Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​អំពាវនាវ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​ជំងឺ​អុតស្វា​ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ទី​១២


រូបឯកសារ៖ បុរសម្នាក់បង្ហាញ​រោគសញ្ញានៃជំងឺ​អុតស្វា។ (CDC via AP)
រូបឯកសារ៖ បុរសម្នាក់បង្ហាញ​រោគសញ្ញានៃជំងឺ​អុតស្វា។ (CDC via AP)

ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ការ​ចម្លង​ជំងឺ​អឹម​ផក​ (Mpox)​ ទៅ​លើ​បុរស​ម្នាក់​នៅ​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ និង​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​រក្សា​សុខភាព​ផ្ទាល់​ខ្លួន។ នេះ​ជា​ករណី​ទី ១២ ​នៃ​ការ​ចម្លង​ជំងឺ​អឹម​ផក​ក្នុង​ប្រទេស​កម្ពុជា។​

ជំងឺ​អឹមផក​ដែល​ដើម​ឡើយ​ត្រូវ​គេ​កំណត់​ថា​ ជា​ជំងឺ​អុត​ស្វា​ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួម​ភេទ​ ការ​ប៉ះ​ពាល់​កន្លែង​មាន​ដំបៅ​ផ្ទាល់​ តំណក់​តូចៗ​សាយ​ចេញ​តាម​ផ្លូវ​ដង្ហើម​ ទឹក​មាត់​ និង​សម្ភារៈប្រើ​ប្រាស់​ផ្សេងៗ​ដែល​មាន​វីរុស​អុត​ស្វា។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​ ១៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤​ ក្រសួង​បាន​ថ្លែង​ថា​ ជំងឺ​អឹម​ផក​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បុរស​ខាង​លើកាលពី​ថ្ងៃ​ទី​ ១៣​ ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ ​ក្រោយ​ទទួល​បាន​លទ្ធ​ផល​ពី​វិទ្យា​ស្ថាន​ជាតិ​សុខភាព​សាធារណៈ​ និង​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។​

សេចក្តី​ប្រកាស​ដដែល​បន្ថែម​ថា​ នា​ពេល​ថ្មីៗ​នេះ​ជំងឺ​អឹមផក​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ទាម​ទារ​ឱ្យ​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​បង្ការ​ការ​រីក​រាល​ដាល​ជំងឺ​នេះ​ជា​ចង្កោម​ ឬ​ទ្រង់​ទ្រាយ​ធំ​ជាយថា​ហេតុ។​

គួរ​បញ្ជាក់​ថា ​រោគ​សញ្ញា​នៃ​ជំងឺ​អឹម​ផក​មាន​ដូច​ជា​ កន្ទួល​រមាស់​ មាន​ពង​ទឹក​នៅ​លើ​មុខ​ បាត​ដៃ​ បាត​ជើង​ មាត់​ ឬ​ដង​ខ្លួន​ គ្រុន​ក្តៅ​ អស់​កម្លាំង​ ឈឺ​ក្បាល​ ឈឺ​ចង្កេះ​ ឬ​ឈឺ​សាច់​ដុំ​ជាដើម។​

វិធាន​ការ​ទប់​ស្កាត់​ការ​ចម្លង​វីរុស​អុត​ស្វា​ ឬ​ជំងឺ​អឹម​ផក​មាន​ដូច​ជា​ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​រាល់​ពេល​រួម​ភេទ​ ចៀស​វាង​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​អឹម​ផក ​សម្លៀក​បំពាក់​ ឬ​តំណក់​ទឹក​ដែល​ចេញ​ពី​ផ្លូវ​ដង្ហើម អនុវត្ត​អនាម័យ​ដៃ​ជា​ប្រចាំ​ និង​រាយ​ការណ៍​ករណី​សង្ស័យ​ណា​មួយ​ហើយ​ដាក់​បុគ្គល​ដែល​មាន​ជំងឺ​នេះ​នៅ​ដោយ​ឡែក​ជា​ដើម។​

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ​ជំងឺ​អឹមផក​នេះ​ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ព្រោះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក​ គិត​ត្រឹម​ខែ​មករា​ ឆ្នាំ​ ២០២៣ ​មាន​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចំនួន ​១៧៦​នាក់​នៅ​លើ​ពិភពលោក ​ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​ជាង ​៩ ​ម៉ឺន​នាក់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG