Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យគណបក្ស​ប្រឆាំង​រួបរួមគ្នា​ដើម្បី​ឈ្នះការ​បោះឆ្នោត​ឆ្នាំ​២០២៨


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅសណ្ឋាគារ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅសណ្ឋាគារ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៣។

មេដឹក​នាំ​នយោបាយ​ជំទាស់​ដែល​កំពុងមាន​វត្តមាន​នៅលើ​ទឹកដីសហរដ្ឋ​អាមេរិក​ លោក សម រង្ស៊ី បន្ត​អំពាវ​នាវ​យ៉ាង​ទទូច​ឱ្យគណបក្ស​ជំទាស់​មួយចំនួន​ក្នុង​ប្រទេស​រួបរួម​គ្នា​ កុំឈ្លោះ​ទាស់ទែង​គ្នា​ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យកម្លាំង​អ្នក​ប្រជាធិប​តេយ្យ​ងើប​ឡើង​វិញ​ និង​ឈាន​ទៅ​ទទួល​បាន​ជ័យ​ជម្នះសម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រឆ្នាំ​២០២៨​។

នៅ​ក្នុង​វីដេអូមួយដែល​បង្ហោះ​លើប្រព័ន្ធទំនាក់​ទំនង​សង្គមហ្វេសប៊ុកនៅថ្ងៃ​ចន្ទនេះ ​លោក សម រង្ស៊ី​ ថ្លែង​ចេញពីទីក្រុង​Long Beach ​រដ្ឋ​California សហរដ្ឋ​អាមេរិក​យ៉ាង​ដូច្នេះ​ថា​៖ ​«អ៊ីចឹង​សូមបងប្អូន​គាំទ្រ​ទៅ ​គាំទ្រ​គណបក្ស​ណាមួយ​ក៏បាន ​ពីព្រោះ​ខ្ញុំ​ជឿ​ទុក​ចិត្ត ខ្ញុំ​ស្រឡាញ់ ខ្ញុំពឹង​ពាក់​លើ​គណបក្ស​ទាំងពីរ​នេះ ​[គណបក្ស​ឆន្ទៈខ្មែរ ​តំណាង​ឱ្យ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ] ​ដូចគ្នា​ស្មើគ្នា​។ កុំឱ្យ​មាន​ការ​រើសអើង​ កុំឱ្យ​មាន​ការវាយ​ប្រហារគ្នា ​កុំឱ្យ​មានការ​ចោទ​ប្រកាន់គ្នា អ្នក​ប្រជាធិបតេយ្យ​តែមួយ​ដូចគ្នា»​។

អ្នក​នយោបាយ​ជើង​ចាស់រូបនេះ​ ក៏​នៅផ្តល់​តម្លៃនយោបាយ​ដល់​អតីត​គណបក្ស​ជំទាស់​ធំមួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជាចលនា​ស្នូល​រួម​នៃអ្នក​ប្រជាធិប​តេយ្យ។​

លោក សម រង្ស៊ី បន្ថែមថា៖ ​«ក្នុង​សកម្មភាព ​ទោះបីជា​យើងប្រើស្លាក​អ្វី ឈ្មោះអ្វីក៏​ដោយ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅតែ​ជាស្នូលរួម​ នៅក្នុងចិត្តយើង​គ្រប់គ្នា»។

នៅមុន​ពេល​បោះ​ឆ្នោត​ជ្រើស​តាំងសមាជិក​ព្រឹទ្ធ​សភា​នា​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈឆ្នាំ​២០២៤ គេ​សង្កេត​ឃើញ​ថា​ គណ​បក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ តែងតែ​ប្រើប្រាស់វោហារសព្ទ​វាយ​ប្រហារ​គ្នាជា​បន្ត​បន្ទាប់​។ នាពេល​នោះ​ ​លោកសម រង្ស៊ី ក៏បាន​អំពាវនាវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន ​គណបក្ស​កម្លាំង​ជាតិ ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ រួបរួម​គ្នា​ ហើយកុំ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅមក​ និង​ត្រូវ​រក​ច្រក​បែង​ចែក​តួនាទី​គ្នាធ្វើការ​កៀរគរ​សំឡេង​គាំទ្រ​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​។

ប៉ុន្តែ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំងសមាជិក​ព្រឹទ្ធ​សភា​កាល​ពីខែ​កុម្ភៈ​នោះ ​បង្ហាញ​ថា​ គណបក្ស​ឆន្ទៈខ្មែរ​ទទួល​បាន​តែ​៣​អាសនៈ​ប៉ុណ្ណោះ​ ព្រោះអង្គបោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន ប្រមាណ​ ៣០​ភាគរយ មិនបាន​បោះឆ្នោត​ឱ្យ​គណ​បក្ស​ឆន្ទៈ​ខ្មែរឡើយ​ ដោយបោះ​ឱ្យ​គណបក្ស​ផ្សេងទៅ​។

ស្របពេល​មាន​ការអំពាវនាវ​របស់​លោក ​សម រង្ស៊ី ​នាពេលនោះ ក្រសួង​មហាផ្ទៃ​ បាន​ព្រមានគណបក្ស​ប្រឆាំង​ក្នុង​ស្រុក​ថា «ប្រយ័ត្ន​ប្រឈម​នឹង​ការ​រំលាយ» ​បើស្តាប់​ការ​តាម​បង្គាប់​បញ្ជា​របស់លោក ​សម រង្ស៊ី ​ដែលបានបន្តរស់នៅដោយ​និរទេស​ខ្លួនឯង​នៅក្រៅ​ប្រទេស។

យ៉ាងណាក៏ដោយ​ ប្រធាន​គណបក្ស​កម្លាំង​ជាតិ ​លោក ​ស៊ុន ចន្ធី ​លើក​ឡើង​ថា ​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ​គឺជា​សិទ្ធិសេរីភាព​របស់ពលរដ្ឋ​ម្នាក់ៗ ដែល​មិនប៉ះពាល់​ដល់​គណបក្ស​កម្លាំង​ជាតិ​នោះ​ទេ​។

លោក​ប្រាប់​វីអូអេថា៖ «អ្នកស្នេហា​ជាតិ អ្នកប្រជាធិប​តេយ្យ ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​មជ្ឈដ្ឋាន​ គ្រប់​និន្នាការ​ ទោះក្នុង​ស្ថាន​ភាព​ណា​ក៏ដោយ កាលៈទេសៈ​ណាក៏​ដោយ​ គេមាន​សិទ្ធិ​និយាយ​អំពី​គណ​បក្ស​នយោ​បាយ​ណាមួយ គេមាន​សិទ្ធិ​និយាយអំពី​អ្នក​នយោបាយ​ណាមួយ គេ​មាន​សិទ្ធិ​រិះ​គន់​អំពី​មេដឹក​នាំណា​មួយ។ អាហ្នឹង​ជាសិទ្ធិ​របស់គេ ពីព្រោះគេមាន​សេរីភាព​ក្នុងការបញ្ចេញមតិ។ អ៊ីចឹង​សម្រាប់​គណបក្ស​កម្លាំង​ជាតិ មិនមាន​ការព្រួយ​បារម្ភអ្វីនោះទេ»​។

វីអូអេ​មិន​ទាន់អាច​សុំការ​អត្ថាធិប្បាយពី​អគ្គ​លេខា​ធិការ​គណបក្ស​ភ្លើង​ទៀន ​លោក ​លី សុធារ៉ា​យុត្តិ បាននៅ​ឡើយទេ។​

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ​យល់​ថា លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​បានបញ្ជាក់ថា អ្នកនយោបាយ​ជំទាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ធ្វើ​តាម​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ីនោះទេ។

លោក​ថ្លែង​ថា៖ «​ហើយ​អត់មាន​ប្រសិទ្ធភាព​ហ្នឹងគឺវា​ចេញ​ជាលទ្ធផល​ជាក់ស្តែង​នៅ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​កន្លងមក​រួចហើយ។ ​ការអំពាវ​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅ​ច្បាប់​ឱ្យ​រួបរួម​គ្នានេះ វា​អត់បាន​រួបរួម​ទេ ពីព្រោះ​សមាជិក​របស់ខ្លួន សកម្មជន​របស់​ខ្លួន អត់​ស្តាប់​មេទេ»។​

អ្នក​វិភាគ​នយោ​បាយ​ លោក មាស នី​ បង្ហាញក្តីបារម្ភ​ចំពោះ​គណបក្សជំទាស់ដែល​នៅ​សេសសល់ក្នុងប្រទេស​កម្ពុជា​ ដែល​អាចប្រឈម​នឹងបញ្ហា​នានា​ បើសិន​លោកសម​ រង្ស៊ី​ មិនស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​គណបក្ស​ទាំងនោះ។ ​

លោក មាស នី ​ប្រាប់​វីអូអេ​នៅថ្ងៃចន្ទនេះថា៖ «​ខ្ញុំគិតថា​អ្នកខាង​ក្រៅក៏​ដឹង​អំពី​មូលហេតុ​ដែលនាំឱ្យ​មាន​ហានិភ័យដល់​គណបក្ស​នៅ​ខាងក្នុង។ ​ហើយ​ទោះបីយ៉ាង​ណា​ក៏គេ​នៅតែ​មាន​ជំនឿ​ថា ការទាក់​ទង​គ្នា​ហ្នឹង​វាមិន​ដាច់ទេ ហើយ​ខ្ញុំគិតថា​គណបក្ស​កាន់​អំណាច​ ក៏គេដឹងដែរ ប៉ុន្តែ​កាលណា យើង​ចេញ​ចំមុខ​ពេក វាកាន់តែ​បាន​ភស្តុតាង​កាន់​តែ​ច្បាស់ទៀត​ ដែល​គេអាច​រក​លេសបញ្ឈប់ ឬ​ពន្យឺត​ ឬ​block [រារាំង​] មិនឱ្យ​គណបក្ស​ថ្មី​ណាមួយ អាច​មាន​ដំណើរការ​ទៅមុខ​ ដូច​កាល​ភ្លើងទៀន គេមិន​ឱ្យ​ចូល​បោះ​ឆ្នោត»។

អ្នក​វិភាគ​នយោ​បាយរូបនេះ​បន្តថា ​អ្នក​នយោ​បាយ​ដែល​នៅក្រៅប្រទេស​ គួរតែចេះ​ប្រើ​យុទ្ធ​សាស្ត្រ​ផ្ទេរការងារ​ដល់​អ្នកនយោបាយ​ជំនាន់​ថ្មី​ ដោយ​មិន​ចាំបាច់​និយាយ​ខ្ទរខ្ទារ​នោះ​ទេ​។

លោក​សង្កត់​ធ្ងន់ថា៖ ​«បើសិនជា​យើងមាន​បំណង​ចង់​ផ្ទេរ​ឱ្យអ្នក​ជំនាន់ក្រោយធ្វើ​ អាហ្នឹង​យើង​ទុក​លម្ហ​ឱ្យគ្នា​ផង កុំឱ្យ​គេធ្វើ ចង់​ឱ្យគេធ្វើ​ ក៏​ប៉ុន្តែ​មិនទាន់​បានចេញ​ផង នាំគ្នាបិទ​លម្ហ​ និងស្រែក​តាមរយៈការ​ប្រកាសគាំទ្រ​ ការ​អំពាវ​នាវ​អ៊ីចេះអ៊ីចុះ​។ ខ្វះអី​មធ្យោបាយ​ទាក់ទង​តាមផ្លូវ​ផ្សេង​គរគោក ប៉ុន្តែ​ចាំបាច់​ទៅប្រកាន់​ធ្វើអី ប្រកាស​ហ្នឹងចង់​បានអី​ ចង់បានឱ្យ​អ្នកខាងក្រៅ​មាន​មោទនភាព ប៉ុន្តែ​អ្នកខាង​ក្នុង​ស្លាប់ អាហ្នឹង​វា​ដដែល​ជា​ដដែល​គ្មានធ្វើ​ទៅណា​រួចទេ។ អាហ្នឹង​ដូចអ្នក​ចែវទូក​ម្ខាងចែវ​ទៅមុខ ម្ខាងចែវទៅ​ក្រោយ​»។

លោកមាស នី បញ្ជាក់​បន្ថែម​ថា ​អ្នកនយោបាយ​បក្សប្រឆាំង​គួរតែ​ចេះរៀន​សូត្រ​តាម​មេរៀន ដែល​គណបក្ស​កាន់អំណាច​ ផ្ទេរ​ទៅ​អ្នកជំនាន់ក្រោយ​របស់ខ្លួន​ ​តាមរយៈការជួយ​បង្ហាញ​ផ្លូវ ​ដោយមិន​បង្ហាញ​ឱ្យ​ឃើញជា​សាធារណៈ ហើយ​មិន​ដូចអ្វី​ដែល​លោក សម​ រង្ស៊ី កំពុង​ធ្វើ​យ៉ាង​ចំហ​នោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG