Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​អាយុ​ ៩​ឆ្នាំ​ នៅ​ខេត្ត​ក្រចេះ​ស្លាប់​ ដោយ​សារ​ជំងឺ​ផ្តាសាយបក្សី H5N1


មន្ត្រីសុខភាព​សត្វបិទ​ស្លាកដើម្បីបង្កើនការយល់ដឹង​ពី​ជំងឺផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែងប្រទេស​កម្ពុជាកាលពីថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ២០២៣ (ក្រសួងសុខាភិបាលកម្ពុជា/AP)
មន្ត្រីសុខភាព​សត្វបិទ​ស្លាកដើម្បីបង្កើនការយល់ដឹង​ពី​ជំងឺផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែងប្រទេស​កម្ពុជាកាលពីថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ២០២៣ (ក្រសួងសុខាភិបាលកម្ពុជា/AP)

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឱ្យ​ដឹងក្នុងសេចក្តីប្រកាសព័ត៌មាន​ចុះ​ថ្ងៃ​សុក្រនេះ​ថា​ កុមារ​ម្នាក់​អាយុ​៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី ឬ H5N1 ដែល​ជា​ជំងឺ​បំផ្លាញ​ផ្លូវ​ដង្ហើម។

ក្រសួង​ឲ្យដឹងទៀតថា ក្មេងប្រុសនោះត្រូវបានបញ្ជាក់ថាមានផ្ទុកវិជ្ជមាន​វីរុស​ផ្តាសាយបក្សី ប្រភេទ​ហាស់៥ អ៊ុន១(H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ កាល​ពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា៖ «ទោះ​ជា​មាន​ការ​យក​ចិត្ត ទុក​ដាក់​ថែទាំ​និង​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ ដោយ​សារ​ស្ថានភាព​កុមារ​មាន​សភាព​ធ្ងន់ធ្ងរ រួម​មាន​គ្រុនក្តៅ ពិបាក​ដក​ដង្ហើម ហត់ ក្អក និង​សន្លប់ កុមារ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤»។

តាម​ការ​សាក​សួរ​បង្ហាញ​ថា​នៅផ្ទះ​អ្នក​ជំងឺ​មាន​មាន់​៥​ក្បាល និង​ទា​៣​ក្បាល បាន​ងាប់​ហើយ​បាន​យក​មាន់​ទានោះ​មក​ធ្វើ​ម្ហូប​បរិភោគ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៣​មក អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​ករណីស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី ចំនួន​៣​ករណី ដែល​ករណី​ទីមួយ​កើត​លើ​ក្មេង​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ ក្នុង​ខេត្ត​កណ្តាល ករណី​ទីពីរ​កើត​លើ​ក្មេង​ស្រី​ក្នុង​ខេត្ត​ព្រៃវែង អាយុ​២​ឆ្នាំ ​និង​ករណី​ទីបី កើត​លើ​បុរស​ម្នាក់​ទៀត​ក្នុង​ខេត្ត​ព្រៃវែង អាយុ​៥០​ឆ្នាំ។

ក្រសួង​សុខាភិបាល​ក៏​បាន​ក្រើន​រំឭក​សាជាថ្មី​ដល់​ប្រជា​ពលរដ្ឋទាំងអស់​ឱ្យយក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយ​បក្សី​ជានិច្ច ពី​ព្រោះ​ជំងឺ​នេះ​«នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ»។ ក្រសួង​បញ្ជាក់​ថា ​ប្រសិន​បើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ហៀរ​សំបោរ ឬ​ពិបាក​ដក​ដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទាឈឺ​ឬ​ស្លាប់​ក្នុង​អំឡុង​១៤​ថ្ងៃ ត្រូវ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល ដែល​នៅ​ជិត​បំផុត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG