Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជា​ប្រាប់​សាធារណជន​កុំ​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម


រូបឯកសារ៖ កុមារម្នាក់កំពុងទទួលការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១១។
រូបឯកសារ៖ កុមារម្នាក់កំពុងទទួលការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១១។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​កា​រប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម ​ព្រោះ​ពុំ​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ណា​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ឡើយ ​រហូត​មក​ដល់​ពេល​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ចុះ​ថ្ងៃ​ទី ២៤​ ខែ​មករា ​ឆ្នាំ​ ២០២៤។​

ក្រសួង​នេះបាន​ឱ្យដឹង​ថា ​បច្ចុប្បន្ន​នេះ ​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ឈ្មោះ​ Qdenga ​នៅ​លើ​បណ្ដាញ​សង្គម។ ​ក្រសួង​បញ្ជាក់​ថា ​វ៉ាក់សាំងឈ្មោះ ​Qdenga​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ​ ហើយ​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA) ​សហ​រដ្ឋ​អាមេរិកមិន​ទាន់​ទទួល​ស្គាល់​ ​Qdenga ​នៅ​ឡើយ។​

បច្ចុប្បន្ន​នេះ ​វ៉ាក់សាំង​ Qdenga ​មិន​ទាន់​ត្រូវ​បាន​ចុះ​បញ្ជីការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ ​

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​សាធារណ​ជន​ស្វែង​យល់​និង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កា​រ​ថែទាំ​សុខភាព​ ដោយ​មធ្យោបាយ​សម​ស្រប​ដែល​មាន​ការ​អនុញ្ញាត​ដោយ​ក្រសួង​សុខាភិបាល។​

ដើម្បី​បង្ការ​ជំងឺ​គ្រុន​ឈាម ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​សាធារណ​ជន ​រួម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន​ ត្រូវ​មាន​សកម្មភាព​ចូលរួម​កម្ចាត់​ដង្កូវ​ទឹក​តាម​ទី​កន្លែង​ ដែល​មាន​ទឹក​ដក់ ​ដូចជា​សំបក​កង់ឡាន សំបក​កង់​ម៉ូតូ ​ពាង ​សំបក​ដប ​កំប៉ុង ​ត្រឡោក​ដូង ​និង​វត្ថុ​ដក់​ទឹក​ផ្សេងៗ។​ ក្នុង​ករណី​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ​ និង​ព្យាបាល​នៅ​តាម​មណ្ឌល​សុខ​ភាព ​ឬ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG