Svoboda | Graniru | BBC Russia | Golosameriki | Facebook

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីបានចាត់ទុកវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពជា «អង្គភាពមិនគួរស្វាគមន៍»


រូបឯកសារ៖ ទិដ្ឋភាព​ការិយាល័យ​របស់វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព (RFE/RL)​ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ទិដ្ឋភាព​ការិយាល័យ​របស់វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព (RFE/RL)​ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

រុស្ស៊ី​បាន​អនុម័ត​ច្បាប់«អង្គភាព​មិន​គួរ​ស្វាគមន៍» ក្នុង​ឆ្នាំ ២០១៥ និង​បាន​ចាត់​ទុក​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ជា«អង្គភាព​មិន​គួរ​ស្វាគមន៍»ចាប់​តាំង​ពី​ឆ្នាំ ២០២១ ​មក។ វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព (RFE/RL) ស្ថិត​ក្នុង​លេខ​រៀង​ទី ១៤២ ដែល​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី«អង្គការ​មិន​គួរ​ស្វាគមន៍»នេះ។

រដ្ឋាភិបាល​រុស្ស៊ី​កាលពី​ថ្ងៃអង្គារ ទី ២០ ខែកុម្ភៈ បាន​ចាត់​ទុកវិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព​RFE/RL ដែល​ជា​សម្ព័ន្ធ​នឹង​វីអូអេ​ជា «អង្គការ​មិន​គួរ​ស្វាគមន៍» ក្នុង​ចំណាត់ការ​ដែល​បង្ហាញ​ពី​ការគាប​សង្កត់​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង។

សារព័ត៌មាន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រាក​បាន​រាយការណ៍​ថា ការចាត់​ទុក​បែប​នេះ​បើក​ផ្លូវ​ឱ្យ​មាន​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ដល់​បុគ្គលិក​វិទ្យុ RFE/RL ម្ចាស់​ជំនួយ​និង​ប្រភព​ផ្តល់​ព័ត៌មាន​នានា។

សារព័ត៌មាន​នេះ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ «អង្គការ​មិន​គួរ​ស្វាគមន៍» ដែល​កាន់កាប់​ដោយ​ក្រសួង​យុត្តិធម៌​របស់​រុស្ស៊ី ដោយ​ស្ថិត​ក្នុង​លេខរៀង​ទី ១៤២ ដែល​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​បែប​នេះ។

ប្រធាន​វិទ្យុ RFE/RL លោក Stephen Capus ថ្លែង​ថា ការធ្វើ​ចំណាត់ថ្នាក់​នេះ«គ្រាន់​តែ​ជា​ឧទាហរណ៍​ថ្មីៗបង្អស់​ដែល​បង្ហាញ​ពី​វិធី​រដ្ឋាភិបាល​រុស្ស៊ី​ចាត់​ទុក​ការរាយការណ៍​ការ​ពិត​ថា​ជា​ការគំរាមកំហែង​ខ្លាំងក្លា​មួយ»។

លោក Capus បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ពលរដ្ឋ​រុស្ស៊ី​រាប់​លាន​នាក់​បាន​ពឹងផ្អែក​លើ​ពួកយើង​អស់​ជាច្រើន​ទសវត្ស​មក​ហើយ ដោយ​មាន​ទស្សនិកជន​យ៉ាង​ច្រើន​ដែល​មិន​ធ្លាប់​មាន​ក្នុង​កំណត់ត្រា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ចាប់​តាំង​ពី​ការស្លាប់​របស់​លោក Aleksei Navalny ហើយ​ការប៉ុនប៉ង​រារាំង​ពួកយើង​នឹង​ធ្វើ​ឱ្យ​វិទ្យុ RFE/RL ខិតខំ​កាន់​តែ​ខ្លាំង​ក្នុង​ការនាំ​យក​ព័ត៌មាន​ឯករាជ្យ​និង​សេរី​មក​ឱ្យ​ពលរដ្ឋ​រុស្ស៊ី»។

ស្ថានទូត​រុស្ស៊ី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​អ៊ីមែល​វីអូអេ​ ដែល​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​នោះ​ទេ។

ច្បាប់ «អង្គការ​មិន​គួរ​ស្វាគមន៍» របស់​រុស្ស៊ី​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ ២០១៥។ អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ត្រូវ​បាន​ចាត់​ទុក​ថា «មិន​គួរ​ស្វាគមន៍» ចាប់តាំង​ពី​ឆ្នាំ ២០២១​មក នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន។ ក្នុង​ចំណោម​ពួកគេ​មាន​សារព័ត៌មាន Meduza សារព័ត៌មាន Novaya Gazeta Europe និង​សារព័ត៌មាន Bellingcat។

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​កំណត់​គោលដៅ​លើ​វិទ្យុ RFE/RL អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

នៅ​ឆ្នាំ ២០១៧ អាជ្ញាធរ​រុស្ស៊ី​បាន​ចាត់​ទុក​សារព័ត៌មាន​នេះ​ជា«ភ្នាក់ងារ​បរទេស»។ ចាប់​តាំង​ពី​ពេល​នោះ​មក វិទ្យុ RFE/RL បាន​បដិសេធ​មិន​បង់​ប្រាក់​ពិន័យ​ជាច្រើន​ដែល​សរុប​ជាង ១៤ លាន​ដុល្លារ​ចំពោះ​ការមិន​គោរព​តាម​ច្បាប់​នោះ។

ច្បាប់​ភ្នាក់ងារ​បរទេស​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ ២០១២ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក ច្បាប់​នោះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កំណត់​ក្រុម​និង​បុគ្គល​ដែល​រិះគន់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង។ រុស្ស៊ី​ក៏​បាន​ប្រកាស​ថាវីអូអេ​ជា​ភ្នាក់ងារ​បរទេស​ដែរ។

បុគ្គលិក​វិទ្យុ RFE/RL ជាង ៣០ នាក់ ​ក៏​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ជា«ភ្នាក់ងារ​បរទេស»ផង​ដែរ។

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ RFE/RL អ្នកស្រី Alsu Kurmasheva ត្រូវ​បាន​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​ខែតុលា ឆ្នាំ ២០២៣ ក្រោម​បទ​ចោទប្រកាន់​ថាមិន​បាន​ចុះ​បញ្ជី​ជា«ភ្នាក់ងារ​បរទេស»។

អ្នកស្រី Kurmasheva ដែល​មាន​សញ្ជាតិ​ពីរ​គឺ​អាមេរិក និង​រុស្ស៊ី​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​ក្នុង​ខែឧសភា ឆ្នាំ ២០២៣ ដោយសារ​មាន​បញ្ហា​គ្រួសារ​បន្ទាន់។ នៅ​ពេល​ដែល​អ្នកស្រី​ព្យាយាម​ចាកចេញ​ពី​ប្រទេស​ក្នុង​ខែមិថុនា លិខិត​ឆ្លងដែន​របស់​អ្នកស្រី​ត្រូវ​បាន​រឹបអូស។ អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ខណៈ​ពេល​រង់ចាំ​យក​លិខិត​ឆ្លង​ដែន​វិញ។

ក្រៅ​ពី​បទ​ចោទ​ថា​ជា​ភ្នាក់ងារ​បរទេស អ្នកស្រី Kurmasheva ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កងទ័ព​រុស្ស៊ី​ផង​ដែរ។ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស អ្នកស្រី​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ។

អ្នកស្រី Kurmasheva និង​និយោជក​របស់​អ្នកស្រី​បដិសេធ​ការ​ចោទប្រកាន់​លើ​អ្នកស្រី៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG