Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ថ្មី៖ ការគំរាមកំហែងនិងការយាយីលើអ្នកសារព័ត៌មានកម្ពុជានៅបន្តកើតឡើង


រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ឬ​ហៅ​កាត់​ថា​ខេមបូចា​ នៅ​តែ​បន្ត​រក​ឃើញ​ករណី​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​ ២០២៣ បើ​ទោះ​បីជា​ចំនួន​នេះ​បាន​ថយ​ចុះ​បន្តិច ធៀប​នឹង​ឆ្នាំ​ ២០២២។ ប៉ុន្តែ​ការ​បំពាន​ហិង្សា​លើ​អ្នក​សារព័ត៌មាន​នៅ​តែ​កើន​ឡើង​ដដែល។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​ខេមបូចា ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ២០ ខែ​មីនា ឆ្នាំ​ ២០២៤។

ក្នុង​របាយ​ការណ៍​ស្តីពី «ស្ថានភាព​សារព័ត៌មាន​នៅ​ក្នុង​កម្ពុជា​ឆ្នាំ​ ២០២៣» ខេមបូចា​បាន​កត់ត្រា​ករណី​បៀត​បៀន​ចំនួន​ ៣២ ​ករណី ​លើ​អ្នក​កាសែត​ប្រមាណ​ ៥៩ ​នាក់ ក្នុង​នោះ​ ៦ ​នាក់​ជា​អ្នកកាសែត​ស្ត្រី។ យ៉ាង​ហោច​ណាស់​អ្នក​កាសែត​ ៥ ​នាក់​ត្រូវ​បាន​ប្តឹង និង​ចោទ​ប្រកាន់​ ដែល​បណ្តាល​ឱ្យ​មាន​ការ​ជាប់​ពន្ធនាគារ ឬ​ឃុំខ្លួន ហើយ​លទ្ធផល​នេះ​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដាក់​កម្រិត​លើ​ទិដ្ឋភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​មូល​ផង​ដែរ។

ខេមបូចា​បញ្ជាក់​ក្នុង​របាយ​ការណ៍​ថា៖ «បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ ​២០២២ ការ​គំរាម​កំហែង​ផ្នែក​ច្បាប់​បាន​កើន​ឡើង​ ១១៤% ដែល​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លំហសេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស ហើយ​របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ករណី​នៃ​ការ​បំភិត​បំភ័យ​ផ្នែក​ច្បាប់​ចំនួន ១៥ ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ក្នុង​ឆ្នាំ​ ២០២៣ ដែល​កើន​ឡើង​ទ្វេដង​នៃ​ចំនួន​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០២២ ដែល​រួម​មាន​បណ្តឹង ការ​គំរាម​កំហែង​ផ្នែក​ច្បាប់ និង​ការ​កោះហៅ​ជាដើម»។

នាយក​ប្រតិបត្តិ​ខេមបូចា​ លោក​ ណុប វី​ ប្រាប់​វីអូអេ​ថា ​នៅ​ពេល​ដែល​មាន​ការ​យាយី​ទៅ​លើ​អ្នក​សារព័ត៌មាន​ វា​បាន​បង្ក​ជា​ផល​ប៉ះ​ពាល់​ជាច្រើន​ទៅ​លើ​ការ​អនុវត្ត​ការងារ​របស់​ពួកគេ និង​ការ​សរសេរ​អត្ថបទ​សម្រាប់​បោះ​ពុម្ព​ដែល​ជា​ផ្នែក​មួយ​សំខាន់​ដល់​ការ​រួម​ចំណែក​ការអភិវឌ្ឍ និង​តម្លាភាព​សង្គម។ លោក​បន្ត​ថា​ ការណ៍​នេះ​ក៏​ជះ​ឥទ្ធិពល​មួយ​ចំនួន​ផង​ដែរ​ដល់ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​មួយ​ដែល​គ្រប់​ជ្រុង​ជ្រាយ។

លោក​ថ្លែង​ថា៖ «មួយ​វិញ​ទៀត វា​ក៏​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ជា​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​គឺ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​មិន​មាន​ពេល​វេលា មិន​មាន​សមត្ថភាព ឬ​លទ្ធភាព​គ្រប់​គ្រាន់​នៅ​ក្នុង​សរសេរ​ព័ត៌មាន​ស៊ីជម្រៅ​ ព័ត៌មាន​ដែល​មាន​គុណភាព​ជួយ​ទៅ​ដល់​សង្គម​ហ្នឹង ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក៏​មិន​អាច​ទទួល​បាន​ព័ត៌មាន​អំពី​ទិដ្ឋភាព​ផ្សេងៗ​នៅ​ក្នុង​សង្គម​ហ្នឹង​ឱ្យ​បាន​ពេញ​លេញ ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រាយ»។

លោក ណុប វី ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ស្វែង​រក​យុត្តិធម៌​ទៅ​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ករណី​ពួកគេ​ទទួល​រង​ការ​យាយី​ និង​គំរាម​កំហែង​ណា​មួយ ក៏​ដូច​ជា​បញ្ចប់​និទណ្ឌភាព​ដែល​កើត​មាន​ឡើង​ចំពោះ​អ្នក​សារព័ត៌មាន​កន្លង​មក។

លោក អ៊ុង ថំាវំាង អាយុ ៥៧ ​ឆ្នាំ ចាងហ្វាង​សារព័ត៌មាន​ខ្មែរ​ជាយ​ដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​របាយការណ៍​របស់​ខេមបូចា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​ឃុំ​ខ្លួន​ភា្លមៗ បន្ទាប់​ពី​លោក​បាន​ចុះ​ផ្សាយ​អត្ថបទ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​ដែល​បាន​កើត​ឡើង​នៅ​ស្ថាប័ន​ពីរ​គឺ​មន្ទីរ​ពេទ្យ​ក្រុង​ប៉ោយប៉ែត និង​ពន្ធដារ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ថ្ងៃទី ​១៣ ខែ​កុម្ភៈ ឆ្នាំ​ ២០២២។ លោក​បន្ថែម​ថា ​ការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​ ៣ ខែ​នេះ គឺ​មិន​បាន​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ឱ្យ​ត្រឹមត្រូវ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «នេះ​ជា​សកម្មភាព​មួយ​ដែល​ល្មើស​នឹង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ ទោះបីជា​ក្នុង​ករណី​ហ្នឹង​ក៏ដោយ ​យើង​យល់​ឃើញ​ថា​ ស្ថាប័ន​ច្បាប់​គួរ​តែ​សិក្សា​អំពី​របប​សារព័ត៌មាន​មុន​នឹង​ធ្វើ​បាប​អ្នក​សារព័តមាន​។ កុំ​លើក​ឡើង​អី​ក៏​ចោទ​អ្នក​ព័ត៌មាន​តាម​មាត្រា​របស់​ខ្លួន​ដែល​មាន ​៤៩៤ និង​៤៩៥​ ពីបទ​ញុះញង់​ រឿង​ហ្នឹង​គឺ​យើង​ទទួល​យក​អត់​បាន​ទេ»។

លោក​ក៏​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​មក​លើ​អ្នកសារព័ត៌មាន ហើយ​ត្រួត​ពិនិត្យ​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ដោយ​យក​វា​មក​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។

របាយការណ៍​របស់​ខេមបូចា​បញ្ជាក់​ទៀត​ថា ​ការ​កាត់​ទោស​ព្រហ្មទណ្ឌ​គួរ​តែ​មិន​ត្រូវ​បាន​ប្រើ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន ប៉ុន្តែ​ការ​គំរាម​កំហែង​តាម​សកម្មភាព​ផ្លូវ​ច្បាប់​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដោយ​វា​អាច​នាំ​ឱ្យ​មាន​ការ​បំបិទ​សំឡេង​របស់​អ្នក​សារព័ត៌មាននិង​ធ្វើ​ឱ្យ​មាន​ការ​ដាក់​ពិរុទ្ធ​លើ​ខ្លួន​ឯង។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អស្នារិទ្ធ ប្រាប់​វីអូអេ​ថា តាម​ទិន្នន័យ​របស់​ក្រសួង​ព័ត៌មាន ក្នុង​ឆ្នាំ ​២០២៣ អ្នក​សារព័ត៌មាន និង​អង្គភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ពេញ​លេញ​ពី​គ្រប់​ទិស​ទីទូទាំង​ប្រទេស។ លោក​បន្ត​ថា ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព និង​ស្ថានភាព​អ្នក​សារ​ព័ត៌មាន​ពី​សំណាក់​អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន ក៏​ដូចជា​ស្ថាប័ន​ផ្សេង​ទៀត​នៅ​កម្ពុជា ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ទាំង​អស់​គ្នា ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​អាជីព​សារព័ត៌មាន និង​តម្លៃ​វិជ្ជាជីវៈ។

លោក​ថ្លែង​ថា៖ «អ្នក​សារព័ត៌មាន​ចំនួន​ប្រមាណ​មួយម៉ឺននាក់​ ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ប្រពៃណី និង​ទំនើប​ចំនួន​ជាង​ពីរពាន់ បាន​នឹង​កំពុង​អនុវត្ត​ការងារ​ចុះ​យក​ព័ត៌មាន ផលិត​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់​ទាំង​អស់ ក៏ដូចជា​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​នានា​បាន​ដោយ​សេរី គ្រប់​ពេល​វេលា ដោយ​សុវត្ថិភាព តាម​វិជ្ជាជីវៈ​ខ្លួន​ដោយ​តម្លាភាព ហើយ​ទទួល​បាន​ការ​ទុកចិត្ត​ និង​ការ​គាំទ្រ​ពី​សាធារណជន​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់»។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បញ្ជាក់​កាល​ពី​កន្លង​ទៅ​ថា សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​តែង​តែ​ត្រូវ​បាន​លើក​កម្ពស់​ដោយ​រដ្ឋាភិបាល​គ្រប់​អាណតិ្ត។

កាល​ពី​ចុង​ឆ្នាំ​ ២០២៣ ក្នុង​វេទិកា​និពន្ធ​នាយក​លើក​ទី ​២០ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត ថ្លែង​ថា​ សមិទ្ធផល និង​ជោគជ័យ​របស់​រដ្ឋាភិបាល​រហូត​មក​ដល់​ពេល​នេះ គឺ​បាន​មក​ពី​ការ​ចូល​រួម​ពី​អ្នក​សារព័ត៌មាន​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល។ លោក​បន្ត​ថា​រដ្ឋាភិបាល​តែង​តែ​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារ​ព័ត៌មាន ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កសាង​សមត្ថ​ភាព​បន្ថែម​ទៀត​ក្នុង​វិស័យ​សារព័ត៌មាន ក៏​ដូចជា​ការ​ពង្រឹង​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ផងដែរ។

ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ សមាគម​ខេមបូចា​ក៏​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់​ព័ន្ធ ចៀស​វាង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន បញ្ចប់​និទណ្ឌភាព​ដោយ​ការ​ស៊ើបអង្កេត កាត់​ទោស និង​ដោះ​ស្រាយ​ករណី​ហិង្សា​លើ​អ្នក​សារព័ត៌មាន​ភ្លាមៗ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ហើយ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ឱ្យ​ស្រប​តាម​ស្តង់ដារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​អន្តរជាតិ និង​លុប​ចោល​ប្រកាស​របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​គ្មាន​ដំណើរ​ការ​នីតិវិធី​តុលាការ។

គួរ​បញ្ជាក់​ថា ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border) ​បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧ ​ក្នុង​ចំណោម​ ១៨០ ​ប្រទេស ​នៅ​ឆ្នាំ ​២០២៣​ ដែល​មាន​ន័យ​ថា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG