Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បញ្ជាក់​ជា​ថ្មី​ថា​ខ្លួន​នឹង​ប្រើ​កម្លាំង​យោធា​បើ​ចាំបាច់​ដើម្បី​ត្រួតត្រា​តៃវ៉ាន់


រូបឯកសារ៖ នៅ​ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua នេះ ទាហាន​ម្នាក់​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន មើល​តាម​កែវយឹត​ក្នុង​អំឡុង​​សមយុទ្ធ​យោធា​មួយ​ ខណៈ​នាវា​ចម្បាំង​ឈ្មោះ ​Lan Yang របស់​តៃវ៉ាន់​កំពុង​បើក​នៅ​មិន​ឆ្ងាយ​ពី​នោះ។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua នេះ ទាហាន​ម្នាក់​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន មើល​តាម​កែវយឹត​ក្នុង​អំឡុង​​សមយុទ្ធ​យោធា​មួយ​ ខណៈ​នាវា​ចម្បាំង​ឈ្មោះ ​Lan Yang របស់​តៃវ៉ាន់​កំពុង​បើក​នៅ​មិន​ឆ្ងាយ​ពី​នោះ។

នៅ​ថ្ងៃ​ពុធ​នេះ ប្រទេស​ចិន​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ខ្លួន​នឹង​ប្រើ​កម្លាំង​យោធា​ប្រសិន​បើ​ចាំបាច់​ដើម្បី​ត្រួតត្រា​កោះ​តៃវ៉ាន់។ ការ​ព្រមាន​របស់​ចិន​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​បែប​គំរាមកំហែង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

សេចក្ដី​ថ្លែងការណ៍​របស់​ចិន​នេះ​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​គណៈរដ្ឋមន្ត្រី​ចិន​និង​ដោយ​ស្ថាប័ន​ព័ត៌មាន​របស់​ខ្លួន។

អត្ថបទ​ជា​ភាសា​អង់គ្លេស​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​នឹង «ធ្វើការ​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ជាទី​បំផុត​និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​បំផុត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជា​ថ្មី​ដោយ​សន្តិវិធី [ជាមួយ​នឹង​តៃវ៉ាន់]»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ត​ថា៖ «ប៉ុន្តែ យើង​នឹង​មិន​បោះបង់​ចោល​នូវ​ការ​ប្រើ​កម្លាំង​នោះ​ទេ ហើយ​យើង​នៅ​រក្សា​នូវ​ជម្រើស​នៃ​ការ​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់។ ករណី​នេះ​គឺ​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​និង​ប្រឆាំង​នឹង​សកម្មភាព​ផ្ដាច់​ខ្លួន​ទាំង​អស់»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា៖ «យើង​នឹង​តែងតែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ឆ្លើយតប​ដោយ​ការ​ប្រើ​កម្លាំង​ឬ​ក៏​មធ្យោបាយ​ចាំបាច់​ផ្សេង​ទៀត​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​កម្លាំង​ខាង​ក្រៅ​ឬ​ក៏​ចំពោះ​សកម្មភាព​ជ្រុល​និយម​របស់​ក្រុម​ផ្ដាច់​ខ្លួន​នានា។ គោល​បំណង​ចុងក្រោយ​បង្អស់​របស់​យើង​គឺ​ដើម្បី​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​រំពឹង​នៃ​ការ​បង្រួបបង្រួម​ឡើង​វិញ​ដោយ​សន្តិវិធី​របស់​ចិន [ជាមួយ​នឹង​តៃវ៉ាន់]»។

រដ្ឋាភិបាល​ចិន​ថា វិធានការ​ទាំង​នេះ​គឺ​ធ្វើ​ឡើង​ដោយសារតែ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​កាលពី​សប្ដាហ៍​មុន។ ប៉ុន្តែ តៃវ៉ាន់​បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​ដូច​នេះ​គឺ​មាន​ជា​ធម្មតា​និង​ថា​ចិន​បាន​ប្រើ​ករណី​នេះ​ដើម្បី​ធ្វើ​ជា​លេស​នៅ​ក្នុង​ការ​គំរាមកំហែង​ដូច្នេះ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG