Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្លាំង​នគរបាល​រឹត​បន្តឹង​​បទ​ល្មើស​​ចរាចរណ៍ ​ខណៈ​​ប្រាក់​​ពិន័យ​​កើន​​ឡើង​ខ្ពស់


រូបឯកសារ៖ នរគរបាល​ចរាចរណ៍​​កំពុង​ត្រួតពិនិត្យ​មើល​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០០២។
រូបឯកសារ៖ នរគរបាល​ចរាចរណ៍​​កំពុង​ត្រួតពិនិត្យ​មើល​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០០២។

កម្លាំង​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ​ព្រមាន​ថា នឹង​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ ចាប់​ពី​ដើម​ខែ​ឧសភា​នេះ​ ក្នុង​នោះ​មាន​ការ​ពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុន រហូត​ដល់​៤​ដង។​

ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ បញ្ជាក់​ថា ​កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស​នឹង​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក ​ដោយ​ចាប់​អនុវត្ត​អនុក្រឹត្យ​ថ្មី​មួយ​ចុះ​ថ្ងៃ​ទី​១៧ ​ខែ​មីនា ​ដែល​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​ជាង​មុន។ ការ​ចាប់​ផ្តើម​រឹត​បន្តឹង​នេះ ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​ឧសភា​ ​ឆ្នាំ​២០២០។​

សេចក្តី​ជូន​ដំណឹង​ដដែល​នោះបញ្ជាក់​ថា​ កង​កម្លាំង​នគរបាល​នឹង​អនុវត្ត​ការ​រឹត​បន្តឹង​នេះ​«ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ ​តម្លាភាព ​ស្មើ​ភាព ​គ្មាន​ការ​លើក​លែង ​និង​មាន​សីលធម៌​វិជ្ជាជីវៈ​ ព្រម​ទាំង​ឥរិយាបថ​ថ្លៃ​ថ្នូរ ​និង​ម៉ឺងម៉ាត់»។​

បើ​តាម​អនុក្រឹត្យ​ថ្មី នេះ​ ការ​បើក​បរ​យាន​យន្ត​ស្ថិត​ក្នុង​ភាព​ស្រវឹង​ត្រូវ​ពិន័យ​ចាប់​ពី​៤០​ម៉ឺន​រៀល​ដល់​៤​លាន​រៀល ​អាស្រ័យ​លើ​កម្រិត​នៃ​ជាតិ​ស្រវឹង។​ ក្នុង​ករណី​ដែល​ជន​ល្មើស​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ទៀត​ក្នុង​រយៈ​ពេល​៦​ខែ​ ពួកគេ​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់ ​គឺ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។​

ចំពោះ​អ្នក​បើក​បរ​យាន​យន្ត ដោយ​គ្មាន​បណ្ណ​សម្គាល់​យាន​ជំនិះ ​និង​/ឬ​ក៏​គ្មាន​ស្លាក​លេខ ​ត្រូវ​ពិន័យ​ទឹក​ប្រាក់ ​១ ​លាន ​២ ​សែន ​រៀល ​សម្រាប់​យានយន្ត​ធុនស្រាល ​និង​២​លាន ​៤ ​សែន រៀល ​សម្រាប់​យានយន្ត​ធុន​ធ្ងន់។​

អ្នក​បើក​បរយាន​យន្ត​ដោយ​គ្មាន​បណ្ណ​បើក​បរ ​ក្នុង​រយៈ​ពេល​ដែល​បណ្ណ​បើកបរ​ត្រូវ​បាន​ដក​ហូត ​ព្យួរ​ទុក​ឬ​ទុក​ជា​មោឃៈ ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ​១ លាន ​២ ​សែនរៀល​ សម្រាប់​យានយន្ត​ធុន​ស្រាល​ និង​ទឹក​ប្រាក់ ​២ ​លាន ៤ ​សែន ​រៀល ​សម្រាប់​យានយន្ត​ធុន​ធ្ងន់។​

អ្នក​បើក​បរ​យាន​យន្ត​ធុនស្រាល​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៧៥.០០០ ​រៀល ​សម្រាប់​ការ​បើក​បរ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៨ ម៉ឺន ​រៀល ​ចំពោះ​ការ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​បើក​បរ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង។​

អ្នក​បើក​ម៉ូតូ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ​៦ ​ម៉ឺន ​រៀល ​ចំពោះ​ការ​បើក​បរ​ដោយ​គ្មាន​កញ្ចក់​មើល​ទៅ​ក្រោយ ​និង​គ្មានមួក​សុវត្ថិ​ភាព ​ឬ​ពាក់​មួក​មិន​ត្រឹមត្រូវ​តាម​ស្តង់​ដារ​ជាតិ​ឬ​ពាក់​មួក​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព។​

លោក ​គង់ រតនៈ ​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ផាក​ពិន័យ​ថ្មី​នេះ​មាន​ទឹក​ប្រាក់​ច្រើន​លើស​មុន​ គឺ​៤​ទៅ​៥​ដង ​ដែល​លោក​ថា​ អាច​ជា​បន្ទុក​មួយ​ទៀត​សម្រាប់​ប្រជា​ពលរដ្ឋ​ ខណៈ​ដែល​ពួកគេ​កំពុង​ប្រឈម​ជីវភាព ​ដោយសារ​វីរុស​កូរ៉ូណា។ ​លោក​បន្ត​ថា​ ប្រសិន​បើ​អាច​ពន្យារ​ពេល​នៃ​ការ​ផាក​ពិន័យ​នេះ ​វា​ជា​រឿង​ល្អ​មួយ ​ដោយសារ​ប្រជា​ពលរដ្ឋ​កំពុង​តែ​ភ័យ​ខ្លាច​នឹង​វីរុស​កូរ៉ូណា ហើយ​ប្រសិន​បើ​មាន​ការ​ផាក​ពិន័យ​ទៀត ​ពួក​គាត់​មាន​អារម្មណ៍​ថា​«វា​ជា​រឿង​ផ្ទួន​លើ​រឿង»។​

លោក​មាន​ប្រសាសន៍​ថា៖ ​«សម្រាប់​ខ្ញុំ បើ​សិន​ជា​យន្ត​ការ​នៃ​ការ​រឹតបន្តឹង​ច្បាប់​ហ្នឹង ​លើក​ពេល​ជា​រឿង​ល្អ ​ហើយ​យើង​យក​ពេល​ដែល​យើង​លើក​ហ្នឹង ទៅ​អប់រំ​ផ្សព្វផ្សាយ​ថា​នឹង​មាន​ការ​រឹត​បន្តឹង​ឲ្យ​ធ្ងន់ ​នៅ​ពេល​ណា​មួយ​ដែល​វា​រាង​ធូរស្រាល​បន្តិច»។​

លោក ​គង់​ រតនៈ បន្ត​ថា ​កម្លាំង​នគរបាលត្រូវ​ធានា​ថា​ ការ​ផាក​ពិន័យ​នេះ​មាន​តម្លាភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖ ​«យើង​ក៏​បារម្ភ​ផង​ដែរ​ចំពោះ​តម្លាភាព​របស់​មន្រ្តី​ចរាចរណ៍ ​ដែល​គាត់​អនុវត្ត​ច្បាប់​ផ្ទាល់​ហ្នឹង ​គាត់​អាច​នឹង​មាន​ឱកាស​នៅ​ក្នុង​ការ​ឆ្លៀត​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជាជាង​ការ​រឹត​បន្តឹង​ច្បាប់»។​

បើ​តាម​លោក ​គង់ រតនៈ ​ក្នុង​មួយ​ឆ្នាំៗ ​មនុស្ស​ប្រមាណ​ ២​.០០០ ​នាក់ ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ហើយ​ជា​មធ្យម ​មនុស្សពី​៥​ទៅ​៦​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ។​ លោក​បន្ត​ថា​ត្រូវ​មាន​ការ​អប់រំ ​ការ​កែ​លម្អ​ផ្លូវ និង​ការ​រឹត​បន្តឹង​ច្បាប់​ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក ​ឆាយ គឹមខឿន​ អ្នក​នាំពាក្យ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ​បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ ការ​ផាក​ពិន័យ​នេះ​មិន​មែន​រដ្ឋាភិបាល​ចង់​បាន​លុយ​នោះ​ទេ គឺ​ចង់​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋ។ ​

លោក​មាន​ប្រសាសន៍​ថា៖ ​«អ៊ីចឹង​ការ​រឹត​បន្តឹង ​ដំឡើង​ការ​ពិន័យ​នេះ​មិន​មែន​ចង់​បាន​លុយ​ទេ។ ទាំង​អស់​គ្នា​ត្រូវ​យល់ ​គឺ​ចង់​ឲ្យ​គាត់​ខ្លាច​ ត្រូវ​ចាប់​បង្ខំ​គាត់​ឲ្យ​គោរព​ច្បាប់។​ មិន​មែន​ដោយ​សារ​កូវីដ ​យើង​នាំ​គ្នា​ជិះ​ម៉ូតូ​ ជិះ​ឡាន​បុក​គ្នា​ស្រេច​ចិត្ត​ឯណា»។​

លោក​ថា​ ការ​ពិន័យ​ខ្ពស់​នេះ ​មិន​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ទេ ​ពី​ព្រោះ​ប្រសិន​បើ​ពួក​គេ​គោរព​ច្បាប់ ​ពុំ​មាន​ការ​ចាប់​ផាក​ពិន័យ​ឡើយ។​ លោក​បន្ត​ថា​ ការ​អនុវត្ត​របស់​កម្លាំង​នគរបាល​នឹង​ធ្វើ​ឲ្យ​បាន​«ហ្មត់​ចត់ ​និង​ម៉ឺង​ម៉ាត់​បំផុត»។​

លោក​ ឆាយ គឹមខឿន​ បញ្ជាក់​ថា​កម្លាំង​នគរបាល​ក៏​ត្រៀម​ការពារ​អនាម័យ​ដែរ​ដើម្បី​បញ្ចៀស​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា ​ពេល​បំពេញ​ការងារ​រឹត​បន្តឹង​បទ​ល្មើស​ចរាចរណ៍។​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​នៅ​ថ្ងៃពុធ​នេះ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដោយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា​នៅ​ពេល​នេះ។ ​

លោក ​ហ៊ុន សែន​ បញ្ជាក់​ថា៖ ​«ការ​រឹត​បន្តឹង​នេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុ​ជីវិត​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ចៀស​វាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​បង្ក​របួស​ស្នាម​ធ្ងន់​ស្រាល​រហូត​ដល់​មាន​ការ​បាត់បង់​អាយុ​ជីវិត​ទៀត​ផង»។​

គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៩បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​២​ពាន់​នាក់​ ដែល​កើន​ឡើង​ជាង​២០០​នាក់ ​ឬ​ស្មើ​នឹង​ជិត​១៣​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។​ របាយ​ការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា​ កត្តា​ដែល​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ គឺ​មក​ពីការ​បើកបរ​លើស​ល្បឿន​កំណត់​ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​និង​បើក​បរ​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាដើម​។

កាល​ពី​ចុង​ឆ្នាំ​២០១៩ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​លោក​ ស ខេង​លើក​ឡើង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដែល​លោក​ថា​និន្នាការ​នេះ​បង្ហាញ​ពី​សញ្ញា​បរាជ័យ​សម្រាប់​យុទ្ធនាការ​នៃ​ការ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍។​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​សល់​១.៦០០​នាក់ ​ត្រឹម​ឆ្នាំ​២០២០៕​

XS
SM
MD
LG