Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ភ្ញាក់​ផ្អើល​ចំពោះ​«ការ​ប្រែ​ក្រឡះ​ជា​ប្រវត្តិសាស្ត្រ»​នៃ​ការ​អភិវឌ្ឍ​របស់​ក្រុម​ប្រទេស​ក្រីក្រ​បំផុត


រូបឯកសារ៖ អ្នកធ្វើការស្ម័គ្រ​ចម្អិនអាហារចែកជូន​ដល់​ពលរដ្ឋខ្វះខាត នៅ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកធ្វើការស្ម័គ្រ​ចម្អិនអាហារចែកជូន​ដល់​ពលរដ្ឋខ្វះខាត នៅ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ធនាគារ​ពិភពលោក​បាននិយាយនៅ​ក្នុង​របាយការណ៍មួយ កាលពីថ្ងៃចន្ទ ទី១៥​ ខែ​មេសាថា ​ពាក់​កណ្តាលនៃ​ប្រទេសក្រីក្រ​បំផុតចំនួន ​៧៥​ នៅ​ក្នុងពិភពលោក មាន​គម្លាត​ប្រាក់ចំណូលធំជាងមុន ជាមួយ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​បំផុត​ជា​លើក​ដំបូង​ក្នុង​សតវត្សរ៍​នេះ នៅ​ក្នុងការប្រែក្រឡះជា​ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍ។ ​របាយការណ៍របស់​ធនាគារពិភពលោក​ថា គម្លាតគ្នា​រវាងកំណើន​ប្រាក់ចំណូល​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​ក្រុមប្រទេស​ក្រីក្រ​បំផុត​និង​ក្រុមប្រទេស​មាន​ធនធាន​ច្រើន​បំផុតមានធំ​ជាងមុន​ក្នុង​ពេល​ ៥​ ឆ្នាំ​កន្លង​ទៅ​នេះ។

លោក​ Ayhan Kose អនុប្រធាន​ក្រុម​អ្នកសេដ្ឋកិច្ច​ធនាគារ​ពិភពលោក​និងជាអ្នក​និពន្ធ​ម្នាក់​ក្នុង​បណ្តា​អ្នកនិពន្ធ​សេចក្តី​រាយការណ៍​នេះ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ ថា៖​ «ជា​លើកដំបូង​ហើយ​ដែល​យើង​ឃើញ​ថា ​គ្មាន​ការ​ប្រសព្វ​គ្នា​ទេ។ ក្រុមប្រទេស​ក្រីក្ររឹត​តែក្រ​ជាង​មុន»។​

លោកបាន​ថ្លែង​ថា៖​« យើង​ឃើញ​មានការថយ​ក្រោយ​ខ្លាំង​ណាស់ ជា​ការប្រែក្រឡះ​មួយ​ក្នុង​ពិភពលោក ... ​ព្រោះ​ហេតុនេះ​ហើយ​បានជា​យើងប្រាប់​ឲ្យ​ដឹង​ពី​សញ្ញា​អាសន្ន​»។​

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា ប្រទេស​ ៧៥ ដែលមានសិទ្ធិ​ទទួល​ជំនួយ​ជាអំណោយ​និង​ប្រាក់កម្ចី​គ្មាន​ការប្រាក់​ពីសមាគមអភិវឌ្ឍន៍​អន្តរជាតិ IDA ប្រថុយ​ប្រថាន​នឹង​ការបាត់បង់ការអភិវឌ្ឍន៍​រយៈពេល​ ១​ ទសវត្សរ៍ ​ដោយ​មិនមានការ​កែប្រែគោលនយោបាយ​និង​ជំនួយ​អន្តរជាតិ​ជា​ដុំ​កំភួនទេ។

លោក Kose ថា​ ការលូតលាស់ក្នុង​ប្រទេស IDA ​ជា​ច្រើនបានចាប់ផ្តើមថមថយនៅមុនការ​រាតត្បាតនៃ​ជំងឺកូវីដ១៩​ តែវា​មានតែ ​៣,៤%​ ពី​ឆ្នាំ​ ២០២០​ ដល់​ ២០២៤ ​ដែល​ជា​ការលូតលាស់​តិចបំផុត​ក្នុង​ពេល​កន្លះ​ទសវត្សរ៍​ ចាប់តាំង​ពី​ដើម​ទសវត្សរ៍​ ១៩៩០ ​មក។ ការ​លុកលុយ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ ការ​ប្រែប្រួល​អាកាសធាតុ ​កំណើន​អំពើហិង្សា​និង​សង្គ្រាម​ក៏​នាំ​ឱ្យ​មាន​ផលប៉ះពាល់​ខ្លាំង​លើ​សេចក្តីសង្ឃឹម​របស់​ប្រទេស​ទាំង​នេះ​ដែរ។

ជាងពាក់កណ្តាលនៃប្រទេស​ IDA ​ទាំងអស់​ស្ថិតនៅក្នុង​តំបន់ខាងត្បូង​សមុទ្រខ្សាច់​សាហារ៉ា​ ប្រទេស​ ១៤ ស្ថិត​នៅ​អាស៊ី​ខាងកើត ​ហើយ​ប្រទេស​៨ស្ថិតនៅ​អាមេរិក​ឡាទីន​និង​តំបន់​ការ៉ាអ៊ីប។ ប្រទេស​ ៣១ មាន​ប្រាក់​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ​តិច​ជាង​ ១.៣១៥​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប្រទេសទាំង​នេះ​មាន​រួម​សាធារណរដ្ឋ​កុងហ្គោ​ ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប្រទេស​ហៃទី។​

ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ​IDA បី​ក្រីក្រនៅពេល​នេះ​ជាង​មុន​ការរាតត្បាតជំងឺ​កូវីដ។ ក្រុម​ប្រទេស IDA មាន ៩២%​ នៃ​ប្រជារាស្ត្រ​ពិភពលោក​ដែលមានអាហារមិនគ្រប់គ្រាន់​និងគ្មានជីវជាតិ។​

ហើយទោះជា​ប្រទេស​ទាំង​នេះ​មាន​ប្រជារាស្ត្រវ័យ​ក្មេង ដែល​ជា​ប្រយោជន៍​ខាង​ប្រជាសាស្ត្រ​នៅពេល​មួយ​ដែល​ប្រជារាស្ត្រ​កំពុង​មាន​អាយុ​ច្រើន​សឹង​តែ​នៅ​គ្រប់​កន្លែងទាំងអស់ ​ទោះជា​មាន​ប្រភព​ធនធាន​ធម្មជាតិ​ច្រើននិងមាន​សក្តានុពល​ប្រើប្រាស់​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យច្រើន​ក៏ដោយ ​ក៏​ម្ចាស់​ឥណទានឯកជន​និង​រដ្ឋាភិបាលបាន​ដកខ្លួន​ថយ​ពី​ពួកគេ​ដែរ។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុសហរដ្ឋ​អាមេរិកលោក Jay Shambaugh ​បានលើកឡើង​អំពី​កង្វល់ស្តីពី​ស្ថានភាព​អាក្រក់​ជាង​មុន​កាលពី​សប្តាហ៍​ទី​ ២ នៃ​ខែមេសា ​ដោយ​លោក​បានព្រមាន​ប្រទេស​ចិន​និងម្ចាស់​ឥណទាន​ផ្លូវការឯទៀតៗ កុំឱ្យ​បន្ថយ​ប្រាក់កម្ចី​ដល់​ក្រុមប្រទេស​មាន​ប្រាក់​ចំណូល​ទាប នៅពេលមូលនិធិ​រូបិយវត្ថុ​អន្តរជាតិឬ​ធនាគារអភិវឌ្ឍន៍ពហុភាគី​បង្កើន​ការបញ្ចូលប្រាក់កាសទៅក្នុង​ប្រទេស​ទាំងនេះ។

លោក​បាន​និយាយថា ​ប្រទេស​ជិត​ ៤០ ​មានកំណើន​បំណុលសាធារណៈ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ ២០២៣។

លោក Kose ​បានពោលថា គេត្រូវការ​ឱ្យ​មាន​គោលនយោបាយ​ប្រកប​ដោយ​មហិច្ឆតាដើម្បីពន្លឿន​ការវិនិយោគ ​រួមមានការប្រឹងប្រែង​ក្នុង​ប្រទេស​សម្រាប់ពង្រឹងគោលនយោបាយ​សារពើពន្ធ ​គោលនយោបាយរូបិយ​វត្ថុ​និង​គោលនយោបាយ​ហិរញ្ញវត្ថុ ​និង​កំណែទម្រង់​ប្រព័ន្ធដើម្បីកែលម្អ​វិស័យ​សិក្សា​អប់រំ​និង​បង្កើន​ប្រាក់​ចំណូល​ក្នុង​ប្រទេស។

លោក Kose ​បាន​និយាយថា​ ការគាំទ្រខាង​ហិរញ្ញវត្ថុពី​សហគមន៍​សាកល​ក៏មាន​សារៈ​សំខាន់​ដែរ​ដើម្បីធ្វើឱ្យ​មាន​ការជឿនលឿន​និង​បន្ថយ​ការប្រថុយប្រថាននៃ​ភាព​នៅ​ទ្រឹង​យ៉ាងយូរ ​ដោយលោក​បានកត់សម្គាល់​ថា​ ធនាគារពិភពលោកសង្ឃឹម​ថា​នឹងបង្កើន​មូលនិធិ​ឱ្យ​ IDA ​ត្រឹមខែធ្នូ។

របាយការណ៍​នេះបានចែងថា ​ការសម្របសម្រួលអន្តរជាតិ​ខ្លាំងជាងមុនអំពី​ការប្រែប្រួល​អាកាសធាតុ​ ការចាត់ចែង​បំណុល​ជា​ថ្មី​និង​វិធានការ​គាំទ្រ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​មាន​សារៈសំខាន់។

លោក​ Indermit Gill ​ប្រធានក្រុម​អ្នកសេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក ​បានកត់សម្គាល់​ថាប្រ ទេសចិន ​ឥណ្ឌា​និងប្រទេស​កូរ៉េខាង​ត្បូង​ ដែលនៅ​ពេល​នេះជា​ប្រទេស​មានសេដ្ឋកិច្ច​ធំ​ ក៏​ធ្លាប់ស្ថិតក្នុងចំណោម​បណ្តាប្រទេសក្រីក្រ​បំផុត​ក្នុងពិភពលោក តែប្រទេស​ទាំងនេះ​អាចដោះស្រាយ​បញ្ហា​ក្រីក្រនិងដំឡើងស្តង់ដារជីវភាពរស់នៅ​បាន។

លោក​បានថ្លែងថា៖​ «ពិភពលោក​មិនអាច​បែរ​ខ្នងដាក់​ក្រុម​ប្រទេស​ដែលមាន​សិទ្ធិ​ទទួល​ជំនួយ​ជាអំណោយ​និង​ប្រាក់កម្ចី​គ្មាន​ការប្រាក់​ពីសមាគមអភិវឌ្ឍន៍​អន្តរជាតិបានទេ»៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG