Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរពេទ្យ​រុស្ស៊ី​និង​ក្រុម​គ្រួសារ​អះអាង​ផ្ទុយគ្នា​ជុំវិញ​ការ​ស្លាប់​បុរស​ម្នាក់


រូបឯកសារ៖ ទិដ្ឋភាពមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មើលពីខាងក្រៅ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មើលពីខាងក្រៅ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​ឬហៅ​ថា​ពេទ្យ​រុស្ស៊ី ​និង​ក្រុម​គ្រួសារ​អ្នក​ជំងឺ​ម្នាក់​ដែល​ស្លាប់ ​បាន​អះអាង​ផ្ទុយគ្នា​ទៅ​លើ​ការ​យក​ចិត្តទុក​ដាក់​ក្នុង​ការ​ព្យាបាល​ ពេល​អ្នក​ជំងឺទៅ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​នោះ។​

កញ្ញា ​ធូ ស្រីពេជ ​អាយុ​ ២៥ ឆ្នាំ ​ជា​កូន​ស្រី​ច្បង​នៃ​គ្រួសារ​សព​ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ បាន​រៀប​រាប់​នៅ​លើ​គណនេយ្យ​ហ្វេសប៊ុក​របស់​កញ្ញា​កាល​ពី​ថ្ងៃ​ទី​២៨​ ខែមករា ​ថា៖ ​«មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​សម្លាប់​ប៉ាខ្ញុំ! ​តើ​មាន​បង​ប្អូន​ខ្មែរ​ប៉ុន្មាន​នាក់​ទៀត​ដែល​ត្រូវ​ជួប​រឿង​បែប​នេះ?»​

បើ​តាម​កញ្ញា ​ស្រីពេជ ​កាល​ពីថ្ងៃទី ​២៦ ​ខែ​មករា ​វេលា​ម៉ោង ​២ ​ទៀប​ភ្លឺ ​កញ្ញា ​និង​ម្តាយ​បាន​នាំ​ឪពុក​របស់​កញ្ញា ​ដែល​មាន​អាការៈ​បាត់បង់​ស្មារតី ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​ដោយ​មន្ទីរពេទ្យ​មិន​មាន​ក្រុម​ការងារ​គ្រប់គ្រាន់​ និងទុក​ឪពុក​របស់​កញ្ញា​ចោល​ និង​តម្រូវ​បង់ប្រាក់​មុន​ដោយ​ចំណាយ​ពេល​ជាង​ ៤០ ​នាទី ​និង​ត្រូវ​រង់ចាំបុគ្គលិក​មន្ទីរពេទ្យ ​ដាស់​គ្រូពេទ្យស្កែន ​និង​តម្រូវឱ្យ​បង់​ប្រាក់​មុន​ស្កែន។​

កញ្ញា​បន្ថែម​ថា គ្រូពេទ្យ​មិន​មាន​ការ​សង្គ្រោះ​បឋម​ត្រឹមត្រូវ​ចំពោះ​ឪពុក​របស់កញ្ញាឡើយ ​ដោយ​ទុក​ឱ្យសន្លប់​តាំង​ពី​ម៉ោង​ ២ ​រហូត​ដល់​ម៉ោង ​៤:៣០ ​ព្រឹក ​ដោយលទ្ធផល​បង្ហាញ​ថា ​ដាច់​សរសៃរ​ឈាម​ក្នុង​ខួរ​ក្បាល ​ហើយ​ពេទ្យប្រាប់​ថា​មិន​អាច​សង្គ្រោះ​បាន​នោះ​ទេ។​

កញ្ញា​រៀប​រាប់​លើ​បណ្តាញ​សង្គម​ថា៖ ​«រឿង​ដែល​ហួស​ចិត្តជាង​នេះ​ទៅ​ទៀត​ នៅ​ពេល​ដែល​ខ្ញុំ [និង] ​ពេទ្យ​យក​ប៉ាចេញ​ទៅ​ព្យាបាល​បន្ត ​នៅ​វៀតណាម​ ខាងឡាន​សាមុយ​ពេទ្យ​រុស្ស៊ី​បាន​ស្កាក់​ឡាន​សាមុយ​ដែល​មក​យក​ប៉ាខ្ញុំ ​ដោយ​មិន​ឲ្យ​ចូល​ ដោយ​និយាយ​ថា​ មន្ទីរ​ពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ឡាន​ខាង​ក្រៅ​ដឹក​អ្នក​ជំងឺ​ចេញ​ទេ ​ទាំង​ដែល​ខ្ញុំផ្តិត​មេដៃ សុំអនុញ្ញាត​យកប៉ា​ចេញ​ព្យាបាល​ទៅ​ជា​មួយ​ហើយក៏​ដោយ។​ មិន​មែន​ខ្ញុំ​មិន​ចង់​យក​ឡាន​សាមុយ​ខាង​ពេទ្យ​រុស្ស៊ី​ទេ ​តែ​តម្លៃខាង​គាត់​គឺ​គុណ​នឹង​២​ធៀប​នឹង​ឡាន​សាមុយ​ពេទ្យ​ខាងក្រៅ»។​

កញ្ញា​ថា​ ក្រុម​គ្រួសារ​បានដោះស្រាយ​បញ្ហា​ឡានពេទ្យដើម្បី​ដឹក​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ​រហូត​ដល់​ម៉ោង​៨​ព្រឹក​ ទើប​ដោះស្រាយ​រួច​ ប៉ុន្តែឪពុក​របស់​កញ្ញា​បាន​បាត់បង់​ជីវិត​ទៅ​ហើយ។​

ក្រោយ​កញ្ញា ​ស្រីពេជ ​បានរៀប​រាប់​ដំណើរ​រឿង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​បាន​ចេញ​លិខិត​ស្រាយបំភ្លឺ​ ដោយ​ច្រានចោល​ការ​លើក​ឡើង​របស់​កញ្ញា ​ស្រីពេជ។ ​មន្ទីរពេទ្យ​បញ្ជាក់​ថា ​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​តាម​លទ្ធផល​ពិនិត្យ​បង្ហាញ​ថា ​អ្នកជំងឺ​មាន​ដាច់​សរសៃ​ឈាម​ខួរក្បាល​បណ្ដាល​ឱ្យ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល​ធ្ងន់ធ្ងរ។ ​នេះ​បើតាម​លិខិត​ស្រាយ​បំភ្លឺ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​ចុះថ្ងៃទី​ ២៩ ​ខែ​មករា។ ​

មន្ទីរពេទ្យបញ្ជាក់​បន្ថែម​ថា​ ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​ជួយ​សង្រោ្គះ​ដែល​ហួស​ពី​លទ្ធភាព​ក្នុង​ការ​ជួយ​សង្រ្គោះ ​ហើយ​ខាង​គ្រួសារ​ក៏​បាន​សម្រេច​ចិត្ត​យក​អ្នក​ជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។​ បើ​តាម​សេចក្តី​បំភ្លឺ​នោះ ​គ្រូ​ពេទ្យ​ក៏​បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សេវា​រថយន្ដ​សង្រ្គោះ​ខាង​ក្រៅ​ដឹក​អ្នក​ជំងឺ​ទៅ​ព្យាបាល។

កញ្ញា ​ធូ ស្រីពេជ ​ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រុមគ្រួសារ​ គឺ​នៅតែ​ទាមទារ​ឱ្យស្ថាប័ន​ពាក់ព័ន្ធផ្តល់​យុត្តិធម៌ ​និង​មាន​វិធានការ​ចំពោះ​បុគ្គលិក​នៃ​មន្ទីរពេទ្យ​នោះ។​

កញ្ញាថ្លែង​ថា៖ ​«សម្រាប់​ករណី​មួយ​ហ្នឹង​ ខ្ញុំ​ចង់​ឱ្យ​មាន​វិធានការ។​ កុំ​ឱ្យ​មាន​រឿង​ហ្នឹង​កើត​ឡើង​ទៀត​សម្រាប់​ប្រជា​ពលរដ្ឋ​ផ្សេងៗ​ទៀត ​ក៏​ដូចជា​ដាក់​ពិន័យ ​និង​ទណ្ឌកម្ម​ទៅ​កាន់​ពួក​គាត់​(គ្រូពេទ្យ)​តាម​ច្បាប់ ​និង​ក្រម​សីលធម៌វិជ្ជាជីវៈ​របស់​ពួក​គាត់»។​

កញ្ញា​ ធូ ស្រីពេជ ​ក៏បាន​រៀបរាប់​លើ​គណនេយ្យ​ហ្វេសប៊ុក​របស់​កញ្ញា ​នៅថ្ងៃ​ទី​ ៣០​ ខែ​មករា​ថា ​ឪពុក​របស់​កញ្ញា​បាន​បាត់បង់​ជីវិត​ក្នុង​មន្ទីរពេទ្យ​នោះ ​ដោយសារ​មន្ទីរ​ពេទ្យ​គ្មាន​គ្រូពេទ្យ​យាម​ប្រចាំការ​គ្រប់គ្រាន់ ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ​ត្រូវរង់​ចាំពេទ្យ​ ទំនាក់ទំនង​ទូរស័ព្ទ​ទៅពេទ្យ​ម្នាក់​ទៀត ​ដែល​ដាស់​គ្នា​ឱ្យ​ក្រោក​ធ្វើការ​ បង់​លុយ​មុន​ មិន​មាន​ការ​សង្គ្រោះ​បឋម​ត្រឹមត្រូវ។ ​ចំណែក​ឡានពេទ្យ​សម្រាប់​ដឹក​អ្នក​ជំងឺ ​ឬ​ហៅ​ថា​ឡាន​សាមុយ​ ទារលុយ ​និង​ស្កាត់​មិន​ឱ្យ​យក​ទៅ​ក្រៅ​និង​ប្រើ​ពាក្យ​ពេចន៍​ខ្វះ​ក្រម​សុជីវៈ​ធម៌ ​ជាដើម។ ​

កញ្ញា​ចោទ​សួរលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖ ​«តើមាន​វិធី​សាស្រ្ត​ណា​ដែល​ល្អជាង​ការ​បកស្រាយ ​ជាង​ការ​បកស្រាយ​បំភ្លឺ​ទេ? ​ឬក៏​ត្រូវ​ឱ្យ​មាន​ករណី​នេះ​បន្ត​កើត​មាន​ឡើង​លើ​ប្រជា​ពលរដ្ឋ​ផ្សេងៗ​ទៀត?»​

វីអូអេ​បាន​ទាក់​ទង​ទៅ​លេខ​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​លោក ​ងី ម៉េង​ ប៉ុន្តែ​ជំនួយ​ការ​លើក​ទូរស័ព្ទ​ ដោយ​ប្រាប់​ឱ្យ​អ្នក​សារ​ព័ត៌មាន​វីអូអេ​ទៅ​សួរ​នាំ​ព័ត៌មាន​លើ​បញ្ហានេះ​ពីផ្នែក​រដ្ឋបាល​មន្ទីរពេទ្យ​ដោយផ្ទាល់។ ​អ្នក​សារព័ត៌​មាន​វីអូអេបាន​ទៅ​ដល់​ជាន់​ទី៥​នៃ​អគារ​រដ្ឋបាល​មន្ទីរពេទ្យ ​នៅថ្ងៃ​អង្គារ​នេះ ប៉ុន្តែបុគ្គលិក​នៅ​ទីនោះ​ប្រាប់​វីអូអេ​ឱ្យ​ទាក់​ទង​ក្រសួង​សុខាភិបាល​ជំនួសវិញ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ឱ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។​

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​នេះ​ថា មន្ទីរ​ពេទ្យ​ត្រូវ​ប្រុង​ប្រយ័ត្ន​រាល់​ការ​អនុវត្ត​ការងារ​ព្យាបាល​អ្នក​ជំងឺជានិច្ច ​និង​គួរ​មាន​ប្រព័ន្ធ​តាម​ដាន​ត្រួត​ពិនិត្យ​ដើម្បី​កុំ​ឱ្យ​បញ្ហា​បែប​នេះ​កើត​ឡើង​បន្ត​ទៀត។ ​

លោក ​សន ជ័យ​ ថ្លែង​ថា៖​ «​សម្រាប់​ខ្ញុំ ​យល់​ថា​ ការ​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​និងឆ្លើយ​តប​ជា​បន្ទាន់​ចំាបាច់​ទៅ​នឹង​ស្ថានភាព ​បាន​ន័យ​ថា​ យក​វិធានការ​ដែល​មាន​ស្រាប់​យក​មក​ពង្រឹង​ឡើង​វិញ​ ដូច​ជា​រឿង​កុំ​ឱ្យ​មាន​ការ​ទារ​លុយ​ពី​អ្នក​ជំងឺ​មុន​ការ​ព្យាបាល​អី​ជា​ដើម​នេះ​ សុទ្ធតែ​វិធាន​ការ​ចាស់​ទេ​ ប៉ុន្ដែ​បែប​ជា​នៅ​មាន​ការ​លើក​ឡើង​ថា ​នៅ​មាន​ករណី​បែប​នេះ​កើត​ឡើង​ដដែល»។​

លោក ​សន ជ័យ ​យល់​ឃើញ​ថា មន្ទីរ​ពេទ្យ​រដ្ឋ​គួរ​តែ​រៀបចំ​ឧបករណ៍ ​និង​សម្ភារៈ​បែប​ទំនើប​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល​ជំងឺ​របស់​អ្នកជំងឺ ​ការ​ពង្រឹង​នូវ​យន្ដការ ​ក្រម​សីលធម៌ ​ឥរិយាបថ​ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ​ទាក់ទង​នឹងបញ្ហា​នានា​ឱ្យ​បាន​ឆាប់​រហ័ស​ បូក​ផ្សំ​ជាមួយ​គុណ​ភាព​ឱសថ ​និង​ការ​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​ឆាប់​ជា​សះស្បើយ ​ដែល​ទាំង​អស់​នេះ​ជា​អ្វីដែល​ពលរដ្ឋ​ចង់​បាន​ និង​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​មន្ទីរ​ពេទ្យ​រដ្ឋ។ ​

ជុំវិញ​បញ្ហា​នេះ ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បញ្ចេញ​មតិ​យោបល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​និង​ខ្លះ​ចូល​ទៅ​បញ្ចេញ​យោបល់ ក្រោម​ខ្ទង់ ​Comment ​របស់​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត ​ដែល​ផ្សព្វផ្សាយ​លិខិត​ស្រាយ​បំភ្លឺ​នោះ។​ ពួកគេ​ចង់​ឃើញ​មន្ទីរ​ពេទ្យ និង​ក្រសួង​សុខាភិបាល​ស៊ើប​អង្កេត ​និង​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​ជុំវិញ​ករណី​នេះ​ ដើម្បី​កុំឱ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ ​និង​បាត់បង់​ជំនឿ​លើ​សេវា​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ៕ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG