Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មី​នៃ​ជំងឺ​ផ្ដាសាយ​បក្សីនៅខេត្តព្រៃវែង


រូបឯកសារ៖ រូបភាពមួយបង្ហាញតេស្តផ្តាសាយបក្សីវិជ្ជមាន ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ រូបភាពមួយបង្ហាញតេស្តផ្តាសាយបក្សីវិជ្ជមាន ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ​H5N1​ មួយ​ករណី​ទៀត ​នៅ​លើ​ក្មេង​ប្រុស​ម្នាក់​ អាយុ​៣​ឆ្នាំ ​ដែល​រស់​នៅ​ក្នុង​ភូមិ​តាប្រុយ ​ឃុំ​ព្រែក​ពោន​ ស្រុក​កំពង់​ត្របែក ​ខេត្ត​ព្រៃវែង។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​នេះ។​

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី ២៥​ ខែ​មករា ​ឆ្នាំ​ ២០២៤ ​ថា​ មាន​វីរុស​ផ្ដាសាយ​បក្សី ​ប្រភេទ​ H5N1។ ​ក្រសួង​បន្ថែម​ថា ​បើ​តាម​ការ​សាកសួរ​ប្រហែល ​១០​ថ្ងៃ​មុន ​មាន​សត្វ​មាន់​ទា​ងាប់​នៅ​ក្នុង​ភូមិ​ និង​នៅ​ជុំវិញ​ផ្ទះ​អ្នក​ជំងឺ។ ​បច្ចុប្បន្ន​នេះ ​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យ។​

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​ក្រសួង​សុខាភិបាល​កំពុង​សហការ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ចម្លង ​និង​ស្វែង​រក​ករណី​សង្ស័យ ​និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​ក្នុង​សហគមន៍​និង​ផ្ដល់​ឱសថ​តាម៊ីហ្លូ ​(Tammiflu)​ ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ ​២០២៣ ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​ផ្តាសាយ​បក្សី ​កើត​លើ​ក្មេង​ស្រី​ម្នាក់ ​អាយុ​២​ឆ្នាំ ​និង​បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ ​មក​ពី​ខេត្ត​ព្រៃ​វែង ​ដែល​ពួកគេ​បាន​ស្លាប់។​

បើ​តាម​ក្រសួង​សុខាភិបាល វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ (H5N1)​ នេះ​ មាន​ដូច​ជា​ការ​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​បន្ទាប់​ពី​មាន​ការ​ប៉ះ​ពាល់​ជាមួយ​បក្សី ​ដាក់​បក្សី​ឱ្យ​ឆ្ងាយ​ពី​កុមារ​ និង​កន្លែង​រស់​នៅ​ និង​កុំ​បរិភោគ​សត្វ​បក្សី​ឈឺ​ ឬ​ងាប់​ជា​ដើម។ ​ក្រសួង​បញ្ជាក់​ថា ​ជំងឺ​ផ្ដាសាយ​បក្សី ​(H5N1) ​នេះ​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ ​ប៉ុន្តែ​វា​ក៏​អាច​បំប្លែង​ខ្លួន​ឆ្លង​ដូច​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG