Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​ហាមមិន​ឱ្យ​ប្រើ​ទិកតុក​ជាប់​គាំង​នៅ​ព្រឹទ្ធសភា​អាមេរិក


រូបឯកសារ៖ អ្នកគាំទ្រ​បណ្តាញ​សង្គម​ទិកតុក (TikTok) ចេញ​តវ៉ានៅ​ក្នុងបរិវេណ​វិមាន​សភា​អាមេរិក ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកគាំទ្រ​បណ្តាញ​សង្គម​ទិកតុក (TikTok) ចេញ​តវ៉ានៅ​ក្នុងបរិវេណ​វិមាន​សភា​អាមេរិក ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

សារ​ជា​សំឡេង​របស់​មនុស្ស​វ័យក្មេង​ដែល​បាន​ផ្ញើទុក​ឱ្យ​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ North Carolina លោក Thom Tillis មាន​លាយឡំ​ដោយ​សំណើច ក៏ប៉ុន្តែ​មាន​ពាក្យ​សម្តីគំរាមកំហែង។

សំឡេង​របស់​មនុស្ស​ម្នាក់​ដែល​លាយឡំ​ដោយ​សំណើច​និង​បន្លឺ​គ្រប​ពីលើ​សំឡេង​របស់​មនុស្ស​វ័យ​ក្មេង​ផ្សេង​ទៀត មាន​សេចក្តី​ថា៖ «‍ចូរ​ស្តាប់! បើ​លោក​ហាម​មិន​ឱ្យ​ប្រើ​ទិកតុក (TikTok) ខ្ញុំ​នឹង​តាម​រក​លោក ហើយ​បាញ់​លោក។ ខ្ញុំ​នឹង​បាញ់​លោក។ ខ្ញុំ​រក​លោក​ឱ្យ​ឃើញ ហើយ​ខ្ញុំ​នឹង​កាត់​លោក​ជា​បំណែក»។ សំឡេង​មួយ​ទៀត​បាន​គំរាម​ថា​នឹង​សម្លាប់​លោក Tillis ហើយ​បន្ទាប់មក​នឹង​សម្លាប់​ខ្លួនឯង។

ការិយាល័យ​របស់​លោក Tillis បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ប្រហែល ១.០០០ ដង​ទាក់ទង​នឹង​រឿង​ទិកតុក​នេះ ចាប់តាំងពី​រដ្ឋសភា​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​កាលពី​ពេល​ថ្មីៗ​នេះ​មក។ សេចក្ដី​ព្រាងច្បាប់​នេះ​មាន​បំណង​ហាម​ឃាត់​មិន​ឱ្យ​ប្រើកម្មវិធី​ទូរស័ព្ទ​ដ៏​ពេញនិយម​នេះ ប្រសិនបើ​ម្ចាស់​របស់​កម្មវិធី​នេះ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​មិន​ព្រម​លក់​ភាគហ៊ុន​របស់​ខ្លួន។

ទិកតុក​កំពុង​ជំរុញ​អ្នកប្រើប្រាស់​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ដែល​ភាគច្រើន​ជា​មនុស្ស​វ័យ​ក្មេង​ឱ្យ​ទូរស័ព្ទ​ទៅ​អ្នក​តាក់តែង​ច្បាប់​ដែល​តំណាង​ឱ្យ​រដ្ឋ​របស់​ពួកគេ និង​ថែមទាំង​ផ្តល់​នូវ​តំណភ្ជាប់​ដ៏​ងាយស្រួល​ទៅកាន់​លេខ​ទូរស័ព្ទ​របស់​អ្នកតាក់តែង​ច្បាប់​ទាំងនោះ​ផងដែរ។

សារ​មួយ​របស់​ក្រុមហ៊ុន​ទិកតុក​ដែល​លេចឡើង​នៅ​ពេលអ្នកប្រើប្រាស់​បើក​កម្មវិធី​ទិកតុក​នោះ​ឡើង មាន​សេចក្តី​ថា៖ «រដ្ឋាភិបាល [អាមេរិក] នឹង​ដកហូត​សហគមន៍​ដែល​អ្នក​និង​ប្រជាជន​អាមេរិក​រាប់​លាន​នាក់​ទៀត​ស្រឡាញ់‍»។

លោក Tillis ដែល​គាំទ្រ​សេចក្តី​ព្រាងច្បាប់​របស់​រដ្ឋសភា​នេះ បាន​រាយការណ៍​ប្រាប់​ប៉ូលិស​អំពី​ការ​ហៅ​ទូរស័ព្ទ​ទាំងនោះ។ លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា៖ «អ្វី​ដែល​ខ្ញុំ​ស្អប់​នោះ​គឺ​វា​បង្ហាញ​ពី​ឥទ្ធិពល​ដ៏​ធំ​សម្បើម​ដែល​បណ្ដាញ​សង្គម​អនឡាញ​ទាំងនេះ​មាន​លើ​មនុស្ស​វ័យ​ក្មេង‍»។

រូបឯកាសរ៖ សកម្មជន​គាំទ្រ​បណ្តាញ​សង្គមទិកតុក​ (TikTok) ចេញតវ៉ានៅក្នុងបរិវែណ​វិមាន​សភាអាមេរិក នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
រូបឯកាសរ៖ សកម្មជន​គាំទ្រ​បណ្តាញ​សង្គមទិកតុក​ (TikTok) ចេញតវ៉ានៅក្នុងបរិវែណ​វិមាន​សភាអាមេរិក នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ខណៈ​ពេល​ដែល​វា​មាន​លក្ខណៈ​ខ្លាំងក្លា​ជាង​បណ្តាញ​សង្គម​អនឡាញ​ភាគច្រើន​នោះ យុទ្ធនាការ​បញ្ចុះបញ្ចូល​ដ៏​ទូលំទូលាយ​របស់​ទិកតុក​នេះ​គឺជា​ការ​ប៉ុនប៉ង​ចុងក្រោយ​បង្អស់​របស់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដើម្បី​បញ្ឈប់​សេចក្តី​ព្រាងច្បាប់​ថ្មី​ណា​មួយ ហើយ​វា​ជា​ការប្រយុទ្ធ​ដែល​ឧស្សាហកម្ម​បច្ចេកវិទ្យា​តែងតែ​ឈ្នះ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ សភា​អាមេរិក​បាន​បរាជ័យ​ក្នុង​ការ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ដែល​នឹង​ការពារ​ឯកជនភាព​របស់​អ្នកប្រើប្រាស់ ការពារ​កុមារ​ពី​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត ធ្វើឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កាន់តែ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញរបស់​ខ្លួន និង​ដាក់​វិធានការ​ការពារ​ដែល​មិន​ជាប់​ចំណង​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា AI និង​បញ្ហា​ផ្សេងៗ​ទៀត។

ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា​អាមេរិក​លោក Mark Warner ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Virginia និង​ជា​អតីត​នាយក​ប្រតិបត្តិ​ផ្នែក​បច្ចេកវិទ្យា ក៏​បាន​គាំទ្រសេចក្តី​ព្រាងច្បាប់​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ទិកតុក​នេះ​ផងដែរ។ លោក​បាន​ព្យាយាម​ជំរុញ​សហសេវិក​របស់​លោក​ឱ្យ​រឹតបន្តឹង​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ​ជាយូរ​មកហើយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​មាន​ន័យ​ថា វា​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់។ ខ្ញុំ​ពិតជា​មិន​ចង់​ឃើញ​ពួកយើង​បន្ត​បរាជ័យ​ក្នុងការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បច្ចេកវិទ្យា​នោះ​ទេ‍»។

អ្នកខ្លះ​មើល​ឃើញ​ថា សេចក្តី​ព្រាងច្បាប់​ហាមឃាត់​មិនឱ្យ​ប្រើ​ទិកតុក​នេះ​គឺជា​ឱកាស​ដ៏ល្អ​បំផុត​ក្នុង​ពេល​ឥឡូវ​នេះ​ដើម្បី​រឹត​បន្តឹង​ឧស្សាហកម្ម​បច្ចេកវិទ្យា​និង​ធ្វើជា​គំរូ ប្រសិនបើ​គេ​សម្រាំង​ផ្តោត​ទៅ​លើ​ក្រុមហ៊ុន​តែ​មួយ។

លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា លោក​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​របស់​រដ្ឋសភា​នេះ​ដែល​បាន​អនុម័ត​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ដ៏​លើសលប់​ចំនួន ៣៦២ ទល់​នឹង ៦៥ កាលពី​ខែ​មីនា បន្ទាប់ពី​ការ​បោះឆ្នោត​ដ៏​កម្រ​របស់​គណៈកម្មាធិការ​រដ្ឋសភា​ក្នុង​សំឡេង​គាំទ្រ ៥០ ទល់​នឹង ០ ឱ្យ​លើក​យក​សេចក្ដី​ព្រាងច្បាប់​នេះ​មក​ធ្វើការ​បោះឆ្នោត។

ក៏ប៉ុន្តែ សេចក្តី​ព្រាងច្បាប់​នេះ​កំពុង​ជាប់គាំង​នៅក្នុង​ព្រឹទ្ធសភា។ ព្រឹទ្ធសភា​មាន​ការ​ឯកភាពគ្នា​តិចតួច​ប៉ុណ្ណោះ​លើ​វិធីសាស្រ្ត​ដ៏ល្អ​បំផុត​ដើម្បី​ធានា​ថា​ប្រទេស​ចិន​មិន​មាន​លទ្ធភាព​ចូល​ប្រើប្រាស់​ទិន្នន័យ​ឯកជន​របស់​មនុស្ស​ចំនួន ១៧០ លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ដែល​ប្រើ​កម្មវិធី​ទិកតុក​នេះ ឬ​ក៏​ជះ​ឥទ្ធិពល​លើ​ពួកគេ​តាម​រយៈ​ក្បួន​ដោះស្រាយ​ដោយ​កុំព្យូទ័រ (Algorithm) របស់​កម្មវិធីនេះ។

គេ​ឃើញ​មាន​កត្តា​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​សេចក្តី​ព្រាងច្បាប់​នេះ​ជាប់គាំង​នៅ​ព្រឹទ្ធសភា។ ឧស្សាហកម្ម​បច្ចេកវិទ្យា​គឺ​មាន​លក្ខណៈ​ទូលំ​ទូលាយ ហើយ​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​គណៈកម្មាធិការ​ផ្សេងគ្នា​ជាច្រើន។ លើស​ពី​នេះ​ទៅ​ទៀត បញ្ហា​ដែល​កំពុង​កើត​មាន​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​ទាំង​ពីរ​នោះទេ ដែល​ធ្វើឱ្យ​អ្នកតាក់តែង​ច្បាប់​នៅ​សភា​មាន​ការ​លំបាក​ក្នុងការ​យល់ស្រប​គ្នា​លើ​អាទិភាព​និង​របៀប​ដែល​ច្បាប់​គួរ​ត្រូវបាន​ចែង។

រូបភាពមួយ​បង្ហាញ​ស្លាក​សម្គាល់​បណ្តាញ​សង្គមទិកតុក (TikTok) និងទង់ជាតិសហរដ្ឋអាមេរិក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
រូបភាពមួយ​បង្ហាញ​ស្លាក​សម្គាល់​បណ្តាញ​សង្គមទិកតុក (TikTok) និងទង់ជាតិសហរដ្ឋអាមេរិក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ម៉្យាង​វិញ​ទៀត លោក Warner បាន​និយាយ​ថា សេចក្តី​ព្រាងច្បាប់របស់​រដ្ឋសភា​នេះ​គឺជា​ឱកាស​ដ៏ល្អ​បំផុត​ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ក្រោយពី​មាន​ភាព​អសកម្ម​អស់​ជាច្រើន​ឆ្នាំ។ លោក Warner បាន​និយាយ​ទៀត​ថា ការ​ហៅ​ទូរស័ព្ទ​គំរាមកំហែង​ពី​យុវជន​ទាំងនោះ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​បញ្ជាក់​ថាហេតុអ្វី​យើង​ពិតជា​ត្រូវការ​ឱ្យ​មាន​ច្បាប់​នោះ «ដោយ​វា​បញ្ជាក់​ថា​តើ​យើង​ពិតជា​ចង់​ឱ្យ​សារ​ដូចនោះ​ត្រូវបាន​ក្រឡុក​តាមចិត្ត​ដោយ​បក្ស​កុម្មុយនីស្ត​ចិន​ឬ​ក៏​យ៉ាងណា​នោះ»។

អ្នកតាក់តែង​ច្បាប់​មួយចំនួន​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​បិទ​មិន​ឱ្យ​ប្រើ​ទិកតុក​នេះ​អាច​ធ្វើឱ្យ​យុវជន​អាមេរិក​រាប់​លាន​នាក់​ដែល​ជា​អ្នក​ប្រើប្រាស់ ដែល​យុវជន​ទាំងនោះ​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​អ្នកបោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ មាន​ការខឹង​សម្បា។ ក៏ប៉ុន្តែ លោក Warner និយាយ​ថា «ការជជែក​ដេញដោល​បាន​ផ្លាស់ប្តូរ‍» ពី​ការនិយាយ​អំពី​ការ​ហាមប្រាម​ទាំងស្រុង​មិនឱ្យ​ប្រើប្រាស់​ទិកតុក​កាលពី​មួយ​ឆ្នាំ​មុន​ទៅជា​ការ​និយាយ​អំពី​សេចក្តី​ព្រាងច្បាប់​របស់​រដ្ឋសភា​អាមេរិក​ដែល​នឹង​បង្ខំ​ឱ្យទិកតុក ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ByteDance Ltd. លក់​ភាគហ៊ុន​របស់​ខ្លួន​ដើម្បី​អាច​បន្ត​ប្រតិបត្តិការ​ទៀត​បាន។

នៅក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​ទី ២៤ ខែ​មីនា​កន្លង​ទៅ​នេះ អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris បាន​ទទួលស្គាល់​ភាព​ពេញនិយម​របស់​ទិកតុក ហើយ​ថា វា​បាន​ក្លាយជា​ប្រភព​ចំណូល​សម្រាប់​មនុស្ស​ជាច្រើន។

អ្នកស្រី​បាន​និយាយ​ទៀត​ថា រដ្ឋបាល​របស់​លោក Biden មិន​មាន​បំណង​ហាមប្រាម​មិន​ឱ្យ​ប្រើ​ទិកតុក​នោះទេ ក៏ប៉ុន្តែ​គឺ​គ្រាន់តែ​ចង់​ដោះស្រាយ​រឿងកម្មសិទ្ធិ​របស់​ទិកតុក​នេះ​ប៉ុណ្ណោះ។ អ្នកស្រី Harris បាន​ថ្លែង​នៅក្នុង​កម្មវិធី This Week របស់​បណ្តាញ​ទូរទស្សន៍ ABC ថា «យើង​យល់​ពី​គោលបំណង​និង​អត្ថប្រយោជន៍​របស់​ទិកតុក និង​ភាពរីករាយ​ដែល​វា​ផ្តល់​ឱ្យ​មនុស្ស​ជាច្រើន‍»។

សមាជិក​គណបក្ស​សាធារណរដ្ឋ​មិន​ចុះ​សម្រុងគ្នា​នឹង​រឿង​នេះ​ទេ។ ខណៈ​ដែល​ពួកគេ​ភាគច្រើន​គាំទ្រ​សេចក្តី​ព្រាងច្បាប់​ហាមឃាត់​មិន​ឱ្យ​ប្រើ​ទិកតុក​នេះ អ្នកផ្សេងទៀត​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​រឹត​បន្តឹង​ខ្លាំងពេក ហើយ​ខ្លាច​ថា​រដ្ឋាភិបាល​កំណត់​គោលដៅ​ទៅ​លើ​អង្គភាព​ជាក់លាក់​មួយ។

លោក Rand Paul សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Kentucky បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​អនឡាញ X ថា៖ «ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ហាមប្រាម​មិន​ឱ្យ​ប្រើ​ទិកតុក​របស់​រដ្ឋសភា​នេះ​មិនមែន​គ្រាន់តែ​ជា​ការ​យល់ខុស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​វិធានការ​ដ៏​តឹងរ៉ឹង​ដែល​រារាំង​ការ​បញ្ចេញមតិ​ដោយ​សេរី ជាន់ឈ្លី​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​បង្អាក់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​ផងដែរ»។

ដោយ​សង្ឃឹម​ថា​នឹង​អាច​បញ្ចុះបញ្ចូល​សហសេវិក​របស់​ខ្លួន​ឱ្យ​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នេះ​បាន សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Connecticut លោក Richard Blumenthal និង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Tennessee អ្នកស្រី Marsha Blackburn បាន​អំពាវនាវ​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នានា​លែង​ចាត់ទុក​ព័ត៌មាន​អំពី​ទិកតុក​និង​ករណី​ដែល​ទិកតុក​ជា​កម្មសិទ្ធិ​របស់​ចិន​ថា​ជា​ពត៌មានសម្ងាត់ ដែល​ព័ត៌មាន​ទាំងនេះ​ត្រូវបាន​ផ្តល់​ជូន​សមាជិក​ព្រឹទ្ធសភា​កន្លង​មក។

លោក Blumenthal និង​អ្នកស្រី Blackburn បាន​រៀបចំ​សេចក្តី​ព្រាងច្បាប់​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​អ្នក​ទាំង​ពីរ​បាន​រៀបចំ​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​របស់​កុមារ​តាម​អ៊ីនធឺណិត ក៏ប៉ុន្តែ​ព្រឹទ្ធសភា​មិន​ទាន់​បោះឆ្នោត​អនុម័ត​នៅ​ឡើយ​ទេ។

កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​ឯកជនភាព​តាម​អ៊ីនធឺណិត​និង​សេចក្តី​ព្រាង​ច្បាប់​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កាន់តែ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លឹមសារ​នានា​ដែល​ពួកគេ​ផ្សព្វផ្សាយ​ក៏កំពុង​ជាប់គាំង​ផងដែរ ។

រីឯ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មេដឹកនាំ​គណបក្ស​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​លោក Chuck Schumer ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ New York ដើម្បី​ជំរុញ​ទៅមុខ​ឱ្យ​បាន​លឿន​នូវ​សេចក្តី​ព្រាងច្បាប់​ដែល​នឹង​រឹតបន្តឹង​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា AI ដែល​កំពុង​រីកលូតលាស់​នោះ ក៏​មិន​ទាន់​លេចចេញ​ជា​លទ្ធផល​ណាមួយ​នៅ​ឡើយ​ដែរ។

លោក Schumer បាន​និយាយ​តិចតួច​ណាស់​អំពី​សេចក្តី​ព្រាងច្បាប់​ហាម​មិន​ឱ្យ​ប្រើ​ទិកតុក​នេះ ឬ​អំពី​ថាតើ​លោក​នឹង​យក​សេចក្តី​ព្រាងច្បាប់​នេះ​មក​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​ឬ​ក៏​អត់៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG