Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​សហការ​គ្នា​បង្កើត​សម្ពន្ធភាព ដើម្បី​ការពារ​អ្នក​សារព័ត៌​មាន


អ្នកជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់​ប្រផ្សព្វផ្សាយ​នៅក្នុង​តំបន់ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
អ្នកជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់​ប្រផ្សព្វផ្សាយ​នៅក្នុង​តំបន់ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

អ្នក​ធ្វើការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់ រួម​មាន​កម្ពុជា​ផង​ដែរ នៅ​ថ្ងៃ​ច​ន្ទ​នេះ បាន​ជួ​ប​ជុំ​គ្នា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពិ​ភាក្សា​អំពី​យន្ត​ការ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ការ​ពារ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​នីមួយៗ។

កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំ​ពេញ ដែល​សមាគម​ខេមបូចា សហការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ​ដើម្បី​រៀប​ចំ​សន្និសីទ​ថ្នាក់​តំបន់​ក្រោ​មប្រធាន​បទ៖ «ការ​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ និង​ការការ​ពារ​សេរីភាព​សារព័ត៌​មាន»។ អ្នកជំនាញ​ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេសទីម័រ។ ពួកគេ​មក​ពី​សម្ព័ន្ធ​នៃ​អ្នក​សារព័ត៌មាន​នៃ​ប្រទេស​ឥណ្ឌូណេស៊ី (AJI) សហជីព​អ្នក​សារព័ត៌មាន​ជាតិ​នៃ​ប្រទេស​ហ្វីលីពីន (NUJP) សម្ព័ន្ធ​នៃ​អ្នក​សារព័ត៌មាន​នៃ​ប្រទេស​ម៉ាឡេស៊ី មជ្ឈមណ្ឌល​ដើម្បី​សារព័ត៌​មាន​ឯករាជ្យ​ម៉ាឡេស៊ី និង​សមាគម​អ្នក​សារព័ត៌មា​នប្រទេសទីម័រ (AJTL)​ ជាដើម។

ក្នុង​ពិធី​បើក​សន្និសីទ​នា​ព្រឹក​ថ្ងៃ​ចន្ទ លោក ណុប វី នាយក​ប្រតិបត្តិ​សមាគមខេមបូចា ថ្លែងថា ​ភាគី​ពាក់ព័ន្ធ​ត្រូវ​តែ​ចាប់​ផ្តើម​គាំទ្រ និង​បង្កើ​តឱ្យមាន​យន្តការ​ដែល​មាន​ចីរភាព មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់​គ្រាន់ ដើម្បី​ជួយ​អ្នក​សារព័ត៌​មាន​ក្នុង​តំបន់។ លោក​បន្ថែម​ថា​ យន្តការ​នេះ​ទៀត​សោត​គួរ​តែ​បន្ថែម​ឱ្យ​មាន​នៅ​តាម​មូលដ្ឋាន ​រួម​ទាំង​តំបន់​ឆ្ងាយ​ពី​ទីក្រុង និង​ធ្វើ​ឱ្យមាន​បន្ថែម​ទៀត​នៅថ្នាក់​តំបន់​ ដែល​លោក​ថា​ ដើម្បី​បង្កើត​«សម្ពន្ធភាព​មិន​អាច​ខ្វះ​បាន»។

លោក ណុប វី បញ្ជាក់​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​យន្ត​ការ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​នេះ​អាច​ជួយ​ជំរុញ​យន្ត​ការ​និង​ស្ថាប័ន​ដែល​ធ្វើ​កិច្ចការ​នៅ​ក្នុង​ប្រទេស​នីមួយៗ​ មាន​ភាព​រឹងមាំ​បន្ថែម​ទៀត តាមរយៈ​ការ​កៀរគរ​ធនធាន ការ​ពង្រឹង​សមត្ថភាព​ បង្កើត​សាមគ្គីភាព​និង​ធ្វើ​កិច្ចការ​រួម​គ្នា ដើម្បី​ធ្វើ​ឱ្យមាន​សំឡេង​កាន់​តែ​រឹងមាំ​ឡើង ក្នុង​ការ​ដាក់​ចេញ​នូវ​សកម្មភាព​ជួយ​គាំទ្រ​ដល់​អ្នក​សារព័ត៌មាន​»។

អ្នក​ចូលរួម​កំពុង​តែ​ទស្សនា​វីដេអូ​នៃ​ការ​ពិភាក្សា​របស់​អ្នកជំនាញ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
អ្នក​ចូលរួម​កំពុង​តែ​ទស្សនា​វីដេអូ​នៃ​ការ​ពិភាក្សា​របស់​អ្នកជំនាញ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

បើ​តាម​លោក ណុប វី អ្នក​ពាក់ព័ន្ធ​ក្នុង​តំបន់​អាច​មាន​យន្តការ​ ដូច​ជា​ការបង្កើត​នូវ​ក្រុម​ប្រឹក្សា​អ្នក​សារព័ត៌មាន​ជាតិ ការ​បង្កើត​ជម្រក​សុវត្ថិភាព​បណ្តោះ​អាសន្ន ស្ថាប័ន​សារព័ត៌មាន​សាធារណៈ សារព័ត៌មាននៅ​តាម​សហគមន៍ ការ​បង្កើត​បន្ថែម​ទៀត​នូវ​មជ្ឈមណ្ឌល​ឬ​សាលា​បណ្តុះ​បណ្តាល​និង​ហ្វឹក​ហ្វឺនសម្រាប់​វិស័យ​សារព័ត៌មាន និង​ការ​បង្កើត​ឱ្យមាន​មូលនិធិ​ឆ្លើយតប​ក្នុង​គ្រា​អាសន្ន​ជាដើម។

ក្នុង​សន្និសីទ​នោះ​ដែរ អ្នកស្រី អ៊ីកា អ៊ិនយាស (Ika Ningtyas)​ អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​ឯករាជ្យ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ (AJI) ថ្លែង​ថា​ ការ​ធ្លាក់​ចុះ​សេរី​ភាព​សារព័ត៌មាន​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​ការ​កើន​ឡើង​នូវ​និទណ្ឌភាព​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន។

អ្នកស្រី​បន្ថែម​ថា ​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ប្រឈម​នឹង​សម្ពាធ​នៃ​ការ​កើន​ឡើង​នៃ​រដ្ឋាភិបាល​ផ្តាច់ការ​ ការ​កើនឡើង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ឌីជីថល​ ព្រម​ទាំង​ច្បាប់​រឹត​ត្បិត​ខ្លាំង ដែល​នឹង​អាចធ្វើ​ឲ្យអ្នក​កាសែត​ជាប់ពន្ធនាគារ។

​អគ្គលេខាធិការ​រូប​នេះ​លើក​ឡើង​ ដោយ​យោ​ងតាម​របាយការណ៍​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ចេញ​ផ្សាយ​ឆ្នាំ​ ២០២២​ នេះថា​ សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​តំបន់​អាស៊ី​អាគ្នេ​យ៍​ស្ថិត​ក្នុង​ «ស្ថានភាព​ដ៏​អាក្រក់» ​ខណៈ​ថា ​ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំណាត់​ថ្នាក់​ទាប​ជាងគេ​បង្អស់​ បន្ទាប់​ពី​មានរដ្ឋប្រហារ​កាលពី​ឆ្នាំ​ ២០២១​ ហើយចំណាត់​ថ្នាក់​បន្ទាប់ គឺប្រទេស​កម្ពុជា​និង​ហ្វីលីពីន​ ដែល​នៅ​បន្តរង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ពី​តួអង្គ​រដ្ឋ​និង​តួអង្គ​មិនមែន​រដ្ឋ។

អ្នក​ស្រី​បញ្ជាក់​ថា​ក្នុង​សម្តី​ដើម​ថា៖ «អង្គការ​អ្នក​កាសែត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​បទពិសោធន៍​ធ្វើការ​ជាមួយគ្នា​ជាយូរ​មក​ហើយ ដើម្បី​ការពារ​នូវ​សេរីភាព​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​ឯករាជ្យ។ ពួក​យើ​ងត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ពី​អតីតកាល បំពេញ​ចន្លោះ​ខ្វះ​ខាត ហើយ​វិវឌ្ឍទៅ​តាម​តម្រូវ​ការ​នៃ​ពេលវេលា។ លំហ​ឌីជីថល​កំពុង​រងការ​គំរាម​កំ​ហែងដ៏​ស្រើបស្រាល ប៉ុន្តែ​ពួក​យើង​អាច​ប្រើ​ប្រាស់​ឧបករណ៍​នានា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ពង្រីក​នូវ​ការ​សហការ​របស់​ពួក​យើង ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សាធារណជន ដើម្បី​រួមគ្នា​ការពារ​សេរីភាព​សារព័ត៌​មាន»។

លោក មាស សុភ័ណ្ឌ អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ថា ​កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ពេញ​លេញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ ជាពិសេស​ជា​ប្រទេស​ឈាន​មុខ​គេ​នៅ​ក្នុង​តំបន់​ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​ទៅ​កតិកា​សញ្ញា​និង​អនុ​សញ្ញា​អន្តរ​ជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​ត្រូ​វ​បាន​ការពារ ​និង​ធានា​ដោយ​ច្បាប់ ​ក៏​ដូច​ជា​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ខណៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា​សព្វ​ថ្ងៃ​មាន​លក្ខណៈ​សម្បូរ​បែប ​និង​ទូលំ​ទូលាយ។

លោក​ថ្លែង​ថា៖ «តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​នេះ បច្ចុប្បន្ន​វិស័យ​សារព័ត៌មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ការ​រីក​ចម្រើន​ជា​លំដាប់។ ជាក់​ស្តែង មធ្យោបាយ​និង​វិសាល​ភាព​នៃ​ការ​ផ្សព្វផ្សាយ​កាន់​តែ​សម្បូរ​បែប និង​គ្រប​ដណ្តប់​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ទៅ​កាន់​តំបន់​និង​ពិភព​លោក​ផង​ដែរ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​ ១៤៤​ ក្នុង​ចំណោម​ ១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​សកល​ឆ្នាំ​ ២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០២២​ នេះ​ អង្គការ​នេះ​ឱ្យ​ដឹង​ថា​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​ ១៤២​ ក្នុង​ចំណោម​ ១៨០ ​ប្រទេស។ ចំណាត់​ថ្នាក់​នេះ​បន្ត​បង្ហាញ​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនួញ​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​តាម​ដាន​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ទៅ​លើ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ៕

XS
SM
MD
LG