Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ីស្រាអែល​រាយការណ៍​អំពី​ការ​វាយប្រហារ​ជិត​មន្ទីរពេទ្យ​ក្រុង​ហ្កាហ្សា


រូបឯកសារ៖ ផ្សែងហុយឡើងក្រោយការវាយប្រហារតាមអាកាសរបស់​ទាហាន​អ៊ីស្រាអែល​ នៅ​ក្បែរ​មន្ទីរពេទ្យ Shifa ក្នុងក្រុងហ្កាហ្សា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ ផ្សែងហុយឡើងក្រោយការវាយប្រហារតាមអាកាសរបស់​ទាហាន​អ៊ីស្រាអែល​ នៅ​ក្បែរ​មន្ទីរពេទ្យ Shifa ក្នុងក្រុងហ្កាហ្សា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​រាយការណ៍​អំពី​ការ​វាយប្រហារ​នៅ​ជិត​មន្ទីរពេទ្យ​ Shifa នៅ​ក្រុង​ហ្កាហ្សា (Gaza City) ក៏​ដូច​ជា​នៅ​ក្រុង Khan Younis​ នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។

ក្រសួង​សុខាភិបាល​របស់​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ជនជាតិ​ប៉ាឡេស្ទីន ​៦២​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​មួយ​ថ្ងៃ​មុន​នោះ។

ក្រសួង​នេះ​ថា មាន​មនុស្ស​យ៉ាង​តិច​ ៣២.៥៥២​នាក់​ ត្រូវបាន​សម្លាប់​ចាប់​តាំង​ពី​អ៊ីស្រាអែល​ធ្វើ​ការ​វាយប្រហារ​តប​វិញ​កាល​ពី​ខែ​តុលា ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស់​ទៅ​លើ​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​មនុស្ស ​១.២០០​នាក់។​

នៅ​ក្នុង​ការផ្លាស់ប្តូរ​ជំហរមួយ​ អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ពុធ​បាន​យល់​ព្រម​បញ្ជូន​ក្រុម​អ្នក​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​ខ្លួន​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​ពិភាក្សា​អំពីចេតនា​របស់​អ៊ីស្រាអែល​ក្នុង​ការ​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​គោក​លើ​ក្រុម​ហាម៉ាស់នៅ​ទី​ក្រុង Rafah នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា។

កាល​ពី​ថ្ងៃ​ចន្ទ អ៊ីស្រាអែល​បាន​លុប​ចោល​ដំណើរ​នេះ​ ដើម្បី​តវ៉ា​ចំពោះ​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​មិន​ព្រម​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់​ជា​បន្ទាន់​នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស់។

សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ខ្លាំង​បំផុត​របស់​អ៊ីស្រាអែល​នៅ​ក្នុង​សង្គ្រាម​ជិត​៦​ខែ​នេះ បាន​បោះឆ្នោត​អនុប្បវាទ​នៅ​ក្នុង​ការ​បោះឆ្នោត​របស់ ​អ.ស.ប.​ នៅ​សប្តាហ៍​នេះ​ ក្រោយពី​ធ្លាប់​បាន​បោះឆ្នោត​វ៉េតូ​លើ​សេចក្តី​សម្រេចមុនៗ​ស្រដៀង​គ្នា​នេះ។ ការណ៍​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និង​បង្ហាញ​កាន់​តែ​ច្បាស់​ពីការ​ខ្វែងគំនិត​គ្នា​កាន់​តែ​ខ្លាំង​ជាមួយក្រុង​វ៉ាស៊ីនតោន​លើ​របៀប​ដែល​អ៊ីស្រាអែល​ចាត់ចែង​ក្នុងបញ្ហា​សង្គ្រាម​នេះ។

ប៉ុន្តែ​ទោះបី​លោក Netanyahu បាន​លុបចោល​ទស្សនកិច្ច​របស់​អ្នកយុទ្ធសាស្ត្រ​សង្គ្រាម​របស់​លោក​មួយ​ក្រុម​ក្តី ក៏​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Yoav Gallant មាន​វត្តមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន The Associated Press, Reuters និង Agence France-Presse

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG