Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សុន ឆ័យ បន្ត​ការពារ​ខ្លួន​តទល់​នឹង​បណ្តឹង​គណបក្ស​កាន់​អំណាច


អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ មក​ជួប​ក្រុម​អ្នក​គាំទ្រ​ បន្ទាប់​ពី​សវនាការ​លើក​ទី​ពីរ នៅ​ខាង​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ មក​ជួប​ក្រុម​អ្នក​គាំទ្រ​ បន្ទាប់​ពី​សវនាការ​លើក​ទី​ពីរ នៅ​ខាង​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ក្នុង​នាម​ជា «ជន​សង្ស័យ» ដើម្បី​ឆ្លើយ​តប​នឹង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​នឹង​ការ​ថ្លែង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​លោក ​សុន ឆ័យ ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក កាល​ពី​ថ្ងៃ​ទី ​៧ ខែ​មិថុនា ឆ្នាំ​ ២០២២ ជាមួយ​សារព័ត៌មាន​អនឡាញ​ឌឹ​ខេមបូឌា​ដេលី នៅ​មុន​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។ ការ​ថ្លែង​របស់​លោក សុន ឆ័យ ដែល​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា​ថា «លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង»។

នៅ​ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ​៤.០០០​ លាន​រៀល ឬ​ប្រហែល ​១​ លាន​ដុល្លារ​អាមេរិក​ពី​លោក​ សុន ឆ័យ។ លោក សុន ឆ័យ ក៏​ប្រឈម​នឹង​ពាក្យ​បណ្តឹង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​លោក​បាន​ចូល​បំភ្លឺ​នៅ​តុលាការកាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ផង​ដែរ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ចូល​បំភ្លឺ លោក សុន ឆ័យ បាន​លើក​ឡើង​ថា​ លោក​បាន​បកស្រាយ​បំភ្លឺ​លើ​ចំណុចដែល​មាន​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​អំឡុង​ពេល​សវនាការ បើ​ទោះ​បី​លោក​ចាត់​ទុក​ថា​ ចំណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ​ដូច​នេះ​មិន​មែន​ជា​រឿង​ចាំ​បាច់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ថា ​វា​ជា​ការ​ប្តឹង​ផ្តល់​មួយ​ដែល​មិន​ចាំ​បាច់ ហើយ​មិន​មាន​ផល​ប្រយោជន៍​អី​សម្រាប់​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​មាន​ប្រយោជន៍​អី​សម្រាប់​គណបក្ស​ភ្លើង​ទៀន​ដែរ​ទេ។ ដូច​គ្នា​នឹង​ គ.ជ.ប​ ដែរ​ ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា អ្វី​ដែល​ខ្ញុំ​លើក​ឡើង​មាន​សំអាង»។

កាល​ពី​ពេល​មុន​នេះ អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា​ លោក​បាន​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ ដែល ​គ.ជ.ប និង​គណបក្ស​កាន់​អំណាច​កំណត់​យក​មក​ប្តឹង​ផ្តល់​ប្រឆាំង​រូប​លោក​ ក្នុង​គោល​បំណង «បង្ហាញ​» ថា ​មាន​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ​ ដោយ​យោង​ទៅ​លើ​ការ​សង្កេតការណ៍ និង​របាយការណ៍​របស់​គណបក្ស​របស់​លោក គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត និង​អង្គការ​សង្គម​ស៊ីវិល។

លោក សុន ឆ័យ បន្ថែម​ថា​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ទាំង​នោះ គឺ​ធ្វើ​ឡើង​ នៅ​មុន​ពេល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោតឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​ជា​ផ្លូវ​ការ​ផង​ដែរ។ ​

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ និយាយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​សវនាការ​លើក​ទី​ពីរ នៅ​ខាង​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ និយាយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​សវនាការ​លើក​ទី​ពីរ នៅ​ខាង​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មុន​សវនាការ​របស់​លោក​ សុន ឆ័យ​ លោក ជូង ជូងី មេធាវី​ការពារ​ក្តី​លោក​ សុន ឆ័យ​ បន្ត​រក្សា​ជំហរ​ថា ​បណ្តឹង​ប្រឆាំង​នឹង​កូន​ក្តី​លោក​ជា​រឿងជំរុញ​ពី​ក្រោយ​ដោយ​ហេតុផល​នយោបាយ។

លោក​ថ្លែង​ថា៖ «រឿង​នេះ​សម្រាប់​ខ្ញុំ​មើល​ឃើញ​គឺ​ជា​រឿង​នយោបាយ​ ពីព្រោះ​ថា​ជជែក​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​គឺ​ជា​រឿង​នយោបាយ។ ភាគី​ប្តឹងសម្តេច​ សាយ ឈុំ ក៏​ជា​អ្នក​នយោបាយ ហើយ​ឯកឧត្តម​ សុន ឆ័យ ​ក៏​ជា​អ្នក​នយោបាយ​ដែរ។ ប៉ុន្តែ​វា​ខុស​គ្នា​ត្រង់​ថា ឯក​ឧត្តម​ សុន ឆ័យ​ ជា​អ្នក​នយោបាយ​អត់​មាន​អំណាច អត់​មាន​តួនាទី​នៅ​ក្នុង​រដ្ឋ​ទាល់​តែ​សោះ។ ជា​អ្នក​នយោ​បាយ​ដែល​មាន​ប្រជាប្រិយបំផុត​ប្រចាំ​គណបក្ស​ភ្លើង​ទៀន»។

អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ផ្ញើ​សារ​តេឡេក្រាម​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា តំណាង​អយ្យការ​បាន​ស្តាប់​ចម្លើយ​និង​ពិនិត្យ​លើ​ភ័ស្តុតាង​ដែល​មេធាវី​បាន​ដាក់​ជូន​មក។ ហើយ​តំណាង​អយ្យការ​ត្រូវការ​ពេលវេលា​សមស្រប​មួយ ដើម្បី​ពិនិត្យ​វាយតម្លៃលើ​ឯក​សារ​របស់​ដើម​បណ្តឹង​ និង​ជន​សង្ស័យ​ មុន​ពេល​ឈាន​ដល់​ការ​សម្រេច​តាម​ផ្លូវ​ច្បាប់។

ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក៏​បាន​ទៅ​ខាង​មុខ​តុលាការ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ទៅ​លោក សុន ឆ័យ ផង​ដែរ។

ប្រធាន​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ចាត់​ទុក​សំណុំ​រឿង​ប្រឆាំង​លោក សុន ឆ័យ ជា «រឿង​មិន​គួរ​កើត​មាន» ដោយ​បន្ថែម​ថា​ការ​លើក​ឡើង​របស់​លោក សុន ឆ័យ និង​ពាក្យ​បណ្តឹង​ប្រឆាំង​រូប​លោក គឺ​ធ្វើ​ឡើង នៅ​ពេល​ គ.ជ.ប មិន​ទាន់​ចេញ​លទ្ធផល​ជា​ផ្លូវការ​នៅ​ឡើយ។

ការ​ចូលសវនាការ​ឆ្លើយ​បំភ្លឺ​របស់​លោក​ សុន ឆ័យ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញជា​លើក​ទី​ពីរ​ធ្វើ​ឡើងនេះ​ បន្ទាប់​ពី​ការ​ឆ្លើយ​បំភ្លឺ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​បណ្តឹងរបស់​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ដែល​មាន​អង្គ​ហេតុ​ស្រដៀង​នឹង​បណ្តឹង​ពី​គណបក្ស​កាន់​អំណាច។

យោង​តាមពាក្យ​បណ្តឹង​នោះ ស្ថាប័ន​ គ.ជ.ប បាន​ស្នើ​សុំ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​ ៣០៥ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​ឱ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស ​គ.ជ.ប ជា​លាយ​លក្ខណ៍​អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ។ បើ​តាម​មាត្រា​ ៣០៥ ​នេះ ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​ម៉ឺន​រៀល​ទៅ​ ១០ ​លាន​រៀល៕

XS
SM
MD
LG