Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ថា​រដ្ឋាភិបាល​យោធា​ភូមា​ចាញ់​ប្រៀប​ក្រុម​តស៊ូ​


រូបឯកសារ៖ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារធ្វើកាយវិការដោយលើកម្រាបដៃបីគោរព ដែលជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងរបបយោធា ក្នុងអំឡុងការបង្រ្កាបរបស់ប៉ូលិសក្នុងសង្កាត់ Thaketa ក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារធ្វើកាយវិការដោយលើកម្រាបដៃបីគោរព ដែលជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងរបបយោធា ក្នុងអំឡុងការបង្រ្កាបរបស់ប៉ូលិសក្នុងសង្កាត់ Thaketa ក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

លោក Tom Andrews ​ដែល​បានដាក់​របាយការណ៍​ថ្មី​បំផុត​របស់​លោកជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី១៩​ខែមីនាបាន​និយាយថា៖«​ស្ថានការណ៍ប្រែក្រឡះនៅ​មីយ៉ាន់ម៉ា​ពីព្រោះ​មាន​ការជំទាស់​រាលដាល​របស់​ពលរដ្ឋ​ប្រឆាំងនឹង​ក្រុមប្រឹក្សា​យោធានិង​កំណើន​ជ័យជម្នះ​របស់​កងកម្លាំងតស៊ូ​នៅលើសមរភូមិ‍»។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី២១ ​ខែមីនា​ លោក Andrews ​បាន​និយាយ​ថា​ក្រុមប្រឹក្សា​យោធា​បាន​បាត់បង់​ដែនដី ​មូលដ្ឋាន​និង​កងទាហាន​ហើយ​បានខាតបង់​សមត្ថភាពខ្លួន​«ក្នុង​ការ​លើកកម្ពស់​ការ​ស្រមើស្រមៃថា​ខ្លួន​ត្រឹមត្រូវ​តាម​ច្បាប់‍»​ឬ​ថា​ខ្លួន​អាចបង្រួបបង្រួម​ប្រទេស​ដោយប្រើកម្លាំង។

លោក​បាន​ថ្លែងថា៖«នៅពេលនេះ​ក្រុមប្រឹក្សាយោធា​គ្រប់គ្រងដែនដី​តិចជាង​ពាក់កណ្តាលនៃ​ប្រទេសមីយ៉ាន់ម៉ាហើយ​បានខាតបង់ទាហាន​រាប់ម៉ឺននាក់​ដោយ​ស្លាប់​ ការចុះចាញ់​ឬ​ការរត់ចោលជួរ​តាំងពីពួកគេបានធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​បីឆ្នាំមុននេះ‍»។

លោក Andrews បាន​បន្ថែម​ថា៖​«ទោះ​ជា​អស់សង្ឃឹម​ក៏​ដោយ‍»ក៏​កងយោធា​មីយ៉ាន់ម៉ា​នៅតែ​នាំឱ្យ​មាន​គ្រោះថ្នាក់ខ្លាំងណាស់​ហើយ​បាន​បង្កើន​ការវាយ​លុក​ដាក់​ទណ្ឌកម្ម​របស់ខ្លួន​លើ​ប្រជារាស្ត្រស៊ីវិល។

លោក​ថា​«កាលពី​៥ខែ​កន្លង​ទៅនេះ​មាន​កំណើន​ការវាយប្រហារ​តាម​អាកាស​៥​ដង​ប្រឆាំងនឹង​ទីដៅ​ស៊ីវិល‍» ​ដោយ​លោក​បានកត់សម្គាល់​ថា​ចំនួន​មនុស្ស​ស្លាប់​ឬ​ត្រូវរបួស​ដោយ​គ្រាប់មីន​មាន​«ជាង​ពីរ​ដង​ច្រើនជាង​ចំនួន​កាលពី​ឆ្នាំទៅ‍»៕

តាំងពី​ក្រុម​ប្រឹក្សា​យោធា​ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិ​ប្រជាធិបតេយ្យពីអំណាច​កាលពី​ថ្ងៃទី១ ​ខែកុម្ភៈ ​ឆ្នាំ​២០២១​មក​ មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​សម្លាប់ ​ច្រើន​ម៉ឺននាក់ត្រូវបានចាប់ខ្លួន​និង​ឃុំឃាំង​តាមអំពើ​ចិត្ត​ហើយរាប់លាន​នាក់​ទៀត​បាន​ខ្ចាត់​ព្រាត់​ពីផ្ទះ​សំបែង។

ជា​ការ​ឆ្លើយ​តប​ ក្រុម​អ្នកគាំទ្ររដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិ​ប្រជាធិបតេយ្យ ដឹកនាំដោយ​លោកស្រី Aung San Suu Kyi ​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែងបាន​រួមកម្លាំងគ្នា​ជាមួយ​ក្រុម​ជីវពល​ពូជសាសន៍​ផ្សេងៗដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ពួកមេដឹកនាំ​យោធាសង្កត់សង្កិន ​ដោយមាន​ជោគជ័យច្រើន​ជាង​មុន។

អ្នក​រាយការណ៍​ពិសេស​រូបនេះ​អំពាវនាវ​ដល់​រដ្ឋ​ទាំងឡាយ​ឱ្យ​ឈប់បញ្ជូន​អាវុធ​ទំនើប​មាន​កម្លាំង​ខ្លាំងទៅឱ្យ​យោធា​មីយ៉ាន់ម៉ា​ប្រើប្រាស់​សម្រាប់​សម្លាប់​ជន​ស៊ីវិលដោយ​លោក​បាន​ព្រមាន​ថាអំពើ​ហិង្សា​និងចលាចល​នៅ​ប្រទេស​នេះ​អាច​រាលដាល​ចូលក្នុង​តំបន់​និង​ប្រទេស​ឯទៀតៗ​ផង​ដែរ។

លោក​បាន​និយាយថា​«មនុស្ស​អស់សង្ឃឹមរាប់ពាន់​នាក់​នៅ​តែរត់គេចខ្លួនទៅ​ក្នុង​ប្រទេស​ជិតខាង។ យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​របស់​ក្រុមប្រឹក្សាយោធា​បានរំលោភ​ដែន​អាកាសប្រទេស​ជិតខាង​មីយ៉ាន់ម៉ា​ហើយ​គ្រាប់បែកបានធ្លាក់​ឆ្លងកាត់​ព្រំដែន»។

ដោយគូស​បញ្ជាក់គ្រោះថ្នាក់​នៃ​ការ​សម្រន់ចិត្ត​និង​ការគាំទ្រ​ក្រុមប្រឹក្សា​យោធា ​លោក Andrews ​បាន​កត់សម្គាល់​ថាបណ្តាញ​ជនឧក្រិដ្ឋ​«បានទៅជ្រកកោន​ដោយ​សុខសាន្តនៅ​មីយ៉ាន់ម៉ា»។

លោកបានថ្លែង​ថា៖«នៅពេលនេះ​ប្រទេស​មីយ៉ាន់ម៉ា​ផលិត​អាភៀនច្រើន​ជាង​គេ​ក្នុង​ពិភពលោក​និង​ជា​មជ្ឈមណ្ឌលសាកលនៃ​ការ​ឆបោកតាម​ cyber ​ដែល​យក​មនុស្ស​រាប់ម៉ឺន​នាក់​ធ្វើជា​ទាសករ​និង​ធ្វើឱ្យមនុស្ស​រាប់​មិនអស់​រងគ្រោះ​នៅ​ទូទាំង​ពិភពលោក»។

ការ​បង្ក្រាបខាង​យោធា​របស់​ក្រុមប្រឹក្សាយោធា​និង​ការរំលោភ​លើប្រជារាស្ត្រ​ស៊ីវិល​នាំឱ្យមានជនរងគ្រោះ​ច្រើន​នាក់។

សមាគម​ជំនួយ​ដល់​អ្នកទោស​នយោបាយដែល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ភូមាស្ទង់​ប្រមាណថាមនុស្ស​ជាង​៤.៥០០​នាក់ត្រូវបាន​សម្លាប់​ហើយ​ជាង២៦.០០០​នាក់​ទៀត​ត្រូវបានចាប់ខ្លួន​ដោយ​ភាគច្រើននៅ​តែ​ជាប់​ឃុំឃាំងនៅឡើយ។

ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ ​OCHA ​រាយការណ៍ថា​មនុស្ស​២,៧​លាន​នាក់​បានខ្ចាត់ព្រាត់​ពីផ្ទះ​សំបែង​ហើយ​មនុស្ស​១៨,៦លាន​នាក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ មានរួម​ទាំង​កុមារ​៦​លាន​នាក់​ផង​ត្រូវការ​ជំនួយ​មនុស្សធម៌។

លោក​បាន​និយាយថា​ដោយ​ធ្វើឱ្យបញ្ហារឹតតែ​អាក្រក់​ថែមទៀត ​ក្រុមប្រឹក្សា​យោធា​បាន​ចាប់ផ្តើម​កម្មវិធី​កេណ្ឌទាហាន​ដោយ​បង្ខិតបង្ខំ​«ដោយនៅពេលខ្លះ​បានចាប់ពង្រត់បុរស​វ័យក្មេង​នៅ​តាមផ្លូវ»។ ​បុរស​ឯទៀតៗបាន​លាក់ខ្លួនឬ​រត់គេច​ខ្លួន​ចេញ​ពី​ប្រទេស។

លោក Andrews ​បាន​និយាយថា៖​«ក្រុម​ជន​ដែល​រងគ្រោះខ្លាំងជាពិសេសគឺ​សហគមន៍​ Rohingya ដែល​ត្រូវបាន​ឡោមព័ទ្ធ​និង​នៅពេលនេះ​កងកម្លាំង​ក្រុមប្រឹក្សា​យោធា​បានទម្លាក់​គ្រាប់បែកលើ​ពួកគេ​ថែមទៀត។ តែ​ មិន​ដូច​មនុស្ស​ភាគច្រើន​នៅមីយ៉ាន់ម៉ា​ទេ ​ក្រុមជន​អំបូរ Rohingya​ ត្រូវ​បាន​ហាមប្រាម​មិនឱ្យ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ឡើយ»។

លោក​បាន​ពោលទៀត​ថា៖​«នៅ​ពេលនេះ ក្រុម​ប្រឹក្សាយោធា​ប្រឹងប្រែងបង្ខិតបង្ខំ​ក្រុមជន Rohingya វ័យ​ក្មេង​ឱ្យ​ធ្វើ​សកម្មភាព​មិនគួរ​ឱ្យយល់គឺចូលរួម​ជាមួយ​ពួកយោធាដែល​បាន​ធ្វើការ​វាយ​ប្រហារ​គ្មានបង្អង់ដៃ​ទាំងនេះ​និង​ដែលបានធ្វើការ​ប្រល័យពូជសាសន៍​ប្រឆាំង​នឹង​សហគមន៍​ពួកគេ ​ដោយបានបង្ខំ​ឱ្យ​ពួក Rohingya ​រាប់សែននាក់​ឆ្លងកាត់​ព្រំដែនចូល​ទៅក្នុងប្រទេស​បង់ក្លាដែស»។​

កាលពី​ខែសីហា​ឆ្នាំ២០១៧ ជនអំបូរ Rohingya ​ជិត​១​លាន​នាក់បានរត់គេចខ្លួន​ទៅកាន់​តំបន់ Cox’s Bazaar ​នៃ​ប្រទេស​បង់ក្លាដែស​ដើម្បី​គេចចេញពី​ការធ្វើ​ទុក្ខបុកម្នេញ ​អំពើ​ហិង្សា​និង​ការរំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស​នៅ​ក្នុង​រដ្ឋ Rakhine ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុមជនទាំងនេះរស់នៅ​ក្នុង​អ្វី​ដែល​គេស្គាល់ថា​ជា​«ជំរំ​ជនភៀសខ្លួនធំបំផុតក្នុង​ពិភពលោក»​ក្នុង​ស្ថានភាព​ណែនក្តន់ ​មាន​ការសិក្សា​អប់រំបន្តិច​បន្តួច​និង​គ្មាន​លទ្ធភាព​មាន​ប្រាក់ចំណូលដែល​នាំឱ្យ​ពួកគេរងគ្រោះ​ដោយងាយពីការ​ទាញ​យកផលប្រយោជន៍​និង​គ្មានការការពារ។

លោក Andrews បាន​អំពាវនាវ​ដល់​សហគមន៍អន្តរជាតិ​កុំឱ្យធ្វើ​មិនដឹង​មិនឮ​អំពី​ការភ័យ​រន្ធត់​ខ្លាំង​ដែល​កំពុង​កើតមាន​នៅ​មីយ៉ាន់ម៉ា។​ លោកថា​មាន​ការ​តម្រូវ​ឱ្យ​មាន​សកម្មភាព​ខ្លាំងនិង​មាន​ការរួបរួម​ព្រមព្រៀង​គ្នា​ដើម្បី​បញ្ឈប់​ការសម្លាប់ជនស៊ីវិល​ស្លូតត្រង់​គ្មានទោសពៃរ៍​និង​ទម្លាក់​ក្រុម​មេដឹកនាំ​ខុសច្បាប់​ទាំងនេះ។

លោកថានិទណ្ឌភាព​សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនិង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​មីយ៉ាន់ម៉ា​ត្រូវ​តែចប់។ លោកបាន​និយាយ​ថា​ដើម្បី​ធ្វើ​ការណ៍​នេះឱ្យកើត​មាន​បាន​«ពួក​ជនដែលទទួលខុសត្រូវ​ដល់ឧក្រិដ្ឋកម្មដ៏ឃោរឃៅ​នៅ​មីយ៉ាន់ម៉ា​ត្រូវ​ដឹង​ថា​ពួកគេ​នឹងត្រូវ​ដាក់ឱ្យ​មាន​ការទទួល​ខុសត្រូវ​ខ្ពស់​ដល់​សកម្មភាព​ពួកគេ»។

អាជ្ញាធរ​មីយ៉ាន់ម៉ា​នមិន​អាច​ឆ្លើយ​តបនឹងសេចក្តីរាយការណ៍នេះ​របស់​អ្នករាយការណ៍​ពិសេសបាន​ទេនៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប.​ពីព្រោះ​អ.ស.ប.​មិនទទួល​ស្គាល់ពួក​គ្រប់គ្រង​យោធា​ទាំងនេះ​ថា​ជា​រដ្ឋាភិបាលត្រឹមត្រូវ​តាម​ច្បាប់​ទេ៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG