Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ កម្ពុជា​អាច​បង្កើន​ការ​ប្រើ​យានយន្ត​អគ្គិសនី បើ​មាន​ផែនការ​ត្រឹមត្រូវ


រូបឯកសារ៖ អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើ​​មហាវិថី​ព្រះ​មុនីវង្ស ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់​ រាជធានី​ភ្នំពេញ នៅព្រឹក​​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អ្នកបើកបរ​កំពុង​ធ្វើ​ដំណើរ​លើ​​មហាវិថី​ព្រះ​មុនីវង្ស ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់​ រាជធានី​ភ្នំពេញ នៅព្រឹក​​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ធនាគារ​ពិភពលោក ​(World Bank) បាន​ឱ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍ថ្មីមួយ​ថា ប្រទេស​កម្ពុជា​អាច​សម្រេច​គោល​ដៅ​ដ៏មាន​មហិច្ឆតា​របស់​ខ្លួន​ ក្នុង​ការ​បង្កើន​ចំនួន​យានយន្ត​អគ្គិសនីនៅ​លើ​ដង​ផ្លូវ ប្រសិន​បើ​អនុវត្តតាម​ផែនការ​ដែល​ត្រូវបាន​រៀបចំ​ឡើងយ៉ាង​ប្រុងប្រយ័ត្ន​មួយ​។

បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​ មាន​រថយន្ត​អគ្គិសនី​ដែល​អាចធ្វើចរាចរ​លើ​ដងផ្លូវ​ តិច​ជាង​ ១០០០​គ្រឿង​ប៉ុណ្ណោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បានដាក់​យុទ្ធសាស្ត្រ​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិស​នី​ឱ្យ​បាន​ ៤០ភាគរយ​នៃ​រថយន្ត​ និង​រថយន្ត​សាធារណៈ​ក្នុងទីប្រជុំជន​ ហើយ​ ៧០ភាគរយ​នៃ​ម៉ូតូ ក៏​ជាម៉ូតូ​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនីនៅត្រឹមឆ្នាំ​ ២០៥០​។ នេះ​ជាយុទ្ធសាស្ត្រ​សម្រាប់ការ​ដឹកជញ្ជូន​ដោយ​គ្មា​ន​កាបូន​។

​របាយការណ៍​ដែលមាន​ចំណងជើង​ថា​៖ «អនុសាសន៍​សម្រាប់​រៀបចំ​ផែនទី​បង្ហាញផ្លូវ​ថ្នាក់​ជាតិ​ស្តីពី​អន្តរកាល​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​» បាន​បង្ហាញ​ថា​ ទីផ្សារ​យានយន្ត​នៅកម្ពុជា​ សម្បូរ​ដោយ​យានយន្ត​ដែល​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ (ICE)​ ប្រភេទ​មួយ​ទឹក​នាំចូល​ពីក្រៅ​ប្រទេស​ជា​ពិសេស​រថយន្ត​អ្នកដំណើរ​ និង​រថយន្ត​ដឹក​ទំនិញ។

របាយការណ៍សង្កត់​ធ្ងន់​ថា​៖ «​ប្រសិនបើ​ទំរង់​នេះ​មិន​មានការ​ផ្លាស់ប្តូរ​ទេ ការ​ជ្រៀត​ចូល​នៃយាន​យន្ត​អគ្គិសនី​ក្នុង​ទ្រង់​ទ្រាយ​ធំ​ នឹងត្រូវការ​ទុន​វិនិយោគ​ដ៏ច្រើនសន្ធឹកសន្ធាប់​ ឬមិនអាច​ទៅរួច​តែ​ម្តង​»។

អ្នក​ជំនាញ​ខាង​ដឹកជញ្ជូន​របស់​ធានាគារ​ពិភព​លោក​ លើកឡើងថា ​រដ្ឋាភិបាល​ប្រទេស​កម្ពុជាគួរ​មាន​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ខុស​គ្នា​រវាង​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី (EV) និង​រថយន្ត​មួយ​ទឹក​នាំ​ចូលទាំង​នោះ​ឱ្យ​បាន​សមស្រប ដើម្បី​អាច​ឱ្យ​អ្នកប្រើប្រាស់​រថយន្ត​មួយទឹក​នាពេល​បច្ចុប្បន្ន​ងាក​មក​ប្រើប្រាស់​រថយន្ត​ EV ​ថ្មី។ ​

សិក្ខាសាលាប្រកាសពីរបាយការណ៍របស់ធនាគារពិភពលោកស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
សិក្ខាសាលាប្រកាសពីរបាយការណ៍របស់ធនាគារពិភពលោកស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

អ្នកជំនាញខាងដឹកជញ្ជូនរបស់ធានាគារពិភព លោក Bowen Wang ផ្តល់បទសម្ភាសន៍ឱ្យវីអូអេក្នុងសិក្ខាសាលារបស់ធនាគារពិភពលោកស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
អ្នកជំនាញខាងដឹកជញ្ជូនរបស់ធានាគារពិភព លោក Bowen Wang ផ្តល់បទសម្ភាសន៍ឱ្យវីអូអេក្នុងសិក្ខាសាលារបស់ធនាគារពិភពលោកស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

លោក​ Bowen Wang ប្រាប់​វីអូអេ​ថា បញ្ហាហិរញ្ញវត្ថុ​គឺ​ស្ថិត​នៅជាចំណុចកណ្តាល​របស់​អ្នកប្រើ​ប្រាស់​ បើសិនបើ​ពួកគេ​ចង់​ផ្លាស់​ប្តូរយានយន្ត​ពី​រថយន្ត​ដើរ​ដោយ​ថាមពល​ចំហេះ​ មក​យានយន្ត​អគ្គិស​នី​។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ សម្រាប់តម្រូវការ​រថយន្ត EV ​គឺថ្ងៃណាមួយ​ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្លាស់​ប្តូរពីឡានដែល​ពួក​គេ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ មក​យានយន្ត​អគ្គិសនី​ គឺ​វាភាគច្រើន​ជាជម្រើស​ហិរញ្ញវត្ថុ។ ជាការ​ពិតការ​ប្រើប្រាស់រថយន្ត​ EV គឺ​មិនសូវ​គគ្រេច និង​មិនសូវ​មាន​សំឡេង​រំខាន​ អ្នកប្រើប្រាស់​នឹង​ចូលចិត្តវា។ ប៉ុន្តែ​ពួក​គេ​ត្រូវ​ចំណាយ​ច្រើន​មែនទែន​ដើម្បី​បាន​រថយន្ត​ប្រភេទនោះ​ អីចឹងអតិថិជន​នឹងមិន​សម្រេច​ចិត្ត​ទៅ​ប្រើ​វា​ទេ​»។

បើ​តាម​លោក​ Bowen Wang អ្នក​ប្រើ​ប្រាស់​រថយន្ត​មួយ​ទឹកនាំចូល​ក្នុងប្រទេស​កម្ពុជា​ អាច​ឈាន​ទៅ​ប្រើ​យាន​យន្ត​អគ្គិសនី​ ប្រភេទ​មួយ​ទឹក​ដែល​អាច​យក​ពី​ប្រទេស​អាមេរិក​ ឬប្រទេសចិន​នាពេល​ខាង​មុខផង​ដែរ​ ប្រសិន​បើ​មាន​ទីផ្សារ​ជាសាកល​សម្រាប់​លក់​ដូរ​ប្រភេទ​រថយន្ត​ EV មួយ​ទឹក​នេះ​។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក រស់ សីលវ៉ា ថ្លែងបើកសិក្ខាសាលារបស់ធនាគារពិភពលោកស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក រស់ សីលវ៉ា ថ្លែងបើកសិក្ខាសាលារបស់ធនាគារពិភពលោកស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី ទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

មន្ត្រីកម្ពុជា​មួយចំនួនដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ ​បាន​កត់​សម្គាល់​លើ​សារៈសខាន់​នៃ​អនុសាសន៍​ស្តីពី​អន្តរ​កាល​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនីរបស់​ធនាគារ​ពិភពលោក​ ដែល​នឹង​រួមចំណែក​ដល់​ការ​កាត់​បន្ថយ​បំភាយ​កាបូន​ក្នុង​កា​រដឹក​ជញ្ជូន​ និង​ការ​សម្រេច​បាន​នូវមហិច្ឆតា​របស់​កម្ពុជាជាប្រទេស​ដែល​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​អព្យាក្រឹត​កាបូន​នៅ​ត្រឹម​ឆ្នាំ​២០៥០​។

រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក រស់​ សីលវ៉ា​ ថ្លែង​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​បញ្ចប់​គោលនយោបាយ​ជាតិ​ពាក់​ព័ន្ធ​នឹងរថយន្ត EV និង​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ឱ្យមាន​ការប្រើប្រាស់​រថយន្ត EV នៅ​ប្រទេស​កម្ពុជា​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថា​ន។

យ៉ាង​ណា​ក៏ដោយ​ ធនាគារ​ពិភពលោក​បាន​លើក​ឡើង​ថា​ ដើម្បីធានា​ថា​យានយន្ត​អគ្គិសនី​មាន​វត្តមាន​ធ្វើ​ចរាចរ​លើ​ដងផ្លូវ​ ច្រើន​ជាង​យានយន្ត​ប្រើសាំង​ ឬប្រេង​ម៉ាស៊ូត​ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ បទប្បញ្ញត្តិនៃ​ការ​នាំចូល​ និង​ប្រើប្រាស់​យានយន្ត​ ដោយ​ប្រើវិធីសាស្ត្រ​រឹត​បន្តឹង​បន្តិច​ម្តងៗ​។ នៅក្នុង​នោះ​ គួរ​តែ​អនុវត្ត​គោល​នយោបាយ​ដែល​តម្រូវ​លែង​ឱ្យ​មាន​យាន​យន្ត​ដែល​ប្រើសាំង​ ឬប្រេង​ម៉ាស៊ូត​ ធ្វើ​ចរាចរ​លើ​ដង​ផ្លូវ​តទៅ​ទៀត​ នៅពេល​ដែល​អាយុ​កាល​របស់​វា​ចូល​ដល់​រយៈ​ពេល​ជាក់លាក់​ណា​មួយ។

តាម​ការ​ប៉ាន់ស្មាន​ ចំនួន​យាន​យន្តសរុប​ដែល​កំពុង​ធ្វើ​ចរាចរ​នៅលើ​ដង​ផ្លូវ​ អាច​នឹង​កើន​ឡើង​ពី​ ៦​លាន​គ្រឿង​ នាពេល​បច្ចុប្បន្ន​ទៅដល់ ​៨.១លាន​គ្រឿង​នៅឆ្នាំ​ ២០៣០​ និង​ ១៤,២លាន​គ្រឿង​នៅឆ្នាំ​ ២០៥០។ នេះបើតាម​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​៕ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG