Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Paetongtarn ដែល​ជា​កូនស្រី​លោក Thaksin លេច​មុខ​ជា​តួអង្គ​ដ៏​សំខាន់​នៅ​ក្នុង​នយោបាយ​ថៃ


រូប​ឯកសារ៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក Thaksin Shinawatra ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ក្នុង​រដ្ឋប្រហារ​​កាល​ពី​ឆ្នាំ​២០០៦ ថត​រូប​ជាមួយ​កូនស្រី​ គឺ​អ្នកស្រី Paetongtarn Shinawatra ក្នុង​អំឡុង​ថ្ងៃ​អ្នកស្រី​ទទួល​សញ្ញាប័ត្រ​នៅ​​សាកលវិទ្យាល័យ​មួយ​នៅ​ក្រុង​បាងកក កាល​ពី​ឆ្នាំ​២០០៨។
រូប​ឯកសារ៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក Thaksin Shinawatra ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ក្នុង​រដ្ឋប្រហារ​​កាល​ពី​ឆ្នាំ​២០០៦ ថត​រូប​ជាមួយ​កូនស្រី​ គឺ​អ្នកស្រី Paetongtarn Shinawatra ក្នុង​អំឡុង​ថ្ងៃ​អ្នកស្រី​ទទួល​សញ្ញាប័ត្រ​នៅ​​សាកលវិទ្យាល័យ​មួយ​នៅ​ក្រុង​បាងកក កាល​ពី​ឆ្នាំ​២០០៨។

ការ​លេច​មុខ​ឡើង​របស់​អ្នកស្រី Paetongtarn Shinawatra ជា​តួអង្គ​នយោបាយ​និង​អាច​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ​អាច​បង្ក​ឱ្យ​មាន​ការ​បែកបាក់​នយោបាយ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ។ អ្នកស្រី​គឺ​ជា​កូនស្រី​របស់​លោក Thaksin Shinawatra ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស។

អ្នកស្រី Paetongtarn ត្រូវ​បាន​តែងតាំង​កាលពី​ខែ​តុលា​ឆ្នាំ​មុន​ជា​ប្រធាន​គណៈកម្មាធិការ​ទីប្រឹក្សា​បរិយាបន្ន​និង​នវានុវត្តន៍ (Inclusion and Innovation Advisor Committee) សម្រាប់​គណបក្ស Pheu Thai ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​និង​ជា​គណបក្ស​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ថៃ​ដែល​មេដឹកនាំ​ជាក់ស្ដែង​របស់​គណបក្ស​នេះ​គឺ​លោក Thaksin។

បន្ទាប់ពី​ត្រូវ​បាន​តែងតាំង មនុស្ស​ជា​ច្រើន​ជឿ​ថា​ឥឡូវ​នេះ​អ្នកស្រី Paetongtarn នឹង​ក្លាយ​ជា​បេក្ខជន​របស់​គណបក្ស​សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ដែល​អាច​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។ នៅ​ពេល​នេះ​ដែរ នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​បន្ទាប់​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ដែរ។

គូ​ប្រជែង​របស់​លោក Thaksin ដែល​គាំទ្រ​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​ចុងក្រោយ​នៅ​ក្នុង​ការ​ទម្លាក់​លោក​និង​អ្នកស្រី Yingluck Shinawatra ដែល​ជា​ប្អូន​ស្រី​របស់​លោក ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី បាន​និយាយ​រួច​ហើយ​ថា ករណី​នេះ​អាច​ជា​ករណី Shinawatra លើក​ទី ៣។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី Paetongtarn ដែល​មិន​ដែល​កាន់​តំណែង​នយោបាយ​ណា​មួយ​មុន​ពេល​ត្រូវ​បាន​តែងតាំង​ដោយ​គណបក្ស Pheu Thai របស់​អ្នកស្រី​លើក​នេះ ភាគ​ច្រើន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​រឿង​នេះ។

មេដឹកនាំ​គណបក្ស Pheu Thai លោក Chonlanan Srikaew បាន​ប្រាប់ VOA ថា នៅ​ពេល​នេះ គណបក្ស Pheu Thai កំពុង​ស្ទង់​មើល​ប្រជាប្រិយ​ភាព​របស់​អ្នកស្រី Paetongtarn។

នៅ​ពេល​ដែល​សួរ​ថា​តើ​គណបក្ស Pheu Thai នឹង​តែងតាំង​អ្នកស្រី Paetongtarn ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ឬ​ក៏​អត់ លោក Chonlanan បាន​ថ្លែង​ថា៖ «ទេ! យើង​មិន​ទាន់​គិត​ដូច្នេះ​ទេ​នៅ​ពេល​ឥឡូវ​នេះ»។

លោក​បាន​បន្ត​ថា៖ «ឥឡូវ​នេះ អ្នកស្រី Paetongtarn គឺ​ជា​ប្រមុខ​មហា​គ្រួសារ​គណបក្ស Pheu Thai ដែល​កំពុង​ជួយ​លើ​កិច្ចការ​ពង្រីក​មូលដ្ឋាន​គណបក្ស ហើយ​ការ​តែងតាំង​នេះ​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ណា​មួយ​ជាមួយ​នឹង​បេក្ខភាព [ជា​នាយករដ្ឋមន្ត្រី] នោះ​ឡើយ»។

លោក​បាន​បន្ថែម​ថា៖ «សម្រាប់​សំណួរ​ដែល​ថា​តើ​អ្នកស្រី Paetongtarn គួរតែ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឬ​ក៏​យ៉ាង​ណា​នោះ នេះ​ក៏​ជា​អ្វី​ដែល​យើង​ចង់​សួរ​ប្រជាពលរដ្ឋ​ផង​ដែរ»។

តំណែង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិធី​មួយ​នៅ​ក្នុង​ការ​សាកល្បង​ប្រជាប្រិយភាព​របស់​អ្នកស្រី​ដោយ​មិន​ឱ្យ​មាន​ការ​រិះគន់​ថា​លោក Thaksin នៅតែ​គ្រប់គ្រង​គណបក្ស Pheu Thai។

លោក Thitinan Pongsudhirak ដែល​ជា​សាស្ត្រាចារ្យ​និង​ជា​ប្រធាន​វិទ្យាស្ថាន​សិក្សា​សន្តិសុខ​និង​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Chulalongkorn បាន​ប្រាប់ VOA ថា គណបក្ស Pheu Thai កំពុង​ស្ទង់​មើល​ថា​តើ​អាច​នឹង​មាន​ប្រតិកម្ម​អ្វី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ថា​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ឥឡូវ​នេះ​អ្នកស្រី Paetongtarn គឺ​ជា​មេដឹកនាំ​បែប​និមិត្តរូប​របស់​គណបក្ស Pheu Thai។

លោក Thitinan បាន​និយាយ​ថា ការ​បង្ហាញ​ការ​គាំទ្រ​ខ្លាំងក្លា​នា​ពេល​ថ្មីៗ​នេះ​ចំពោះ​អ្នកស្រី Paetongtarn នៅ​ពេល​ដែល​អ្នកស្រី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ភាគ​ឦសាន្ត​ប្រទេស គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​លទ្ធភាព​នៃ​ការ​តែងតាំង​អ្នកស្រី។

រូប​ឯកសារ៖ អ្នក​គាំទ្រ​គណបក្ស Pheu Thai ប្រតិកម្ម​នឹង​លទ្ធផលក្រៅ​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជាតិ​ នៅ​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩។
រូប​ឯកសារ៖ អ្នក​គាំទ្រ​គណបក្ស Pheu Thai ប្រតិកម្ម​នឹង​លទ្ធផលក្រៅ​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជាតិ​ នៅ​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩។

តំបន់​ភាគ​ឦសាន្ត​ប្រទេស​ថៃ​គឺ​ជា​តំបន់​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​ចំពោះ​គណបក្ស Pheu Thai ដែល​ក្រុម​គាំទ្រ​ទាំង​នោះ​គឺ​ជា​ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​លោក Thaksin និង​ជា​ក្រុម​ដែល​ប្រឆាំង​នឹង​របប​យោធា។

លោក Thitinan បាន​បញ្ជាក់​ថា៖ «គិត​មក​ទល់​នឹង​ពេល​នេះ អ្នកស្រី​សក្ដិសម​នឹង​មុខ​តំណែង​នេះ»។

លោក Thitinan បាន​បន្ថែម​ថា៖ «អ្នកស្រី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា​ពី​អ្នក​គាំទ្រ​របស់​គណបក្ស Pheu Thai។ ក្រុម​អាវ​ក្រហម​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ឡើង​វិញ​ដើម្បី​គាំទ្រ​អ្នកស្រី។ អ្នកស្រី​ហាក់​ដូចជា​រៀនសូត្រ​ពី​កិច្ចការ​នេះ​បាន​យ៉ាង​លឿន​ជា​ទី​បំផុត ហើយ​ពួកគេ​ប្រហែល​ជា​ត្រូវការ​អ្នកស្រី ហើយ​លោក Thaksin ក៏​ត្រូវការ​អ្នកស្រី​ផង​ដែរ»។

លោក Thitinan បាន​និយាយ​ថា អ្វី​ដែល​លោក Thaksin បាន​ដក​បទ​ពិសោធន៍​ពី​សម័យ​អ្នកស្រី Yingluck ជា​នាយករដ្ឋមន្ត្រី​គឺ​ថា លោក​ត្រូវការ​នរណា​ម្នាក់​ដែល​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ខ្លាំង​ជាង​មុន​ជាមួយ​នឹង​លោក ដែល​នោះ​គឺ​អ្នកស្រី Paetongtarn ដែល​ជា​កូន​ស្រី​របស់​លោក​នេះ​ហើយ។

គូ​ប្រជែង​របស់​លោក Thaksin បាន​និយាយ​ថា មូលហេតុ​តែ​មួយ​គត់​ដែល​គណបក្ស Pheu Thai នឹង​តែងតាំង​អ្នកស្រី Paetongtarn ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​គឺ​ដោយសារតែ​លោក Thaksin នៅតែ​កំពុង​ស្វែង​រក​មធ្យោបាយ​ដើម្បី​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ដោយ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ជាប់​ពន្ធនាគារ។

លោក Thaksin បាន​ចាកចេញ​ពី​ប្រទេស​ថៃ​នៅ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០០៦ នៅ​ទីនោះ ដោយសារតែ​លោក​បាន​រង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចោទ​ប្រកាន់​រឿង​កិច្ច​ព្រមព្រៀង​ដី​ធ្លី​ពុករលួយ ការ​មាន​ភាគហ៊ុន​ខុស​ច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​ទទួល​បាន​សម្បទាន​ពី​រដ្ឋ និង​ការ​ចោទ​ប្រកាន់​រឿង​បរិហារ​កេរ្តិ៍​ព្រះ​មហាក្សត្រ​ផង​ដែរ។ លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ដោយ​ថា​មាន​លក្ខណៈ​នយោបាយ។

លោក Suthep Thaugsuban ដែល​ដឹកនាំ​ការ​តវ៉ា​របស់​គណៈកម្មាធិការ​កំណែទម្រង់​ប្រជាមានិត​ប្រជាធិបតេយ្យ (People's Democratic Reform Committee) ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​អ្នកស្រី Yingluck មុន​ពេល​រដ្ឋប្រហារ​ឆ្នាំ ២០១៤ បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ​មួយ​កាលពី​ខែ​មេសា​ថា អ្នកស្រី Paetongtarn អាច​ពុករលួយ​ដូច​ឪពុក​របស់​អ្នកស្រី ហើយ​លោក​បាន​សន្យា​ថា​នឹង​បន្ត​ប្រឆាំង​នឹង «របប Thaksin»។

លោក Suthep ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​ការ​ភ័យ​ព្រួយ បន្ទាប់ពី​បាន​ឮ​អំពី​យុទ្ធសាស្ត្រ​កៀរគរ​រក​សំឡេង​ឆ្នោត​ដើម្បី​ឱ្យ​បាន​ឈ្នះ​ដាច់​នេះ ហើយ​គណបក្ស​មួយ​ហ្នឹង​អាច​ដឹកនាំ​ប្រទេស​ថៃ​ម្ដង​ទៀត»។

គណបក្ស Pheu Thai មាន​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាង​ណា​ឈ្នះ​ឱ្យ​បាន​អាសនៈ​រដ្ឋសភា​ជាង ២៥០ អាសនៈ ឬ​ក៏​យ៉ាង​ហោច​ណាស់​ឈ្នះ​សំឡេង​ឆ្នោត​ឱ្យ​បាន ១៨ លាន​សំឡេង​ក្នុង​ចំណោម​សំឡេង​ឆ្នោត​សរុប​ចំនួន ៣៥ លាន​សំឡេង ដើម្បី​ឱ្យ​ខ្លួន​អាច​ទម្លាក់​សមាជិក​ព្រឹទ្ធសភា​ចំនួន ២៥០ រូប​ដែល​តែងតាំង​ដោយ​យោធា​នា​ពេល​បច្ចុប្បន្ន​បាន ដែល​សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​ទំនងជា​គាំទ្រ​លោក Prayuth ឬ​ក៏​បេក្ខជន​ណា​មួយ​ផ្សេង​ទៀត​នៃ​គណបក្ស Palang Pracharath ដែល​ជា​គណបក្ស​កាន់​អំណាច​មាន​ទំនោរ​ទៅ​រក​យោធា។

លោក Suthep បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​ការ​ភ័យ​ព្រួយ​ដោយសារតែ​ខ្ញុំ​ធ្លាប់​បាន​ឃើញ​ស្ថានការណ៍​នេះ​ពី​មុន។ លោក Thaksin ពុក​រលួយ។ អ្នកស្រី Yingluck ពុក​រលួយ។ ប្រសិនបើ​កូន​ស្រី [របស់​លោក Thaksin] ក្លាយជា​នាយករដ្ឋមន្ត្រី ហើយ​អ្នកស្រី​ពុករលួយ​ដែរ​នោះ តើ​យើង​អាច​ធ្វើ​អ្វី? ខ្ញុំ​មិន​ចង់​ចេញ​ទៅ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ម្ដង​ទៀត​នោះ​ទេ»។

ប្រធាន​គណបក្ស Pheu Thai លោក Chonlanan បាន​ច្រានចោល​ការ​អះអាង​ទាំង​នេះ​របស់​លោក Suthep និង​បាន​និយាយ​ថា កន្លង​មក អ្នក​កាន់​អំណាច​បាន​ប្រើ​ពាក្យ​ដោះសារ​ថា​លុប​បំបាត់​ចោល «របប Thaksin» ដើម្បី​រំលាយ​គណបក្ស​នានា​របស់​លោក Thaksin កាលពី​អតីតកាល ហើយ​ឥឡូវ​នេះ​ពួកគេ​នៅ​ស្វែងរក​វិធី​ដើម្បី​ប្រើ​ពាក្យ​ដោះសារ​នេះ​ប្រឆាំង​នឹង​គណបក្ស Pheu Thai។

លោក Chonlanan បាន​បញ្ជាក់​ថា៖ «នោះ​ជា​អ្វី​ដែល​ពួកគេ​បាន​សម្រេច​បាន​រួច​ហើយ។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ពួកគេ​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនៗ​របស់​គ្រួសារ​ត្រកូល Shinawatra»។

លោក​បាន​បន្ថែម​ថា៖ «គណបក្ស Pheu Thai បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះ​ហោវាសាស្ត្រ​ដូច​នេះ … ហើយ​យើង​បាន​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​ថា​យើង​មាន​តម្លាភាព យើង​មិន​មែន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​គ្រួសារ​មួយ​នោះ​ទេ»។

លោក Thitinan បាន​និយាយ​ថា គណបក្ស Pheu Thai នៅតែ​មាន​មូលដ្ឋាន​គាំទ្រ​ខ្លាំងក្លា​នៅ​តាម​តំបន់​ជនបទ​នៃ​ភាគ​ខាង​ជើង​និង​ភាគ​ឦសាន្ត​ប្រទេស​ថៃ ហើយ​គណបក្ស​នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​កើនឡើង​ពី​ក្រុម​អាវ​ក្រហម ដែល​ករណី​នេះ​មាន​ន័យ​ថា គណបក្ស​នេះ​មាន​ឱកាស​នៅ​ក្នុង​ការ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ច្រើន​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ ហើយ​ការ​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​គឺ «អាច​ទៅ​រួច​ជា​ទី​បំផុត»។

លោក Thitinan បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ​គឺ​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​លោក Prayuth ដែល​ជា​នាយករដ្ឋមន្ត្រី​មិន​មាន​ប្រជាប្រិយ​ភាព​នៅ​ពេល​បច្ចុប្បន្ន​របស់​ប្រទេស​ថៃ។

លោក​បាន​លើកឡើង​ដូច្នេះ​ថា៖ «វា​នឹង​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ប្រសិនបើ​មាន​ការ​បោះឆ្នោត​ជា​ច្រើន​ប្រឆាំង​នឹង​យោធា​និង​ប្រឆាំង​នឹង​រដ្ឋប្រហារ ដែល​ការ​បោះឆ្នោត​ទាំង​នោះ​នឹង​ជួយ​ទ្រទ្រង់​ដល់​មូលដ្ឋាន​គាំទ្រ​របស់​គណបក្ស Pheu Thai»។

លោក​បាន​បន្ថែម​ថា ទោះបីជា​យ៉ាង​ណា​ក៏ដោយ ការ​ទទួល​បាន​ជ័យជម្នះ​ដោយ​ភ្លូក​ទឹក​ភ្លូក​ដី​ប្រហែលជា​មិន​មែន​ជា​រឿង​ល្អ​រាល់​ពេល​នោះ​ទេ។

លោក Thitinan បាន​ថ្លែង​បន្ត​ទៀត​ថា៖ «សម្រាប់​ខ្ញុំ វិបត្តិ​នេះ​បាន​ចាប់ផ្ដើម​ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០០៥ នៅ​ពេល​ដែល​លោក Thaksin ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ជា​បន្ត​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​គណបក្ស​របស់​លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី»។

លោក​បញ្ជាក់​ដូច្នេះ ដោយ​សំដៅ​ទៅ​លើ​រដ្ឋប្រហារ​ពីរ​លើក​ជា​បន្ត​បន្ទាប់ ការ​សម្លាប់​រង្គាល​លើ​ក្រុម​អាវ​ក្រហម និង​ការ​បែកបាក់​នយោបាយ​និង​ភាព​តានតឹង​រវាង​ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​និង​ក្រុម​គាំទ្រ​ព្រះមហាក្សត្រ។

លោក Thitinan បាន​និយាយ​ដូច្នេះ​ថា៖ «ករណី​តែ​មួយ​គត់​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ក្នុង​នយោបាយ​ថៃ គឺ​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​និង​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ជាប់​ឆ្នោត​ក្នុង​សំឡេង​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី ដោយ​ហេតុ​ថា​នៅ​ពេល​ណា​ដែល​អ្នក​ក្លាយជា​បុគ្គល​មាន​ឥទ្ធិពល​អស្ចារ្យ​ផ្នែក​នយោបាយ​ដោយសារ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​កាន់​តំណែង​នៅ​ក្នុង​ប្រទេស​ថៃ អ្នក​នឹង​រង​ការ​ច្រណែន​ឈ្នានីស​ជា​ច្រើន និង​រង​ការ​វាយ​ប្រហារ​ធ្វើ​បាប ដោយសារតែ​អ្នក​កាន់​អំណាច​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​មិន​មែន​ជា​អ្នក​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជ្រើសរើស​នោះ​ទេ»។

លោក Thitinan បាន​លើកឡើង​ខាង​លើ​នេះ​ចង់​សំដៅ​លើ​លោក Thaksin និង​អ្នកស្រី Yingluck។

លោក Thitinan ថា លោក​រំពឹង​ថា​នឹង​មាន​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​និង​ការ​ប៉ុនប៉ង​រារាំង​គណបក្ស Pheu Thai និង​អាច​មាន​ការ​រំលាយ​គណបក្ស​មួយ​ទៀត​កើតឡើង។ កន្លង​មក គណបក្ស​នានា​របស់​លោក Thaksin ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ​នៅ​ក្នុង​វិធានការ​ដែល​អ្នក​ជំនាញ​ជឿ​ថា​មាន​គោល​បំណង​លុប​បំបាត់​លោក Thaksin ចោល។

លោក Thitinan បាន​បញ្ជាក់​ទៀត​ថា ការ​ចោទ​ប្រកាន់​មួយ​អាច​ធ្វើ​ឡើង​ថា​លោក Thaksin កំពុង​គ្រប់គ្រង​នៅ​ពី​ក្រោយ​គណបក្ស​នេះ ដែល​នេះ​គឺ​អាច​ចាត់ទុក​ថា​ជា​ការ​រំលោភ​ច្បាប់។ ច្បាប់​ចែង​ថា គណបក្ស​នយោបាយ​មួយ​មិន​អាច​រង​ឥទ្ធិពល​ឬ​ក៏​គ្រប់គ្រង​ដោយ​អ្នក​ខាង​ក្រៅ​ណា​ម្នាក់​បាន​ទេ។

លោក​បាន​បន្ត​ថា ប្រសិនបើ​គណបក្ស Pheu Thai ត្រូវ​បាន​រំលាយ វា​អាច​បណ្ដាល​ឱ្យ​មាន​ការ​តវ៉ា​មួយ​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដូច​ទៅ​នឹង​ការ​ងើប​បះបោរ​របស់​ក្រុម​អាវ​ក្រហម​កាលពី​ឆ្នាំ ២០០៩ ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី Abhisit Vejjajiva ដូច្នេះ​ដែរ ដែល​វដ្ដ​ដូច​នេះ​នឹង​បន្ត​រហូត។ នៅ​ក្នុង​ការ​បះបោរ​កាលពី​ឆ្នាំ ២០០៩ នោះ ក្រុម​អាវ​ក្រហម​ជឿ​ថា លោក Vejjajiva ត្រូវ​បាន​តែងតាំង​ដោយ​អ្នក​ធ្វើ​រដ្ឋប្រហារ​ដែល​បាន​ទម្លាក់​លោក Thaksin ពី​អំណាច។

លោក Thitinan បាន​បន្ថែម​ថា ក្រៅពី​ការ​រំលាយ​គណបក្ស​ដែល​ធ្វើ​ឡើង​តាម​ផ្លូវ​តុលាការ «ការ​ធ្វើ​រដ្ឋប្រហារ​យោធា​គឺជា​ជម្រើស​ចុងក្រោយ​បង្អស់» ដែល​អាច​នឹង​ធ្វើ​ឡើង។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ទោះ​ជា​យ៉ាងណា​ក៏ដោយ ជម្រើស​យោធា​គឺ​ជា​ជម្រើស​ដែល​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ដូច្នេះ​យោធា​អាច​នឹង​ចៀស​ពី​ជម្រើស​នេះ ដោយ​ពួកគេ​នឹង​ប្រហែលជា​ព្យាយាម​ធ្វើការ​ជាមួយ​នឹង​វិធានការ​របស់​តុលាការ​ម្ដង​ទៀត»៕

ប្រែ​សម្រួល​ដោយ កោះ សុគន្ធី

XS
SM
MD
LG