Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​ជំងឺ​ផ្តាសាយ​បក្សីមួយ​ករណី​ទៀត​នៅ​ខេត្តសៀមរាប


រូបឯកសារ៖ មាន់​កំពុង​​រង់ចាំ​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤ ខណៈ​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ពេល​នោះ។
រូបឯកសារ៖ មាន់​កំពុង​​រង់ចាំ​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤ ខណៈ​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ពេល​នោះ។

ក្រសួង​សុខាភិបាល​បន្ត​ក្រើន​រំឭក​ដល់​ពល​រដ្ឋ​បន្ទាប់​ពី​រក​ឃើញ​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ (H5N1) ​ថ្មី​ មួយករណី​បន្ថែម​ទៀត​នៅ​ស្រុក​ពួក​ ខេត្ត​សៀមរាប។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ២៨​ ខែ​មករា​ ​ក្រសួង​បាន​បញ្ជាក់​ថា បុរស​អាយុ​ ៦៩​ ឆ្នាំ​ ម្នាក់​មក​ពី​ភូមិ​តា​ប្រុយ​ ឃុំ​ព្រៃ​ជ្រូក ​ស្រុក​ពួក​ ខេត្ត​សៀមរាប​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​វីរុស​ផ្តាសាយ​បក្សី​ H5N1 ​និង​កំពុង​ទទួល​ការ​ថែ​ទាំ​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ។​ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ផ្ទះ​អ្នក​ជំងឺ​មាន​ចិញ្ចឹម​មាន់​ប្រហែល​ ៥០​ ទៅ​ ៦០​ក្បាល​ និង​មាន​មាន់​ងាប់​ប្រហែល​ពីរសប្តាហ៍មក​ហើយ។​

គួរ​រំឭក​ថា ​កាល​ពី​ថ្ងៃ ​២៥​ ខែ​មករា​កន្លង​ទៅ​ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​រក​ឃើញ​មាន​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ H5N1 ​លើ​ក្មេង​ប្រុស​អាយុ​ ៣​ ឆ្នាំ​ ម្នាក់​នៅ​ក្នុង​ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង ​ហើយ​បើ​តាម​ការ​សាក​សួរ​ប្រហែល ​១០ ​ថ្ងៃ​មុន ​នៅ​ជុំវិញ​ផ្ទះ​អ្នក​ជំងឺ​មាន​សត្វ​មាន់​ទា​ងាប់​នៅ​ក្នុង​ភូមិ។​

ក្រសួង​សុខាភិបាល​រំឭក​ម្តង​ហើយ​ម្តង​ទៀត​ថា​ ជំងឺ​ផ្តាសាយ​បក្សី ​H5N1​ នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ពល​រដ្ឋ​ និង​សំណូម​ពរ​ឱ្យ​ពល​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​បក្សី​ជានិច្ច។​ ប្រសិន​បើ​មាន​អាការៈ​ក្តៅ​ខ្លួន​ ក្អក​ ហៀរ​សំបោរ​ ឬ​ពិបាក​ដក​ដង្ហើម ​បុគ្គល​នោះ​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​និង​ពិនិត្យ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេលា។​

វិធាន​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី ​H5N1 ​នេះ​មាន​ដូច​ជា​ការ​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​បន្ទាប់​ពី​មាន​ការ​ប៉ះពាល់​បក្សី​ ដាក់​បក្សី​ឱ្យ​ឆ្ងាយ​ពី​កុមារ​និង​កន្លែង​រស់​នៅ​ និង​កុំ​បរិភោគ​សត្វ​បក្សី​ឈឺ​ឬ​ងាប់​ជាដើម។​ ជំងឺ​នេះ​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​ ប៉ុន្តែ​វា​ក៏​អាច​បំប្លែង​ខ្លួន​ឆ្លង​ដូច​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាល​ដែរ។​ នេះ​បើ​តាម​ក្រសួង​សុខាភិបាល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG