Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ថ្មី៖ ក្នុងឆ្នាំ២០២៣ អ្នកសារព័ត៌មានកម្ពុជានៅតែប្រឈមនឹងការយាយីនិងការរឹតត្បិតសិទ្ធិសេរីភាព


រូបឯកសារ៖ ក្រុមអ្នកសារព័ត៌មានផ្តិតយករូបភាព​នៅមុខ​តុលាការ​ភ្នំពេញ អំឡុង​សាលក្រមកាត់ទោសលោក កឹម សុខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុមអ្នកសារព័ត៌មានផ្តិតយករូបភាព​នៅមុខ​តុលាការ​ភ្នំពេញ អំឡុង​សាលក្រមកាត់ទោសលោក កឹម សុខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

អ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤ ​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ប្រឈម​មុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់ ​ក្នុង​ឆ្នាំ ​២០២៣ ​នេះ ​ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​ នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ដែល​ប្រព្រឹត្ត​ទៅ ​កាល​ពី​ថ្ងៃ​ទី​ ២៣ ​ខែ​កក្កដា។ ​នេះ​បើ​តាម​កំណត់​ត្រា​មួយ​ផ្នែក​នៃ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា ​ហៅ​កាត់​ថា ​ខេមបូចា​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

កំណត់​ត្រា​មួយ​ផ្នែក​នៃ​របាយ​ការណ៍​របស់​ខេមបូចា​បាន​កត់​សម្គាល់​ថា​ ក្នុង​ចំណោម​ការ​យាយី​ សរុប​ចំនួន​ ៣៣​ ករណី ​មាន ​១៣​ ករណី ​ដែល​ជា​ការ​ប្រើប្រាស់​ចំណាត់​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​សារ​ព័ត៌មាន ​គឺ​កើន​ឡើង​ពី ​៧​ ករណី បើ​ធៀប​នឹង​ឆ្នាំ ​២០២២។​

កំណត់​ត្រា​មួយ​ផ្នែក​នៃ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​ខេមបូចា​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​ ៦ ​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ដាក់​ពន្ធនាគារ​ រីឯ​ឆ្នាំ​ ២០២២​មាន​ ៧ ​នាក់។ ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជាទូទៅ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​អនឡាញ​ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ»។​

នាយក​ប្រតិបត្តិ​ ខេមបូចា​ លោក​ ណុប វី​ ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​អាណត្តិ​ទី ​៧ ​នេះ​កំពុង​បង្កើត​ឱ្យ​មាន​យន្ត​ការ​ក្នុង​ការ​ជួប​ជជែក ​និង​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​សារ​ព័ត៌មាន ​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា ​មិន​ទាន់​អាច​មាន​ការ​វាយ​តម្លៃ​ជា​ថ្មី​សម្រាប់​សេរីភាព​បញ្ចេញ​មតិ ​និង​សេរីភាព​សារ​ព័ត៌មាន​នៅ​ឡើយ​ទេ។​ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រូប​នេះ​បន្ថែម​ថា ​លោក​ចង់​ឃើញ​ស្ថាប័ន​សារ​ព័ត៌មាន​ដែល​ផ្សាយ​ពី​បរទេស​មាន​ការិយាល័យ​នៅ​កម្ពុជា​វិញ​ផង​ដែរ។​ លោក​លើក​ឡើង​ថា​ វិស័យ​ព័ត៌មាន​អនឡាញ​នៅ​កម្ពុជា​ក៏​មាន​ការ​រីក​ចម្រើន​មួយ​កម្រិត​ទៀត​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «យ៉ាង​ណា​ក្តី ​ការ​វាយ​តម្លៃ​អំពី​វឌ្ឍនភាព​វិស័យ​សារ​ព័ត៌មាន​ វា​ចាំ​បាច់​ពិនិត្យ​ទៅ​លើ​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន ​Censorship ​ [ការ​ដាក់​ពិរុទ្ធ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ] ​រឿង​ទាក់​ទង​នឹង​ភាព​ចម្រុះ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ធ្វើ​ការ​លើ​ប្រទេស​កម្ពុជា។ ​អ៊ីចឹង​ប្រសិន​យោង​តាម​សូចនាករ​ទាំង​បី​ខាង​លើ​ដែល​ខ្ញុំ​លើក​ឡើង​ហ្នឹង ​គឺ​ថា​ យើង​មិន​ទាន់​អាច​វាយ​តម្លៃ​អំពី​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទេ»។​

យ៉ាង​ណា​មិញ​ លោក ​ណុប វី​ បញ្ជាក់​ថា​ កន្លង​ទៅ ​ការ​ដក​ហូត​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​អនុវត្ត​សេរីភាព​សារ​ព័ត៌មាន​ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ដែល​វា​បាន​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​ពួកគេ។​

លោក​ថ្លែង​ថា៖​ «[អ្វី]​ ដែល​ធ្វើ​ឱ្យ​មាន​កង្វល់​ ហើយ​ធ្វើ​ឱ្យ​យើង​មាន​ការ​ទទូច​យ៉ាង​ខ្លាំង​ទៅ​ដល់​រដ្ឋាភិបាល​ សុំ​ឱ្យ​ពិនិត្យ​អំពី​ការ​អនុវត្ត ​ហើយ​នឹង​ពង្រឹង​ក៏​ដូច​ជា​ជួយ​បន្ថែម​ទៀត​ ដើម្បី​ផ្តល់​ការ​បើក​ចំហ​ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ ​សេរីភាព​សារ​ព័ត៌មាន​ និង​ការ​អនុវត្ត​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ផង​ដែរ»។​

លោក ​ណុប វី ​សង្កត់​ធ្ងន់​ដែរ​ថា​ ការ​ឈាន​ដល់​ដំណើរ​ការ​នៃ​ការ​ដក​ហូត​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គួរ​មាន​ការ​ឆ្លង​កាត់​តាម​ប្រព័ន្ធ​តុលាការ ​ហើយ​អំពាវ​នាវ​ឱ្យ​លុប​ចោល​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​មិន​ឆ្លង​កាត់​ដំណើរ​ការ​តុលាការ​ ដែល​រំលោភ​លើ​គោល​ការណ៍​សេរីភាព​សារ​ព័ត៌មាន​ និង​មាត្រា​ ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

កាល​ពី​ខែ​កុម្ភៈ ​ក្រសួង​ព័ត៌មាន​បាន​លុប​ចោល​អាជ្ញា​បណ្ណ​របស់​វីអូឌី ​តាម​បញ្ជា​របស់​អតីត​នាយក​រដ្ឋមន្រ្តី​លោក ​ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ​ហ៊ុន ម៉ាណែត ​ចុះ​ហត្ថលេខា​ជំនួស​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ក្នុង​ការ​ផ្តល់​ជំនួយ​ ១០០.០០០​ ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយ​ដី។ ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ​វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»។​

រូបឯកសារ៖ បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ បន្ទប់​ស្ទូឌីយោ​ថត​សំឡេង​នៅ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD)ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​ខ្ទប់​គេហ​ទំព័រ​សារ​ព័ត៌មាន​មួយ​ចំនួន ​ក្នុង​នោះ​មាន​សារ​ព័ត៌មាន​អាស៊ីសេរី ​The Cambodia Daily ​និង​គេហ​ទំព័រ​កំណត់​ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារ​ព័ត៌មាន​វីអូឌី ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរ​ការ។​

គេហ​ទំព័រ​ឈ្មោះ​ «កំណត់ត្រា» ​kamnotra.io ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​នូវ​ទិន្ន​ន័យ​ព័ត៌​មាន​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​រួច​ហើយ។​ វា​ត្រូវ​បាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ (CCIM) ​ដែល​គ្រប់​គ្រង​វីអូឌី ​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ខែ​មិថុនា។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក ​ទេព ​អស្នារិទ្ធ​ ប្រាប់​វីអូអេ​ថា​ អ្នក​សារ​ព័ត៌មាន​ទាំង​អស់​នៅ​កម្ពុជា​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​នូវ​ការងារ​របស់​ខ្លួន ​ស្រប​តាម​វិជ្ជាជីវៈ ​និង​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន ​ដោយ​គ្មាន​ការ​រំខាន​ណា​មួយ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​អ្នក​សារ​ព័ត៌មាន​បាន​និង​កំពុង​បំពេញ​តួនាទី​ និង​ភារ​កិច្ច​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ​ និង​យ៉ាង​សកម្ម​ពី​គ្រប់​ទិស​ទី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​ការ​ផលិត ​និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​ឬ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​របស់​ខ្លួន​ដោយ​សេរី​ គ្រប់​ពេល​វេលា ​និង​ប្រកប​ដោយ​សុវត្ថិភាព»។​

លោក ​ទេព អស្នារិទ្ធ ​បញ្ជាក់​ទៀត​ថា​ ការ​លើក​ឡើង​ពី​សិទ្ធិ​សេរីភាព​អាច​ជា​របៀប​វារៈ​នយោបាយ ​ដោយ​លោក​អះអាង​ថា ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​តែង​តែ​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រដ្ឋាភិបាល​គ្រប់​អាណតិ្ត។​

លោក​ថ្លែង​ថា៖ ​«ហើយ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​ទទួល​បាន​នូវ​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រាជ​រដ្ឋាភិបាល​ពី​អាណតិ្ត​មួយ​ទៅ​អាណតិ្ត​មួយ​ជា​រៀង​រហូត​មក​ ជា​ពិសេស​នៅ​ក្នុង​អាណត្តិ​ទី ​៧ ​នេះ​តែ​ម្តង ​ក្រសួង​ព័ត៌មាន​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​ការ​គាំពារ​ និង​ការ​ការពារ​សិទ្ធិ​ដល់​អ្នក​សារ​ព័ត៌មាន​ និង​លើក​កម្ពស់​សេរី​ភាព​សារ​ព័ត៌មាន ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​ក្នុង​ការ​ចូល​រួម​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា»។​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ​ក៏​ជំរុញ​ឲ្យ​អ្នក​សារ​ព័ត៌មាន​បន្ត​ពង្រឹង​សមត្ថភាព​ជំនាញ​ និង​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​ក្រមសីល​ធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ដើម្បី​បំពេញ​តួនាទី​ឱ្យ​មាន​ប្រសិទ្ធ​ភាព។​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ​នៅ​ឆ្នាំ ​២០២៣​ ដែល​មាន​ន័យ​ថា ​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់ ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕​

XS
SM
MD
LG