Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ថ្មី៖ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បារម្ភ​ពី​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព


រូបឯកសារ៖ ស្ត្រីម្នាក់ប្រើកុំព្យូព័រ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។
រូបឯកសារ៖ ស្ត្រីម្នាក់ប្រើកុំព្យូព័រ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សមាគម​សម័្ពន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ឬ​ហៅ​កាត់​ថា​ខេមបូចា​បង្ហាញ​អំពី​ការ​ព្រួយ​បារម្ភ​របស់​អ្នកសារព័ត៌មាន សកម្មជន និង​ប្រជាពលរដ្ឋ​ទូទៅ​ចំពោះ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ពួកគេ​ក៏​បារម្ភ​អំពី​ការ​គំរាម​កំហែង​សិទ្ធិ​ឌីជីថល​ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់។

របាយការណ៍​ថ្មី​នេះ​មាន​ចំណង​ជើង​ថា ​«ផល​ប៉ះពាល់​នៃ​ការ​រឹត​ត្បិត​សិទ្ធិ​ឌីជីថល​លើ​សេរីភាព​សារព័ត៌មាន និង​សេរី​ភាព​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​សកម្ម​នៅ​លើ​អ៊ីនធឺណិត» ​ដែលត្រូវបាន​ចងក្រង​ឡើង​ដោយ​ការ​ស្ទង់​មតិ​ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធប្រមាណ ​២០០​នាក់​ រួម​មាន​អ្នកសារព័ត៌មាន​ សកម្មជន​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដោយ​ក្នុង​នោះ​មាន​ចំនួន ​៦​នាក់ ​ដែល​តំណាង​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នេះ។

បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ចូល​រួម​ស្ទង់​មតិ​យល់​ឃើញ​ថា ​សេរី​ភាព​លើ​អ៊ីនធឺណិត​នៅ​តែ​រឹតត្បិត ដោយ​សារ​តែ​ការ​ឃ្លាំ​មើល​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​មក​លើ​អ្នក​សារព័ត៌មាន និង​សកម្មជន​សង្គម ក្នុង​ការ​សម្តែង​មតិ​របស់​ពួកគេ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។ ពួកគេ​ទាំង​នោះ​ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍ ដើម្បី​រឹត​ត្បិត​សកម្មភាព​លើ​បណ្តាញ​អ៊ីនធឺណិត ដោយ​បង្ហាញ​កង្វល់​ជុំវិញ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដែល​អាច​កើត​មាន​មក​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។

របាយ​ការណ៍​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «អ្នក​ឆ្លើយ​សំណួរ​ភាគ​ច្រើន​បាន​សម្តែង​ការ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​ឧបករណ៍​ច្បាប់​របស់​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​សកម្មភាព​អ៊ីនធឺណិត និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើត​មាន​នៃ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធឺណិត»។

ជិត​ពាក់​កណ្តាល​ ឬ​ស្មើ​នឹង ​៤៥,៦% ​នៃ​អ្នក​ស្ទង់​មតិ​បាន​ឆ្លើយ​ថា «យល់ស្រប​ទាំងស្រុង» ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ដែល​ថា​ រដ្ឋាភិបាល​ចាត់​វិធានការ​ត្រួត​ពិនិត្យ​សេរី​ភាព​នៃ​ការ​បញ្ចេញមតិ​នៅ​លើ​អ៊ីនធឺណិត។ ចំណែក​ ៤៧,៤% មាន​ការ​សង្ស័យ​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ច្បាប់ ដើម្បី​រឹត​បន្តឹង​សកម្មភាព​របស់​អ្នក​សារព័ត៌មាន​តាម​អ៊ីនធឺណិត។ នេះ​បើ​តាម​របាយការណ៍។

នាយក​ប្រតិបត្តិ​នៃ​សមាគមខេមបូចា លោក ណុប វី ប្រាប់​វីអូអេ​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​អ៊ីនធឺណិត​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​មាតិកា​របស់​ខ្លួន។ ដូច្នេះ​លោក​ថា ​កាល​ណា​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រឹតត្បិត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ នោះ​វា​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ទៅ​ដល់​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​របស់ប្រជាពលរដ្ឋ​ទូទៅ។

ពាក់​ព័ន្ធ​នឹង​អនុក្រឹត្យ​ស្តី​ពី​ច្រក​ទា្វរ​អ៊ីនធឺណិត​ជាតិ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០២១ លោក ណុប វី មើល​ឃើញ​ថា​ មាន​ចំណុច​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាច្រើន​ ជាពិសេស​សិទ្ធិ​របស់​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ ដែល​ពួកគេ​អាច​តាម​ដាន​ឃ្លាំមើល​សកម្ម​ភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​របស់​អ្នក​ប្រើប្រាស់។

លោក​ថ្លែង​ថា៖ «កាលណា​និយាយ​អំពី​អ្នក​ប្រើប្រាស់ មាន​ន័យ​ថា ​អ្នក​សារព័ត៌មាន​ក៏​ជា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ដែរ។ កាល​ណា​គាត់​ឃ្លាំ​មើល​ គាត់​តាម​ដាន​អ៊ីចឹង​វា​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឈ្លប​តាម​ដាន​យក​ព័ត៌មាន​អី​ផ្សេងៗ អ៊ីចឹង​ដែល​វា​ប៉ះពាល់​ទៅ​ដល់​អ្នកសារព័ត៌មាន។ មួយ​វិញ​ទៀត​ការ​ដែល​មាន​សិទ្ធិ​ទៅ​បញ្ចប់ ឬ​ផ្អាក​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​ជា​ចំណុច​មួយ​ចែង​នៅ​ក្នុង​ខ្លឹមសារ​អនុក្រឹត្យស្តីពី​ច្រក​ទា្វរ​អ៊ីនធឺណិត​ជាតិ​ដែរ»។

លោក ណុប វី ក៏​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​បន្ថែម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​រដ្ឋាភិបាល ដើម្បី​ឱ្យ​មាន​ការ​ពន្យល់​ច្បាស់​លាស់ពី​អនុក្រឹត្យ​ស្តីពី​ច្រក​ទា្វរ​អ៊ីនធឺណិត​ជាតិ​នេះ ដោយ​សារ​តែ​អាច​ប៉ះពាល់​ទៅ​ដល់​លំហ​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អនុក្រឹត្យ​ស្តី​ពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ ​២០២១ ហើយ​ចាប់​តាំង​ពី​ការ​ដាក់​ចេញ​នូវ​អនុក្រឹត្យ​នេះ​មក អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ អង្គការ​គាំពារ​ផ្នែក​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត ​អ្នក​តាម​ដាន​សង្គម ​និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បង្ហាញ​មន្ទិល​និង​ក្តី​កង្វល់​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​និង​វិសាល​ភាព​នៃ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ។ អនុក្រឹត្យ​នោះ​បាន​បញ្ជាក់​ថា​ ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​មាន​គោល​បំណង​សម្រប​សម្រួល និង​គ្រប់គ្រង​ការ​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​និង​ការ​កៀរគរ​ចំណូល​ជាតិ ការពារ​សន្តិសុខ​ជាតិ និង​ការ​ថែរក្សា​របៀបរៀប​រយ​សណ្ដាប់​ធ្នាប់​សង្គម សីលធម៌ វប្បធម៌ និង​ទំនៀមទម្លាប់​តែ​ប៉ុណ្ណោះ។

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីន​ធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន ក្នុង​នោះ​មាន​សារព័ត៌មាន​អាស៊ីសេរី The Cambodia Daily និង​គេហទំព័រ​កំណត់ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរ​ការ​កាល​ពី​ឆ្នាំ​មុន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សូ វិសុទ្ធី និង​លោក លីវ សុផាណារិទ្ធ បាន​នៅ​ឡើយ​ទេ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ចោទ​ជា​សំណួរ​ទៅ​កាន់​អ្នក​ធ្វើ​របាយ​ការណ៍​ និង​អ្នក​ព្រួយ​បារម្ភ ពាក់ព័ន្ធ​នឹង​សេរីភាព​អ៊ីន​ធឺណិត​នៅ​កម្ពុជា​ថា​តើ​ពួកគេ​ចង់​បាន​សេរីភាព​បែ​បណា។ លោក​បាន​លើក​ឡើង​អំពី​ «សេរីភាព​បែប​អាណាធិបតេយ្យ» «គ្មាន​ការ​ទទួល​ខុស​ត្រូវ» និង​មិន​ស្រប​ទៅ​តាម​ក្រប​ខណ្ឌ​ច្បាប់​ និង​សីលធម៌។

លោក​បញ្ជាក់ថា៖ «បើ​នរណា​ប្រព្រឹត្តខុស​ច្បាប់​ ច្បាប់​នឹង​មា​នវិធានការ​ បើ​បំពានអ្នកដទៃ​ អ្នក​ដែល​រង​ការ​បំពាន​នោះ គេ​ច្បាស់ជា​ការ​ពារ​ខ្លួន​តាមផ្លូវ​ច្បាប់។ ប៉ុន្តែ​ប្រសិន​បើ​ចង់​បាន​សេរី​ភាព​មួយ​ដែល​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវ​ ប្រកប​ដោយ​ក្រម​សីលធម៌ និង​គោរ​ព​សិទ្ធិ​អ្នក​ដទៃ​ គោរព​ច្បាប់​របស់​ប្រទេស នោះ​សេរីភាព​បញ្ចេញ​មតិ​បែប​នេះ​ ពិតជា​មាន​គ្រប់​គ្រាន់​ និង​យ៉ាង​ទូលំទូលាយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

របាយ​ការណ៍​ដែល​សិក្សា​ដោយ​សមាគម​ខេមបូចា​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋា​ភិបាល ក្នុង​នោះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​គោរព​វិជ្ជា​ជីវៈ​អ្នកសា​រព័ត៌មាន ខណៈ​ជំរុញ​ឱ្យ​មាន​យន្តការ​ជាក់​លាក់ ដើម្បី​ស៊ើប​អង្កេត​ និង​ការពារ​ទិន្នន័យ​ឯក​ជន​ភាព​ដែល​ទទួល​បាន​ដោយ​វិស័យ​ឯកជន។ របាយ​ការណ៍​ខេម​បូចា​ក៏​ស្នើ​ឱ្យ​បង្កើត​អាជ្ញាធរ​ដែល​គ្រប់គ្រង​ការ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មួយ ព្រម​ទាំង​អប់រំ​សា​ធារ​ណៈ​ឱ្យ​យល់​ដឹង​ពី​ការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ។

អង្គការ​ Freedom House ដែល​ជា​ស្ថាប័ន​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស និងដំណើរ​ការ​ប្រជា​ធិប​តេយ្យ​នៅ​ទូទាំង​សកល​លោក​បាន​វាយតម្លៃ​ថា​ប្រទេស​កម្ពុជា​មិន​សេរី (Not Free) ដែល​ទទួល​បាន​ពិន្ទុ​ ២៤/១០០ ដំណាល​ពេល​មាន​ការ​គាបសង្កត់​លើ​ក្រុម​អ្នក​នយោ​បាយ​ជំទាស់​ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ដំណើរការ​មិន​ទៅ​មុខ​នៃ​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​សេរី​នៅ​ក្នុង​ប្រទេស។ នេះ​បើ​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ​២០២៣៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG