Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ពង្រឹង​បន្ថែម​វិស័យ​សុខាភិបាល​ដែល​រង​ការ​រិះគន់


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (AFP PHOTO / ASEAN-AUSTRALIA SPECIAL SUMMIT 2024 / PENNY STEPHENS)
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (AFP PHOTO / ASEAN-AUSTRALIA SPECIAL SUMMIT 2024 / PENNY STEPHENS)

ខណៈ​វិស័យ​សុខាភិបាល​កម្ពុជា​នៅ​បន្ត​រង​ការ​រិះគន់​ថា​ មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ពុធ​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​សមត្ថភាព​ពេទ្យ​និង​បំពាក់​ឧបករណ៍​ទំនើប​នៅ​តាម​មន្ទីរ​ពេទ្យ ដើម្បី​ធានា​ថា ​ប្រជាពលរដ្ឋ​មិន​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស និង​ពង្រឹង​ការ​ទុក​ចិត្ត​លើ​វិស័យ​នេះ​បន្ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរ​ពេទ្យ «តេជោ​សែន​កោះធំ» ស្ថិត​នៅ​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។

លោក ហ៊ុន ម៉ាណែត ដែល​កាន់​អំណាច​បាន​ជាង​៦​ខែ ថ្លែង​ថា​ ក្រុម​គ្រូពេទ្យ​របស់​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ ប៉ុន្តែ​កម្ពុជា​នៅ​ខ្វះ​ឧបករណ៍​ទំនើប​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «យើង​ត្រូវ​បង្កើន​ចំណុច​នេះ បង្កើន​សមត្ថភាព បង្កើន​គ្រឿង​បំពាក់​ យើង​ចាញ់​គេ​តែ​គ្រឿង​បំពាក់​ទេ​កន្លែង​ខ្លះ។ ថ្ងៃ​មុន ខ្ញុំ​ទៅ​ពេទ្យ​អង្គដួង​ ពេទ្យ​ស្ម័គ្រ​ចិត្ត​កូរ៉េ​មក​វះ​បក​ភ្នែក​ គាត់​ថា​សរសើរ​ទឹក​ដៃ​ពេទ្យ​ខ្មែរ​យើង។ គាត់​ថា​ពេទ្យ​ខ្មែរ​យើង​ជំនាញ ទឹក​ដៃ​ល្អ​ណាស់​ ខ្វះ​តែ​ឧបករណ៍​មិន​ទាន់​ទំនើប ទាន់​សម័យ​ដូច​គាត់ តែ​ទំនើប​យើង​ក៏​មាន​ដែរ ប៉ុន្តែ​មិន​ទាន់​អាចុង​ក្រោយ​ដូច​គាត់​»។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់​ថា​ វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស លោក ហ៊ុន ម៉ាណែត អះអាង​ថា​ ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជា​ជម្រើស​របស់​ប្រជាពល​រដ្ឋ ប៉ុន្តែ​លោក​ថា ​អ្នក​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​តិច​តួច បើ​ធៀប​នឹង​អ្នក​ព្យាបាល​ក្នុង​ស្រុក។

លោក​បញ្ជាក់​ថា៖ «នេះ​ហើយ​សូម​ទុក​ចិត្ត​នូវ​ការ​អភិវឌ្ឍ និង​សមត្ថភាព​ពេទ្យ​របស់​យើង​ ហើយ​ខ្ញុំ​សុំ​ឱ្យ​ពេទ្យ​របស់​យើង​ដែល​ជា​សេនា​របស់​ទេវតា​បន្ត​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ពង្រឹង​នូវ​ក្រម​សីលធម៌​ ពង្រឹង​នូវ​អាជីព និង​ជំនាញ​និង​ការ​ទទួល​ខុស​ត្រូវ។ ខិតខំ​ក្រសួង​សុខាភិបាល​ជួយ​ទៅ​ដល់​ពេទ្យ​របស់​យើង​មិន​ថា​ឯកជន​និង​រដ្ឋ ដើម្បី​គាត់​មាន​លទ្ធភាព​បង្កើន​គុណវឌ្ឍន៍ និង​ប្រគល់​សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ និង​ការ​ចូលរួម​របស់​គាត់​ក្នុង​ការព្យាបាល​ប្រជា​ពលរដ្ឋ​របស់​យើង»។

លោក ហ៊ុន ម៉ាណែត ក៏​បាន​អំពាវនាវ​ឱ្យពង្រឹង​សេវា​សុខាភិបាល​នៅ​តាម​មូលដ្ឋាន​ផង​ដែរ។

អ្នក​តាមដាន​មើល​ឃើញ​ថា ​វិស័យ​សុខាភិបាល​កម្ពុជា​រង​ការ​រិះគន់​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​អន់​ថយ​នៃ​ក្រមសីលធម៌​គ្រូ​ពេទ្យ សមត្ថភាព និង​បច្ចេទេស​របស់​គ្រូ​ពេទ្យ​នៅ​មាន​កម្រិត​ ជាពិសេស​ការ​តម្រូវ​ឱ្យ​បង់​ថ្លៃ​ព្យាបាល​មុន​ជា​ដើម។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លើក​ឡើង​ថា​ បញ្ហា​ប្រឈម​ធំ​បំផុត​នៅ​ក្នុង​វិស័យ​សុខាភិបាល ពាក់ព័ន្ធ​នឹង​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ សម្ភារៈ​បច្ចេកទេស និង​ការ​ប្រើប្រាស់​ធន​ធាន​គ្រូ​ពេទ្យ​មិន​ចំ​គោល​ដៅ។ ​លោក​ថា​ ទាំង​នេះ​គឺជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ល្អ​ប្រសើរ។

លោក​ប្រាប់​វីអូអេ​ថា៖ «អ៊ីចឹង​ខ្ញុំ​ថា​ អ្វី​ដែល​ជា​ការ​ត្រូវ​ធ្វើ​ការ​កែលម្អ ទីមួយ ការ​កែ​លម្អ​ឱ្យ​បាន​មុន​គេ​និង​បាន​ឆាប់​គឺ​រឿង​ក្រម​សីលធម៌​ហ្នឹង​ហើយ។ រឿង​ទីពីរ គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ធន​ធាន​សម្ភារៈ​បច្ចេកទេស​ហូរហែ ថវិកា​សម្រាប់​ផ្តល់​ទៅ​ឱ្យ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង គឺ​គ្នា​អាច​អនុវត្ត​កិច្ច​ការងារ​បាន។ បើ​មិន​អ៊ីចឹង​ទេ​ គឺ​គ្នា​អត់​អាច​អនុវត្ត​អី​បាន​ទេ»។

ចំណែក​ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់​វីអូអេ​ថា ​ស្ថានភាព​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​លោក​ថា ​សម្ភារៈ​និង​បច្ចេកទេសនៅ​ខ្វះ​ខាត​នៅ​ឡើយ ដោយ​សារ​តែ​កម្ពុជា​នៅ​មិន​ទាន់​អាច​ផលិត​ឧបករណ៍​ពេទ្យ​ទាំង​នោះដោយ​ខ្លួន​ឯង​បាន។

លោក​ថ្លែង​ថា៖ «ចំពោះ​ឧបករណ៍​នៅ​កម្ពុជា​យើង​មិន​ទាន់​អាច​ចេះ​ផលិត​ឧបករណ៍​ហ្នឹង​ប្រើ​ប្រាស់​ទេ យើង​ច្រើន​តែ​បាន​ជំនួយ​ពី​ប្រទេស​នានា​គេ​ជួយ»។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា​នៅ​ពេល​កម្ពុជា​មាន​ឧបករណ៍​ប្រើប្រាស់​និង​មាន​បច្ចេកទេស​គ្រប់​គ្រាន់ ប្រជាពលរដ្ឋ​នឹង​មិន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG