះ ​អ៊ិន រតនា​ ក៏​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​ឈ្លោះ​ប្រកែក​គ្នា​នោះ​ផង​ដែរ។​ អាជ្ញាធរ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្សេង​គ្នា ​មុន​នឹង​ចេញ​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ថា​ សន្តិសុខ​ម្នាក់​របស់​ក្រុមហ៊ុន ​Timber Green​ ឈ្មោះ​រ៉ាន់ បូរ័ត្ន ​បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី​មន្ត្រី​អាវុធ​ហត្ថ​ អ៊ិន រតនា​ រហូត​រេល​កៃ​បណ្ដាល​ឱ្យ​ស្លាប់​មន្ត្រី​អាវុធ​ហត្ថ​រូប​នេះ។​

ក្រៅ​ពី​តុលាការ​កាត់​ទោស​ឈ្មោះ ​រ៉ាន់ បូរ័ត្ន ​ពី​បទ​«មនុស្ស​ឃាត​ដោយ​អចេតនា»​នោះ ​ មិន​មាន​ជន​ណា​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ និង​នាំ​យក​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ។ ​សំណុំ​រឿង​បាញ់​ប្រហារ​នេះ​ក៏​ត្រូវ​បាន​បិទ​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ​២០១២​មក​ម៉្លេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG