Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ឈ្នះការបោះឆ្នោតក្នុងប្រទេសរុស្ស៊ីដោយគ្មានគូប្រឆាំង


ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ថ្លែងសុន្ទរកថា​បន្ទាប់ពី​មណ្ឌលបោះឆ្នោតបានបិទសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ថ្លែងសុន្ទរកថា​បន្ទាប់ពី​មណ្ឌលបោះឆ្នោតបានបិទសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតី​រុស្ស៊ី​លោក​ ​Vladimir Putin បានអបអរជ័យជម្នះ​សម្រាប់​ការ​កាន់​អំណាច​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ជា​ថ្មី​ម្តង​ទៀត​ ក្រោយ​ការ​បោះឆ្នោត​មួយ ដែល​មិន​បាន​ផ្តល់​ជម្រើសផ្សេងឱ្យពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ដោយ​សារ​តែ​ការ​បំភិតបំភ័យ​ឬ​ការ​ចាប់​ក្រុម​អ្នក​ប្រឆំាង​សំខាន់ៗ​ជា​ច្រើន​នាក់​ដាក់ពន្ធនាគារ​។​

លោក​ Putin បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​ចាត់ទុក​ការ​បោះឆ្នោត​នេះ​មាន​លទ្ធិ​ប្រជាធិបតេយ្យនិង​បាន​ទាត់ចោលអ្នក​ដែលតវ៉ា​ប្រឆាំងការ​បោះឆ្នោត​នេះ។

ការ​បោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​ដែលមាន​រយៈពេល ៣ ​ថ្ងៃ​ បាន​ចាប់​ផ្តើម​ធ្វើឡើង​កាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ​ដើម្បី​បន្ត​អំណាចដឹកនាំ​របស់​លោក Putin អស់​រយៈពេល​ ២៤ ​ឆ្នាំមកហើយ​។ ការ​បោះឆ្នោត​នេះបាន​ប្រព្រឹត្តទៅនៅ​ក្រោម​បរិយាកាស​គ្រប់គ្រង​ដ៏​តឹងរ៉ឹង​ ដោយមិន​អនុញ្ញាតឱ្យ​មាន​ការរិះគន់​លោក​ Putin ជា​សាធារណៈ ឬ​ពី​សង្គ្រាម​របស់​លោក​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។ ​

លទ្ធផលរបស់​គណៈកម្មការ​កណ្តាលរៀបចំ​ការបោះឆ្នោតរុស្ស៊ីបាន​បង្ហាញ​ថា​ លោក Putin បាន​ទទួល​សំឡេង​ឆ្នោត​ ៨៧ ភាគរយ។​

ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters រាយការណ៍​ថា បេក្ខជនកុម្មុយនីស្ត​លោក Nikolai Kharitonov ទទួល​បាន​សំឡេង​គាំទ្រ​លំដាប់​ទី ​២​ ដោយ​មាន​សំឡេង​ឆ្នោត​តែ ​៤ ភាគរយ​ប៉ុណ្ណោះ​ ហើយ​អ្នក​នយោបាយ​ថ្មី​លោក ​Vladislav Davankov ទទួល​បាន​សំឡេង​ឆ្នោតលំដាប់ទី​ ៣​ និង​អ្នកជាតិ​និយម​ជ្រុល​លោក​ Leonid Slutsky ទទួល​បាន​សំឡេងលំដាប់ទី ៤។ ​

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទករថា​ប្រចាំ​រាត្រីរបស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​លោក​ Putin​ ជា​ជន​ ​«ញៀន​នឹង​អំណាច»។

ដោយ​ឡែក​រដ្ឋមន្ត្រីការបរទេស​ចក្រភពអង់គ្លេស​លោក ​David Cameron បាន​រិះគន់​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​រុស្ស៊ីថា​ «ជា​ការ​ខ្វះ​ជម្រើស​មួយ​សម្រាប់​អ្នក​បោះឆ្នោត» ក៏​ដូច​ជា​គ្មាន​ការ​ត្រួតពិនិត្យ​ជា​ឯករាជ្យណា​មួយ​ឡើយ​ ពី​អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប។ ​

មេដឹកនាំ​ចិន​បានអបអរសាទរជ័យជម្នះ​របស់​លោក​ Putin ដោយ​គូសបញ្ជាក់​ពី​ចំណងទាក់ទង​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​។​ ​

ទន្ទឹម​នឹង​នេះ​ដែរ​ មេដឹកនាំ​កូរ៉េខាង​ជើង​ ហុងឌូរ៉ាស​ នីការ៉ាហ្កា​ និង​វ៉េណេហ្ស៊ុយអេឡា​ ក៏​បាន​ចេញ​សារអបអរ​សារទរ​ជ័យជម្នះ​របស់​លោក Putin ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​របាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន​ The Associated Press ទីភ្នាក់ងារ​សារព័ត៌មាន​ Agence France-Presse និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG