Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បរិស្ថាន​ស្នើ​ឱ្យ​បង្កើន​សួន​បៃតងធំ​ៗ​ និង​ដាំ​ដើមឈើ​​នៅ​ភ្នំពេញ​ខណៈ​​កម្តៅ​កើន​ឡើង


ស្ត្រី​ម្នាក់ទូល​កន្ត្រកក្បែរ​បឹង​ត្រពាំងមួយ ក្នុង​រដូវប្រាំង​ខាង​ក្រៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​សុក្រ ទី២២ ខែ​មីនា ឆ្នាំ​២០២៤។
ស្ត្រី​ម្នាក់ទូល​កន្ត្រកក្បែរ​បឹង​ត្រពាំងមួយ ក្នុង​រដូវប្រាំង​ខាង​ក្រៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​សុក្រ ទី២២ ខែ​មីនា ឆ្នាំ​២០២៤។

បន្ទាប់​ពី​មាន​ការកើន​ឡើង​កម្តៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ អ្នក​តាម​ដាន​ឃ្លាំមើល​បរិស្ថាន​ និងពលរដ្ឋ​មួយ​ចំនួន អំពាវនាវ​ឱ្យ​មាន​ការរៀបចំ​សួន​ច្បារ​បៃតង ​និង​ការ​ដាំ​ដើម​ឈើ​បន្ថែម​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ចូល​រួម​ចំណែក​កាត់​បន្ថយ​កម្តៅ​ និង​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​មាន​សោភ័ណ​ភាព​ដែល​ជា​ទី​ប្រជា​ពលរដ្ឋ​ចង់​រស់​នៅ​។

ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​ មាន​ប្រជាជន​ប្រមាណ​២លាន ២សែន​នាក់​កំពុង​រស់​នៅ​ ខណៈដែល​ទីក្រុង​នេះ​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ដែល​សម្បូរ​ទៅ​ដោយ​អគារ​ខ្ពស់​ៗ​ និង​ហេដ្ឋា​រចនា​សម្ពន្ធ​ខ្វាត់​ខ្វែង ​ប៉ុន្តែ​សួន​ច្បារ​ដែល​មាន​ដើម​ឈើ និង​ភាព​បៃ​តងធំៗ​ ដូច​ប្រទេស​ក្បែរ​ខាង​ខ្លះហាក់​ពុំ​សូវ​មាន​នៅ​ឡើយ​។

រុក្ខវិទូ​ និង​ជា​អ្នក​រចនា​សួនច្បារ​លោក​សុខ វិជ្ចា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បម្រែបម្រួល​អាកាស​ធាតុ​សព្វ​ថ្ងៃ​នេះ​ កាន់​តែ​មាន​ភាព​អាក្រក់​ទៅៗ​ ដែល​វា​ធ្វើ​ឱ្យ​សុខភាព​របស់​ប្រជាជន​នៅ​ទី​ក្រុង​និង​ជន​បទ​មួយ​ចំនួន ​ងាយ​ទទួល​រង​ផល​ប៉ះពាល់​ ដោយ​សារតែសីតុណ្ហភាព​ប្រែប្រួល​លឿន​ ដែល​ធ្វើ​ឱ្យ​រាង​កាយ​ពិបាកសម្របតាម​។

លោក​ថ្លែង​ថា​៖ «​ដំណោះ​ស្រាយ​ទីក្រុង​ភ្នំពេញ​ គួរតែ​មាន​ឧទ្យាន​រុក្ខជាតិ​ធំៗ​បង្កើត​ឡើង​ឱ្យ​ច្រើន​កន្លែង​ឱ្យ​ច្រើន​ទីតាំង​ ហើយ​ក៏​ធ្វើ​បឹង​សិប្បនិមិ្មត​ឡើង​វិញ​ ព្រោះ​សព្វ​ថ្ងៃ​ខ្ញុំ​ឃើញ​ថា​ ទីក្រុង​ភ្នំពេញ​ការ​អភិវឌ្ឍ​គាត់​លុប​បឹង​ លុប​ព្រែក​អស់​ច្រើន។ បឹង​ព្រែក​តាម​ពិត​ទៅ​កើត​មាន​តាំង​ពី​មុន​សម័យ​សង្គម​រាស្រ្ត​និយម​ទៀត​។ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សម្លឹង​ឃើញ​ថា​ ការ​អភិវឌ្ឍ​មួយ​ដែល​ខុស​ហ្នឹង​គឺ​ គាត់​នាំ​គ្នា​លុប​បឹង​លុប​ព្រែក​ ដែល​ជា​ចរន្ត​សាច់​ឈាម​នៅ​ក្នុង​ការ​ទប់​ស្កាត់​កម្តៅ​ ក៏​ដូច​ជា​បង្កើត​សំណើម​នៅ​ក្នុង​ខ្យល់​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​ អ៊ីចឹង​អាហ្នឹង​ហើយ​ធ្វើឱ្យ​សព្វ​ថ្ងៃ​ហ្នឹង​អាកាស​ធាតុ​នៅ​ទីក្រុង​ភ្នំពេញ​ចេះ​តែ​កើន​ឡើង​ក្តៅ​ទៅៗ​»។

លោក​បន្ថែម​ថា កាល​ណាមាន​ការៀបចំ​ទីក្រុង​ស្អាត​ មាន​ធម្មជាតិ​ច្រើន​ វាជួយ​កាត់​បន្ថយ​កម្តៅ និង​ធ្វើ​ឱ្យ​អ្នកមក​ទស្សនា​ទីក្រុង​ទទួល​បាន​អារម្មណ៍​ល្អ ហើយ​វា​ក៏​ជា​ចំណុច​មួយ​ក្នុងការទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ផង​ដែរ។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក ចេញ​កាលពី​ឆ្នាំ​ ២០១៦ ស្តី​អំពី​ទីធ្លាបៃតងក្នុង​ទីក្រុង និង​សុខភាព បញ្ជាក់​ថា ទីធ្លា​បៃតងមាន​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​សាធារណៈ​យ៉ាង​ច្រើន​ ដូចជា​ការ​សម្រាក​ផ្លូវចិត្ត និង​ការ​កាត់​បន្ថយ​ភាព​តាន​តឹង ការ​ពង្រឹង​សកម្មភាព​រាងកាយ ​ការកាត់​បន្ថយ​ផល​ប៉ះពាល់​ពីការ​បំពុល​បរិយាកាស​កម្តៅ​ខ្លាំង​ និងសំឡេង​រំខាន​ ក៏​ដូចជា​កត្តា​បង្ក​គ្រោះថ្នាក់​ផ្សេងទៀត​នៅ​ក្នុង​បរិស្ថាន​ទីក្រុង​។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោកកើត សារ៉ាយ ប្រាប់​វីអូអេ​ថាការ​រៀបចំ​សួន​ច្បារ​ និង​ការ​ដាំ​ដើម​ឈើ​នៅ​រាជធានី​ភ្នំពេញ​តាម​ទីសាធារណៈនៅ​មាន​ភាព​ខ្វះ​ខាត​ច្រើនដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យទីក្រុង​ដ៏មមាញឹក​មួយ​នេះ​រង​សម្ពាធ​ខ្លាំង​ពីការ​កើន​ឡើង​កម្តៅ។ លោក​បន្ថែមថា ការកើន​ឡើង​កម្តៅ​អាច​បណ្តាល​មក​ពី​ការបំភាយ​ឧស្ម័ន​ចេញ​ពី​បណ្តា​ប្រទេស​ដែល​មាន​រោង​ចក្រ​ធំៗ​ ពិសេស​ការ​បាត់បង់​ព្រៃ​ឈើ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក​ថ្លែងថា​៖«ការ​កកើត​កម្តៅ​ផែនដី​ ទី១​ព្រៃឈើ​! ឃើញ​ព្រៃ​ឈើ​នៅ​កម្ពុជា​របស់​យើង​ត្រូវ​បាន​ធ្វើ​ការ​កាប់​បំផ្លាញ​យ៉ាង​គំហុក​មក​ពេល​នេះ​ យើង​ឃើញ​ថា​ព្រៃ​ដែល​ធំ​ចុង​ក្រោយ​របស់​យើង​គឺ​ព្រៃ​ឡង់​ក៏​កំពុង​រង​ការ​បំផ្លាញ​យ៉ាង​ខ្លាំង​ទៀត​។ យ៉ាង​ច្រើន​៤-៥ឆ្នាំ​ទៀត​ បើ​អាជ្ញាធរ​រដ្ឋ​នៅ​តែ​ធូរ​រលុង​បែប​នេះ​ ព្រៃ​នឹង​អស់​តែ​ម្តង»។

បើ​តាម​លោក​កើត សារ៉ាយ អាជ្ញាធរ​រដ្ឋ​ និង​អភិបាល​រាជធានី​ ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​រៀបចំ​ស្តារ​សួន​ច្បារ​ និង​ដាំ​កូន​ឈើ​ឡើង​វិញ​ នៅ​តាម​តំបន់​មួយ​ចំនួន​តាម​ទី​សា​ធារណៈ​ឱ្យ​បាន​ច្រើន​ ដើម្បី​ឱ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជា​ទីក្រុង​មួយ​ដែល​ប្រជា​ពល​រដ្ឋ​ចង់​រស់​នៅ​។

ប្រធាន​កម្មវិធី​បណ្តាញ​ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃ​គូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ​លោក សាន់ ម៉ាឡា លើក​ឡើង​ថា ការ​រៀប​ចំ​សួនច្បារ​ដែល​មាន​ដាំដើម​ឈើ​ និង​មាន​ភាព​បៃតងធំ​ទូលំទូលាយ​ ក្នុង​ទីក្រុង​ភ្នំពេញ​កម្ពុជា​ហាក់​នៅ​ខ្វះខាត​នៅ​ឡើយ ប្រសិន​បើ​ប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់។

លោក​ថ្លែង​ថា៖ «ក៏​ប៉ុន្តែ​នៅ​ភ្នំពេញ​យើង​ យើង​មាន​តែ​ប្រភេទ​ជា​សួន​លម្អ​តូចៗ​ ហើយ​សួន​របស់​យើង​ទៀត​សោត​មាន​ដើម​ឈើ​មិន​គ្រប់​គ្រាន់​នោះ​ទេ។ សួន​របស់​យើង​ភាគ​ច្រើន​គឺ​មាន​តែ​ជា​សំណង់​ ជា​ការ​ក្រាល​ការ៉ូឡា​ថ្ម អត់​មាន​ជា​ប្រភេទ​ឧទ្យាន​ក្រាល​ស្មៅ​មាន​ម្លប់​ត្រឈឹង​ត្រឈៃ​ ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ​បាន​»។

ការ​កើនឡើង​កម្តៅ​ភាគធំ​បណ្តាល​មក​ពី​ការ​បាត់​បង់​ព្រៃឈើ​ ដែល​បង្ក​ឱ្យ​កាបូន​ឌីអុកស៊ីត​កើន​ឡើង​ខ្លាំង​ក្នុង​ស្រទាប់​បរិយាកាស​ បន្ថែម​លើ​ការ​បំភាយ​ឧស្ម័ន​។ នេះ​បើ​តាម​លោក​សាន់ ម៉ាឡា។

លោក​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​ហាក់​ឱ្យ​តម្លៃ​លើ​ការ​សាងសង់​អាគារ និង​ហេដ្ឋា​រចនា​សម្ពន្ធ​ ជាជាង​ការ​រក្សា​សភាព​ធម្មជាតិ​នៅ​ក្នុង​ទីក្រុង។

លោក​បន្ថែម​ថា៖ «ដូច្នេះ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​តែ​ចាប់​ផ្តើម​វិនិយោគ​នៅ​ក្នុង​ការ​បង្កើន​នូវ​ផ្ទៃ​បៃតង​ បង្កើន​នូវ​ទីកន្លែង​បៃតង​ ទី១​យើង​បង្កើត​នូវ​សោភ័ណ្ឌភាព​របស់​ទីក្រុង​ ហើយ​ទី២​យើង​អាច​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ភ្នំពេញ​គាត់​មាន​អារម្មណ៍​ថា​នៅ​ពេល​ដែល​គាត់​ទំនេរ​ពី​ការងារ​ គាត់​មាន​ទីកន្លែង​សម្រាប់​គាត់​រីករាយ​ ហើយ​ទី​៣​វា​ជា​ការ Update [កែតម្រូវ] ទីក្រុង​របស់​យើង​ឱ្យ​ដើរ​ទាន់​ប្រទេស​ដែល​គេ​ជឿន​លឿន ហើយ​ទី៤​វា​អាច​បង្កើន​នូវ​ភាព​ទាក់​ទាញ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​លេង​កម្សាន្ត​ប្រទេស​កម្ពុជា​ផង​ដែរ»។

គិត​ត្រឹម​ឆ្នាំ​ ២០២២ សួនច្បារ​សាធារណៈ​ក្នុងរាជធានី​ភ្នំពេញ មាន​សរុប​ចំនួន ១២១ ទីតាំង ស្មើនឹង ១,០០៤,២៣៣ម៉ែត្រការ៉េ។ នេះ​បើ​តាម​ការ​ផ្សាយ​លើ​គេហទំព័រ​ក្រសួង​ព័ត៌មាន

ប៉ុន្តែ​សួនច្បារ​ដែល​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​មិន​សូវ​ធំ​ប៉ុន្មាន​ឡើយ ដោយ​សួន​សា​ធារណៈ​មាន​ដើមឈើ​ធំៗ​នៅមាន​ចំនួន​តិចតួច​ដើម្បីទទួល​ប្រជាពលរដ្ឋ ដូចជា រ​មណីយ​ដ្ឋាន​វត្តភ្នំ សួន​ខាង​មុខ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សួន​ក្នុង​បរិវេណ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ​ជា​ដើម​។ នេះ​បើតាម​ការ​សង្កេត​របស់​ពលរដ្ឋ​មួយចំនួន​ដែល​រស់​នៅ​ទីក្រុងភ្នំពេញ​ជាយូរឆ្នាំ​មក​ហើយ​។

បើ​តាម​របាយការណ៍​ស្តីពីការ​កែប្រែ​រាជធានី​ភ្នំពេញ​ទៅជា​ទីក្រុង​ប្រសើរ​របស់​អង្គការ UNDP ទីក្រុង​ភ្នំពេញ មាន​ទីកន្លែង​សាធារណៈ​ចំនួន​ប្រមាណ ៨៧ កន្លែង​ប៉ុណ្ណោះ។ របាយការណ៍​ដដែល​ឱ្យដឹង​បន្ថែម​ថា​ រាជធានី​ភ្នំពេញ​មាន​ដង់ស៊ីតេ​ដើមឈើ​ទាប ជាពិសេស​នៅ​តំបន់​ជាយ​ក្រុង។ គិតត្រឹម​ឆ្នាំ ២០១៨ រដ្ឋា​ភិបាល​បាន​ចុះប​ញ្ជី​ដើមឈើ​តាម​ដង​ផ្លូវ​ចំនួន ៤២.០៣០​ដើម នៅ​តាម​ផ្លូវ​ចំនួន ៣៨២ ​ក្នុង​ក្រុង​តែប៉ុណ្ណោះ ហើយ​ផ្លូវ​ប្រហែល​៥០ ក្នុង​ចំណោម​ផ្លូវ​ទាំងអស់​នោះ មាន​ដើម​ឈើ​តិច​ជាង ១០ ដើម​ក្នុងផ្លូវ​នីមួយៗ​។

អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​ និង​សំណង់​ លោក សេង ឡូត ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​គិត​គូរ​រួច​ជាស្រេច ក្នុង​ការ​បង្កើន​ភាព​បៃតង​នៅ​ក្នុង​ទីក្រុង​។

លោក​ថ្លែង​ថា​៖ «​មែន​ទែន​រាជ​រដ្ឋាភិបាល​បាន​គិត​បញ្ហា​ហ្នឹង​រួច​ទៅ​ហើយ​ រាជ​រដ្ឋា​ភិបាល​បាន​ចេញ​អនុក្រឹត​ ហើយ​បាន​កំណត់​បទដ្ឋាន​នៅ​ក្នុង​ដីឡូ​មួយ​ហ្នឹង​គឺ​សំណង់​ឱ្យ​មាន​បៃតង​៣០%​ ហើយ​បើ​ក្នុង​បុរី​មួយ​បៃតង​ឱ្យ​មាន​១០%​នៅ​ក្នុង​ប្លុក​ហ្នឹង​ អ៊ីចឹង​ការ​គិត​គូរ​ហ្នឹង​មាន​រួច​ជា​ស្រេច​ទៅ​ហើយ​»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ​លោក​កើត ឆែ ​បាន​នៅ​ឡើយ​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោកខ្វៃ អាទិត្យា​ ប្រាប់​វីអូអេ​ថា ខណៈ​អាកាស​ធាតុ​មាន​ការ​ប្រែប្រួល​ដូច​ជា​ការ​កើន​ឡើង​កម្តៅ​ផង​នោះ​ លោក​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឱ្យ​សាធារណជន​ទូទៅចូល​រួម​ក្នុង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ និង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ការពារ​និង​អភិរក្ស​ជា​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ការកើន​ឡើង​កម្តៅ​។

លោក​បន្ថែម​ថា មាន​តែ​ការ​បញ្ឈប់​រាល់​សកម្មភាព​ទន្រ្ទាន​កាប់​បំផ្លាញ​ព្រៃឈើ​ទេ ទើប​អាច​ចូល​រួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​។

ក្នុង​ចន្លោះ​ពី​ឆ្នាំ២០០១​ ដល់​ឆ្នាំ​ ២០២២​ ពោល​គឺ​រយៈ​ពេល​ ២០ ​ឆ្នាំចុងក្រោយ​នេះ​ ​កម្ពុជា​បាត់បង់​គម្រប​ព្រៃ​ឈើ​សរុប​ប្រមាណ​ ២​លាន ​៧​សែន​ហិកតា ​ឬ​ស្មើ​នឹង​ ៣១%​ នៃ​គម្រប​ព្រៃ​ឈើ​សរុប​ក្នុង​ប្រទេស។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG