Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលផ្ដល់ឱកាសការងារដល់កម្មករក្រុមហ៊ុន Y&W Garment ពេលថៅកែរត់ចោល


រូបភាពដកស្រង់ពីបណ្តាញសង្គមបង្ហាញការប្រមូលផ្តុំគ្នាតវ៉ារបស់កម្មកររោងចក្រដែលបានបាត់បង់ការងារ។ (Facebook/សហជីពការពារសិទ្ធិកម្មករ Y&W)
រូបភាពដកស្រង់ពីបណ្តាញសង្គមបង្ហាញការប្រមូលផ្តុំគ្នាតវ៉ារបស់កម្មកររោងចក្រដែលបានបាត់បង់ការងារ។ (Facebook/សហជីពការពារសិទ្ធិកម្មករ Y&W)

រដ្ឋាភិបាល​ប្រកាស​ផ្ដល់​ឱកាស​ការងារ​ជាង ​២.៥០០ ​កន្លែង ​ដល់​កម្មករ​និយោជិត​ក្រុមហ៊ុន​វ៉ាយ​&​ដាប់បែលយូ​ហ្គាមេន ​(Y&W Garment Co. Ltd)​ ដើម្បីទទួល​បាន​ការងារថ្មី ​ខណៈ​កម្មករកំពុង​រង់ចាំ​នីតិវិធី​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ ក្រោយ​ពេល​ថៅកែ​រត់​ចោល​។

អ្នកនាំពាក្យ​ក្រសួង​ការងារ​ លោក កត្តា អ៊ន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គិត​ត្រឹម​សប្តាហ៍​នេះ សហ​គ្រាស​ប្រមាណ ​២០ ដែល​មាន​ទី​តាំង​នៅ​តំបន់​វេង​ស្រេង ​ខណ្ឌដង្កោ​ក្នុង​ទីក្រុង​ភ្នំពេញ និង​តំបន់មួយ​ចំនួន​នៅ​ខេត្ត​កណ្តាល និង​ខេត្តតាកែវ​ ​បាន​ផ្ដល់​ឱកាស​ការងារ​ទាក់ទង​នឹង​ជំនាញ​ផ្នែក​កាត់ដេរ ផ្នែក​ផលិត​ស្បែកជើង ផ្នែក​វេច​ខ្ចប់​ និង​ផ្នែក​អេឡិច​ត្រូនិក​ជាដើម​ ដែល​ស្រដៀង​គ្នា​នឹង​ការ​ងារ​នៅ​រោង​ចក្រ​វ៉ាយ​&​ដាប់បែល​យូ​។

បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ ​ក្រសួង​បាន​រៀបចំ​ផ្ដល់​ឱកាស​ការងារ​ដល់​កម្មករ​និយោជិត​ក្រុមហ៊ុន​វ៉ាយ​&​ដាប់បែលយូ​ហ្គាមេន ​ចំនួន ២.៥៤៧ ​កន្លែង​ នៅ​តាមរោងចក្រ​ និង​សហគ្រាស​ជាច្រើន​ទីតាំង​។ ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ ក្រសួង​ការងារ​ក៏​អំពា​វ​នាវ​ដល់​កម្មករ​និយោជិត​មក​ទទួល​សេវា​ជួយ​រក​ការងារ​ធ្វើ​ពី​ទីភ្នាក់​ងារ​ជាតិ​មុខរបរ​និង​ការងារ ​(NEA)​ ដែល​កំពុង​ដាក់​ការិយាល័យ​ចល័ត​នៅពីមុខ​ក្រុម​ហ៊ុនវ៉ាយ​&​ដាប់បែលយូ​ហ្គាមេន ដែល​បាន​បិទ​ទ្វារ​ឈប់​ដំណើរការ​តាំងពី​មុន​ចូលឆ្នាំ​ប្រពៃណី​ចិន​។

អ្នកស្រី​ទូច ស្រីញឹប អតីត​អ្នក​គ្រប់គ្រង​ម្នាក់​ក្នុង​រោងចក្រ​វ៉ាយ&ដាប់បែលយូហ្គាមេន ​យល់​ថា ​នេះ​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​កម្មករ​និយោជិត​។ អ្នកស្រី​បន្ថែម​ថា កម្មករ​មួយ​ចំនួន​បាន​ស្វែង​រក​ការងារ​តាម​រយៈ​ទីភ្នាក់​ងារ​ជាតិ​មុខរបរ​និង​ការងារ ​(NEA)​ និង​មួយ​ចំនួន​ទៀត​បន្ដ​រង់ចាំ​ដំណោះស្រាយ​ពាក់​ព័ន្ធ​នឹង​សំណង​ប្រាក់​ឈ្នួល​ដែល​ក្រុមហ៊ុន​ត្រូវ​ទូទាត់​ជូនកម្មករ។ ​

គួរ​បញ្ជាក់​ថា​ កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​វ៉ាយ&​ដាប់បែលយូ ​ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​បាន​ចេញ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ ក្រោយ​ថៅកែ​ជនជាតិ​ចិន​មិន​បាន​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ជាង​ ៤ ពាន់​នាក់ ខណៈ​ថៅកែ​រត់​ចោល​រោងចក្រ ដោយ​មិន​បាន​ជូន​ដំណឹង​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG