Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ព្រួយ​បារម្ភ ខណៈ​អ្នក​ជំនាញ​សិក្សា​ពី​លទ្ធភាព​សាងសង់​ទំនប់​វារីអគ្គិសនី


រូប​ឯកសារ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
រូប​ឯកសារ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ខណៈ​អ្នក​ជំនាញ​កំពុង​សិក្សា​លទ្ធភាព​នៃ​ការ​ស្ថាបនា​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​ជីវភាព​របស់​ពួកគេ ប្រសិន​បើ​ទំនប់​នឹង​ត្រូវ​សាង​សង់។

អភិបាល​ក្រុង​ស្ទឹង​ត្រែង លោក សាយ កុសល ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា អាជ្ញាធរ​កំពុង​តែ​ពិនិត្យ​មើល​ពី​លទ្ធភាព​នៃ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ប៉ុន្តែ​លោក​មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ​ថា​ តើ​នឹង​មាន​ការ​សាងសង់ ​ឬ​មិន​សាង​សង់​ទំនប់​នោះ​ទេ។

លោក​ថ្លែង​ថា៖ «កន្លង​មក​នេះ​ ដោយសារ​តែ​ក្រុមហ៊ុន​គាត់​ទទួល​ម៉ៅ​ការ​សិក្សា អ៊ីចឹង​ទោះ​បី​ថា​ធ្វើ​មិន​ធ្វើ មិន​ដឹង​ទេ ប៉ុន្តែ​គាត់​ដឹង​តែ​សិក្សា​ឱ្យ​ចប់​ហើយ ​ធ្វើ​របាយ​ការណ៍​ត្រឡប់​ទៅ​វិញ។ ការ​សាង​សង់​ ឬ​មិន​សាង​សង់​ ជា​រឿ​ងរបស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​មាន​តែ​ភារកិច្ច​ចូល​ទៅ​សិក្សា​ទេ»។

បើ​តាម​អភិបាល​ក្រុង​ស្ទឹង​ត្រែង​រូប​នេះ​ លោក​មិន​ដឹង​ថា ​តើ​ក្រុមហ៊ុន​សិក្សា​នៅ​ទី​តាំង​ណា​ខ្លះ​ទេ ខណៈ​អាជ្ញាធរ​បាន​ត្រឹម​តែ​ជា​អ្នក​សម្រួល​កិច្ចការ​មួយ​ចំនួន​ដល់​អ្នក​ជំនាញ​តែ​ប៉ុណ្ណោះ។
លោក ម៉ែន គុង នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង ប្រាប់​វីអូអេ​ថា​ ក្រុម​អ្នក​ជំនាញ​គ្រាន់​តែ​សិក្សា​ពី​លទ្ធភាព​នៃ​គម្រោង​ប៉ុណ្ណោះ មិន​មែន​សិក្សា ដើម្បី​សាង​សង់​ទំនប់​វារីអគ្គិសនី​ឡើយ។ លោក​បន្ត​ថា​ ការ​សាងសង់​ទំនប់​អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​តែ​រដ្ឋាភិបាល​អនុញ្ញាត។​
លោក​ថ្លែង​ថា៖ «ជា​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ​ថា ​តើ​ការ​សិក្សា​កម្រិត​ណា​ ដើម្បី​អី​ ជា​ធម្មតា​មិន​មែន​ការ​សិក្សា​សុទ្ធ​តែ​ត្រូវ​បាន​សាង​សង់​ទេ។ វា​ជា​វិធាន​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ បើ​សិន​ជា​ទាក់ទង​ទំនប់​វារីអគ្គិសនី​ ត្រូវ​ឆ្លង​សភា​ទៀត»។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​អភិបាល​ក្រុង​ស្ទឹងត្រែង ចុះ​ថ្ងៃទី​ ៩ ខែ​កញ្ញា ឆ្នាំ​ ២០២២ ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដែល​ជា​ម្ចាស់​ភាគហ៊ុន​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​ការ​សម្រប​សម្រួល និង​សហការ​ ដើម្បី​បន្ត​អនុវត្ត​បញ្ចប់​ការ​កំណត់​ចំណុច​គោល​នៃ​ការ​សិក្សា​ក្នុង​ទី​តាំង​សិក្សា​គម្រោង​ទំនប់​ស្ទឹងត្រែង។

លិខិត​បញ្ជាក់​ថា៖ «ដើម្បី​បញ្ចប់​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ ក្រុមហ៊ុន​តម្រូវ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​កំណត់​ចំណុច​គោល​ជា​មូលដ្ឋាន​ក្នុង​តំបន់​គម្រោង​ ដែល​អាច​វាយ​តម្លៃ​ រក្សា​ទុក​ជា​តម្រុយ​ជាក់ស្តែង​ និង​ធ្វើ​ជា​មូលដ្ឋាន​ជាក់​លាក់​ក្នុង​ការ​ធ្វើ​របាយការណ៍​លទ្ធភាព​ទាំង​មូល​ជូន​ទៅ​ក្រសួង​ពាក់ព័ន្ធ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក គិត ម៉េង បាន​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​កន្លង​ទៅ មាន​សេចក្តី​រាយការណ៍​ថា​ រដ្ឋាភិបាល​បាន​អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​ក្រុមហ៊ុន​ Royal Group សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ ដែល​មាន​ថាមពល​ ១.៤០០ ​មេហ្គាវ៉ាត់។

វីអូអេ​មិន​ទាន់​អាច​សុំ​អត្ថាធិប្បាយ​ពី​លោក ហេង គុណលាង អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​នៅ​ឡើយ​ទេ។

កាល​ពី​ឆ្នាំ​ ២០២០ ក្រសួង​រ៉ែ ​និង​ថាមពល​ឱ្យដឹង​ថា ​កម្ពុជា​មិន​មាន​ផែនការ​ក្នុង​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​តួ​ទន្លេ​មេគង្គ​នោះ​ទេ ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ខាង​មុខ​ គឺ​រហូត​ដល់​ឆ្នាំ​ ២០៣០។

ការ​ចុះ​សិក្សា​នេះ​នាំ​ឱ្យប្រជាពលរដ្ឋ​មួយ​ចំនួន​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៅ​ថ្ងៃ​ខាង​មុខ។
ប្រជានេសាទ លោក ម៉ៅ សារ៉េត ប្រាប់វី​អូអេ​ថា ​លោក​ឃើញ​មាន​ក្រុមហ៊ុន​ចិន​ចុះ​មក​ក្នុង​ភូមិ​របស់​លោក ខណៈ​ថា​អ្នក​ភូមិ​មិន​ដឹង​ព័ត៌មាន​អ្វី​ឡើយ​ ពី​ព្រោះ​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ។

រស់​នៅ​ក្នុង​ភូមិ​កោះ​ខនឌិន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង លោក សារ៉េត បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ កាល​ណា​ទំនប់​វារីអគ្គិសនី​ពិត​ជា​ត្រូវ​បាន​សាងសង់។

លោក​ថ្លែង​ថា៖ «ទី​ ១​ ការ​សាង​សង់​ទំនប់វារី​អគ្គិសនី គឺ​ប៉ះពាល់​ដល់​ប្រជាជន​រាប់​ម៉ឺន​នាក់ រាប់​លាន​នាក់។ សួរ​ថា​អ្នក​ទាំង​ឡាយ​នេះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដែរ​ឬ​ទេ។ ទី​ ២ ការពារ​ផល​ប្រយោជន៍​សហគមន៍​ ធនធាន​ធម្មជាតិ និង​ជល​ផល តើ​បាន​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ។ ទី​ ៣ ​បើ​សិន​ជា​គេ​រុះ​រើ​កន្លែ​ង​រស់​នៅ​របស់​ប្រជាពល​រដ្ឋ តើ​មាន​ស្ថិរភាព​ដែរ​ឬ​ទេ»។

ចំណែក​ពល​រដ្ឋម្នាក់​ទៀត​ អ្នក​ស្រី​ ចយ ចាន់នី អាយុ​ ៤០ ​ឆ្នាំ ប្រាប់​វីអូអេ​ថា​ អ្នក​ស្រី​ក៏​ព្រួយ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ​ និង​ពិបាក​នៅ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ បើ​សិន​ជា​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី។

មាន​ទីលំនៅ​ក្នុង​ភូមិ​ថ្មី​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹងត្រែង អ្នក​ស្រី​ថ្លែង​ថា៖ «រាល់​ថ្ងៃ​បារម្ភ​ដែរ​ថា​ បើ​សិន​ជា​គេ​ធ្វើ[ទំនប់]​អគ្គិសនី​ចឹង ព្រោះ​អី​រក​អត់​សូវ​បាន​ទេ​នេសាទ​ត្រី ដាក់​ម៉ង ដាក់​សន្ទូច​អី​អត់​សូវ​បាន​ដូច​មុន​ទេ។ ខ្ញុំ​ឮ​គេ​និយាយ​ដែរ​ហ្នឹង​ថា​ មិន​ដឹង​ពិត​ ឬ​មិន​ពិត​ទេ ព្រោះ​អី​គេ​ថា​ ពេល​កាល​ណា​គេ​ធ្វើ​អគ្គិសនី​នេះ​ទៅ​ គេ​នឹង​ដេញ​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ទន្លេ​ចេញ។ តែ​ដេញ​ចេញ​ទៅ​ មិន​ដឹង​ទៅ​នៅ​ឯណា​ទេ អត់​មាន​ដីធ្លី​នៅ​ឯណា​ទៀត​ផង​ហ្នឹង​។ មាន​តែ​កន្លែង​ហ្នឹង»។

គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា​បាន​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ដែល​មាន​ទំហំ​ ៤០០​ មេហ្គាវ៉ាត់​ ដែល​ធ្វើ​ឱ្យលិច​ផ្ទះ​រាប់​រយ​ខ្នង ​និង​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​លើ​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ជា​បន្ត​បន្ទាប់​នៅ​លើ​ដង​ទន្លេ​មេគង្គ ​ជាពិសេស​ទំនប់​របស់​ប្រទេស​ឡាវ​ ដែល​ពួកគេ​អះ​អាង​ថា​នឹង​ធ្វើ​ឱ្យកម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ ហើយ​ប៉ះពាល់​ផល​ត្រី​ និង​ដី​ល្បាប់​នៅ​ផ្នែក​ខាង​ក្រោម៕

XS
SM
MD
LG